សហគមន៍អន្តរជាតិជ្រោមជ្រែងផ្តល់ជំនួយដល់លីបង់ ក្រោយហេតុការណ៍ផ្ទុះនៅកំពង់ផែបេរូត
៥ថ្ងៃក្រោយ ហេតុការណ៍ផ្ទុះនៅកំពង់ផែបេរូត ដែលបានសម្លាប់មនុស្ស ១៥៤នាក់ និងបំផ្លាញទីក្រុងបេរូត អស់ពាក់កណ្តាល ប្រទេសបារាំង រួមជាមួយអង្គការសហប្រជាជាតិ បានបើកសន្និសីទតាមវីដេអូ មួយ នៅថ្ងៃអាទិត្យនេះ ដើម្បី ស្វែងរកជំនួយ ជួយប្រទេសលីបង់។ នៅមុនជួបគ្រោះអាក្រក់ ដូចជាហេតុការណ៍ ផ្ទុះនៅកំពង់ផែ បេរូត លីបង់ បានធ្លាក់ខ្លួន ក្នុងវិបត្តិសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃ ជាយូរឆ្នាំមកហើយ បូកផ្សំនឹងទុក្ខមួយជាន់ទៀត គឺជំងឺកូវីដ ដែលកំពុងឆ្លងរីករាលខ្លាំងណាស់នៅក្នុងប្រទេស។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤២
បារាំងនិងអង្គការសហប្រជាជាតិបានរៀបចំ វីដេអូសន្និសីទអន្តរជាតិ នៅថ្ងៃអាទិត្យសម្រាប់ស្វែងរកជំនាន់បន្ទាន់សម្រាប់ប្រជាជនលីបង់ ដែលបានរងគ្រោះ ដោយសារហេតុការណ៍ផ្ទុះនៅកំពង់ផែបេរូត កាលពីថ្ងៃអង្គារ ទី ៤សីហា។
នៅក្នុងសុន្ទរកថា បើកសម្ពោធវីដេអូសន្និសីទ ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំរបស់បណ្តាប្រទសអារ៉ាប់ និងអឺរ៉ុប ចំនួន ១៥នាក់ផ្សេងទៀត លោកប្រធានាធិបតីបារាំង ម៉ាក្រុង បានអំពាវនាវឲ្យសហគមន៍ អន្តរជាតិ “ធ្វើសកម្មភាពលឿន និងមានប្រសិទ្ធិភាព” ដើម្បីផ្តល់ជំនួយផ្ទាល់ ដល់ប្រជាជនលីបង់។ ប្រធានាធិបតីបារាំងបានទាមទារផងដែរ ឲ្យមានការស៊ើបអង្កេត ឯករាជ្យ អព្យាក្រឹតដើម្បីស្វែងរកអ្នកទទួលខុសត្រូវ នៃហេតុការណ៍ផ្ទុះ នៅកំពង់ផែបេរូត។
នៅថ្ងៃសៅរ៍ ពោលគឺនៅ៤ថ្ងៃក្រោយ នៃហេតុការណ៍ផ្ទុះនៅកំពង់ផែបេរូត ប្រជាជនលីបង់រាប់ម៉ឺននាក់ បានធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលបច្ចុប្បន្ន ចុះចេញពីតំណែង។ តាមអង្គការកាកបាទក្រហមងន្តរជាតិ មនុស្សជាង ២០០នាក់រងរបួស នៅក្នុងការប៉ះទង្គិចដ៏ហិង្សា ជាមួយកម្លាំងប៉ូលិស និងទាហាន លីបង់។
នៅក្នុងបាតុកម្ម ប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃម្សិលមិញ ក្រៅតែពីមានការប្រមូលផ្តុំនៅទីលានដើម្បីវីរជន នៅកណ្តាលទីក្រុងបេរូត បាតុករជាង ២០០នាក់ ដែលដឹកនាំដោយអតីតមន្រ្តីទាហានចូលនិវត្តន៍លីបង់ បានព្យាយាមសម្រុកចូលកាន់កាប់ ក្រសួង ការបរទេស ក្រសួងសេដ្ឋកិច្ច និងក្រសួងថាមពល ដែលតំណាងឲ្យការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាល។ បណ្តាធនាគារវិញក៏ក្លាយជាផ្ទាំងស៊ីបរបស់បាតុករដែរ នៅបន្ទាប់ពីធនាគាររឹតបន្តឹង ការដក និងផ្ញើលុយទៅបរទេសជាដើម។
តាមកងទ័ពលីបង់ ក្រុមបាតុករ បានចូលកាន់កាប់ក្រសួងរបស់រដ្ឋាភិបាលបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងត្រូវប៉ូលិស ទាហានចាប់បណ្តេញចេញ នៅល្ងាចថ្ងៃសៅរ៍។ ការប៉ះទង្គិចគ្នាដ៏ហិង្សា រវាងបាតុករ និងប៉ូលិស លីបង់ បានធ្វើឲ្យមនុស្សរងរបួស ជាង២០០នាក់ និងប៉ូលិសម្នាក់ស្លាប់។ ប្រជាជនលីបង់ មិនថា ប្រុសស្រី ចាស់ក្មេង ចូលរួមក្នុងបាតុកម្ម ដុតរូបប្រធានាធិបតីលីបង់ ដើម្បីសំដែងកំហឹង សងសឹក រដ្ឋាភិបាល ដែលពួកគេចោទប្រកាន់ថា ពុករលួយ អសមត្ថភាពដឹកនាំ រហូតធ្វើឲ្យលីបង់ ត្រូវធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃ មិនធ្លាប់មាន រួមផ្សំនឹងជំងឺកូវីដ ហើយចុងក្រោយ នេះ គឺ ហេតុការណ៍ផ្ទុះ នៅកំពង់ផែ ដែលមានស្តុកសារធាតុផ្ទុះ អាម៉ូញ៉ូម នីត្រាតដល់ទៅ ជាង ២៤០០តោន។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ នាយករដ្ឋមន្រ្តីលីបង់ លោក ហាសាន់ ដ្យាប បានប្រកាសថា លោកបានស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិ ដើម្បីចាកចេញពីវិបត្តិលើកនេះ។ នៅក្រោយហេតុការណ៍ផ្ទុះ នៅកំពង់ផែបេរូត សមាជិកសភាលីបង់ ៦នាក់ បានប្រកាសចុះចេញពីមុខតំណែង តាំងពីល្ងាចថ្ងៃសៅរ៍។ នៅព្រឹកថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលីបង់ បានក្លាយជាសមាជិករដ្ឋាភិបាលដំបូងគេដែលបានប្រកាសលាលែងមុខតំណែង និងសុំទោសមហាជនចំពោះ សោកនាដកម្មលើកនេះ។ ប្រមុខសាសនាគ្រិស្ត ដែលជាបុគ្គលមានឥទ្ធិពលម្នាក់ បានចូលរួមបំប៉ោងសំឡេងជាមួយបាតុករ ដើម្បីទាមទារឲ្យរដ្ឋាភិបាលទាំងមូលចុះចេញពីតំណែង និងរៀបចំ បង្កើតរដ្ឋាភិបាលថ្មី ទាំងស្រុងឡើងវិញ។
តើសន្និសីទអន្តរជាតិនឹងស្វែងរកជំនួយសម្រាប់ស្រោចស្រង់ លីបង់បានដែរឬទេ?
តាមមន្រ្តីសន្តិសុខលីបង់ កម្លាំងផ្ទុះនៅកំពង់ផែបេរូត បានធ្វើឲ្យមានរណ្តៅ ដីបាក់ស្រុតចុះដល់ទៅជម្រៅ ៤៣ម៉ែត្រ។ រូបភាពជាច្រើនបានបង្ហាញ កំពង់ផែខូចខ្ទេចខ្ទី រួមទាំងឃ្លាំងស្តុ្កកស្រូវសាឡី អគារស្នាក់នៅ និងមន្ទីរពេទ្យ នៅក្នុងតំបន់ក្បែរកំពង់ផែ។ រដ្ឋាភិបាលលីបង់បានវាយតម្លៃការខូចខាតលើកនេះ ថា មានតម្លៃ ប្រមាណ ១៥ពាន់លានដុល្លារ។
នៅមុនសន្និសីទវីដេអូ ដែលរៀបចំដោយបារាំង និងអង្គការសហប្រជាជាតិ វិមានប្រធានាធិបតីបារាំងបានចេញសេចក្តីថ្លែងការណ៍មួយរួចហើយ នៅព្រឹកថ្ងៃអាទិត្យ ដើម្បីពន្យល់ថា រាល់ជំនួយ សម្រាប់លីបង់ ធ្វើឡើង នៅក្រោមរូបភាពជាជំនួយបន្ទាន់ និងផ្ទាល់ សម្រាប់ប្រជាជន លីបង់ ដែលទើបរងគ្រោះ ដោយសារហេតុការណ៍ផ្ទុះនៅកំពង់ផែបេរូត ប៉ុន្តែ មិនមែនជាកញ្ចប់ថវិកា ឬក្រដាសស្ហែក សម្រាប់ឲ្យរដ្ឋាភិបាលលីបង់យកទៅចាត់ចែងនោះទេ។ លោកប្រធានាធិបតីម៉ាក្រុង ដែលជាមេដឹកនាំបរទេសដំបូង ទៅធ្វើទស្សនកិច្ចនៅកន្លែងរងបាក់បែកដោយសារហេតុការណ៍ផ្ទុះនៅកំពង់ផែបេរូត បាននិយាយធានារួចហើយថា ជំនួយអន្តរជាតិនឹងមិនធ្លាក់ទៅក្នុងដៃរបស់ជនពុករលួយ នោះទេ។
ប៉ារីសបានបញ្ជាក់ថា ក្រៅតែ ពីកញ្ចប់ជំនួយ៨៥លានដុល្លារ ដែលអង្គការសហប្រជាជាតិអំពាវនាវស្វែងរកសម្រាប់វិស័យសុខាភិបាលលីបង់ ទឹកប្រាក់ជំនួយផ្សេងទៀត នឹងត្រូវប្រើជាអាទិភាពសម្រាប់ជំនួយស្បៀងអាហារ ការជួសជុល ស្តារអគារស្នាក់នៅ មន្ទីរពេទ្យ និងសាលារៀន ដែលខូចខ្ទេចខ្ទាំដោយសារហេតុការណ៍ផ្ទុះកាលពីថ្ងៃអង្គារ។
លីបង់៖ ពីប្រទេសគុជនៅដើមបូព៌ា មកធ្លាក់ខ្លួនជំពាក់បំណុលគេវណ្ឌក
លីបង់ធ្លាប់ជាប្រទេសរីកចម្រើន និងត្រូវគេចាត់ទុកជាកូនប្រទេសស៊្វីសមួយ នៅតំបន់ដើមបូព៌ា ដោយមកពីប្រព័ន្ធធនាគារដ៏រឹងមាំ និងល្បីល្បាញ ក្នុងទសវត្សរ៍ឆ្នាំ ៦០។ នៅសម័យនោះ ប្រជាជនលីបង់ពីបរទេសបានត្រលប់ទៅបោះទុនវិនិយោគ ច្រើនលើវិស័យធនាគារ។ រាល់អ្នកជំនួញមកពីប្រទេសលោកខាងលិច ដែលចង់ទៅធ្វើជំនួញ នៅតំបន់ដើមបូព៌ា តែងតែឆ្លងកាត់ លីបង់ ជានិច្ច។ រហូតដល់ពេលលីបង់ត្រូវធ្លាក់ខ្លួន ក្នុងសង្រ្គាមស៊ីវិល អស់១៥ឆ្នាំ ដែលមានការលូកដៃពីបរទេស និយាយឲ្យចំ គឺកងទ័ពស៊ីរីតែម្តង។ អស់ពីសង្រ្គាមស៊ីវិល ដែលបានសម្លាប់ប្រជាជនស៊ីវិល ជាង២សែននាក់ លីបង់ត្រូវរងគ្រោះមួយសាទៀត ដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល។
ក្រៅតែពីសង្រ្គាមស៊ីវិល ដែលទាញប្រទេសឲ្យសឹងធ្លាក់ដល់កម្រិតសូន្យ លីបង់ត្រូវរងគ្រោះមិនអាចងើបស្តារខ្លួនបានឡើងវិញ ដោយសារតែអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។ នៅលីបង់ កិច្ចព្រមព្រៀង ឆ្នាំ១៩៤៣ បានចាប់តម្រូវឲ្យអំណាចនៅលីបង់ ត្រូវតែបែងចែកស្មើភាគគ្នារវាងក្រុមសាសនា។ នៅលីបង់ ប្រធានាធិបតីត្រូវតែមកពីក្រុមសាសនាគ្រិស្ត នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ត្រូវតែមកពីក្រុមអ៊ីស្លាម នេះគេនៅមិនទាន់និយាយពីអ្នកនយោបាយ មកពីក្រុមជ្វីហ្វលីបង់ ផង។
ដោយសារតែ មេដឹកនាំមកពីក្រុមសាសនាផ្សេងៗគ្នា គឺងាយនឹងមានការលូកដៃពីបរទេស និងសំបូរប្រព្រឹត្តរឿងពុករលួយ បែងចែកអំណាចតែរង្វង់ក្រុមបក្សពួកសាសនាគ្នាឯង។ ឧទាហរណ៍ នៅពេលប្រធានាធិបតីលីបង់ គាំទ្រដោយប្រទេសលោកខាងលិច អតីតនាយករដ្ឋមន្រ្តីលីបង់ ដែលមាននិន្នាការខាងក្រុមស៊ូនីត បានការគាំទ្រពីអារ៉ាប៊ីសាអូឌីត ចំណែកក្រុមអេស្បូឡាលីបង់ កាន់សាសនាស្ហ៊ីអ៊ីត និងដែលមានអំណាចយោធានៅលីបង់ គាំទ្រដោយអ៊ីរ៉ង់ ដែលជាគូប្រជែង របស់អារ៉ាប៊ី សាអូឌីត។
តើលីបង់នឹងអាចបោះជំហានទៅមុខបានយ៉ាងម៉េច បើសិនក្រុមបរទេស ចេះតែលូកដៃក្នុងកិច្ចការផ្ទៃក្នុងលីបង់ ដើម្បីផលប្រយោជន៍របស់គេរៀងៗខ្លួននោះ។ ការច្រណែន ឈ្នានិសគ្នារវាងក្រុមបក្សពួកនយោបាយ និងអំពើពុករលួយ ស៊ីរូងផ្ទៃក្នុង ក្នុងចំណោមមន្រ្តីរដ្ឋាភិបាលបានធ្វើឲ្យលីបង់ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ រហូតត្រូវជំពាក់បំណុលគេវណ្ឌក ស្មើនឹង១៥០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ប្រជាជនលីបង់ ១ភាគ៣ រស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ។
មួយវិញទៀត លីបង់លែងក្លាយជាទីក្រុងគុជដូចមុន ក៏ដោយសារតែការលូកដៃរបស់បរទេសនេះឯង។ ទីក្រុងអាប៊ូដាប៊ី របស់អេមីរ៉ាតអារ៉ាប់រួម បានដណ្តើមតំណែងទីក្រុងគុជ ពីលីបង់ នៅដើមបូព៌ា។ អេមីរ៉ាតអារ៉ាប់រួម មហាសេដ្ឋីប្រេងដែល ចំណាយលុយរាប់លានដុល្លារ សម្រាប់ចិញ្ចឹមធ្វើសង្រ្គាម បង្កអស្ថិរភាព នៅប្រទេសនៅដើមបូព៌ា ដូចជាស៊ីរី យេម៉ែន និងលីបង់ បានក្លាយជាចំណតរបស់អ្នកសេដ្ឋកិច្ច និងក្រុមអ្នកនយោបាយបរទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ