អានតួអត្ថបទ
អឺរ៉ុប

សហភាពអឺរ៉ុប បង្ហាញ​ផែនការ​សកម្ម​ដែល​ផ្តោត​លើ​ការ​ផ្តល់​សន្ទុះ​ថ្មី​និង​អាកាសធាតុ

នៅក្នុង​សុន្ទរកថា​ជា​លើក​ទីមួយ ទៅ​កាន់​ប្រជាជាតិ​អឺរ៉ុប ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី​ Ursula von der Leyen បាន​បង្ហើបបង្ហាញ​អំពីផែនការ​ដឹកនាំ​អឺរ៉ុប។  លោកស្រីប្រធាន​គណៈកម្មការ សន្យា​ដឹកនាំ​អឺរ៉ុប ឱ្យ​បានខ្លាំង​ក្លា​ប្រឈម​នឹង វិបត្តិ​សុខភាព ​ការ​ប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​សេដ្ឋកិច្ច។  តើអឺរ៉ុប​ក្រោម​អាណត្តិ​ថ្មី​ មាន​ផែនការ​សកម្មយ៉ាងណា ?

លោកស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប ថ្លែង​ទៅ​កាន់​សភា​នៅ​ថ្ងៃ​ទី ១៦ កញ្ញា ២០២០
លោកស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប ថ្លែង​ទៅ​កាន់​សភា​នៅ​ថ្ងៃ​ទី ១៦ កញ្ញា ២០២០ AFP
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ Ursula von der Leyen ប្រមុខដឹកនាំ​​សហភាពអឺរ៉ុប បាន​​យក​បញ្ហា​អាកាសធាតុ​ មកធ្វើ​ជា​សរសរទ្រូង​នៃ​អាណត្តិ​របស់​លោកស្រី ដោយ​បាន​ប្រកាសដំឡើង​មហិច្ឆតា កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ នៅ​ឆ្នាំ​២០៣០ ឱ្យ​បាន​ដល់​៥៥%​បើប្រៀបទៅ​នឹង​ឆ្នាំ​១៩៩០ មិនមែន​​ត្រឹម​៤០%​ ដូច​កម្មវត្ថុ​បច្ចុប្បន្ននេះ​ទេ។

លោក​ស្រី​បាន​ទទួល​ស្គាល់​ថា​ការ​ដំឡើង​កម្មវត្ថុ​កាបោន​ អាច​ជះ​ផលវិបាក​ខ្លាំង​ដល់​វិស័យ​ថាមពល ដឹកជញ្ជូន ឬ​កសិកម្ម តែ​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម​អឺរ៉ុប អាច​ប្រឈម​បាន។​ អឹរ៉ុប​ត្រូវ​តែ​ក្លាយ​នៅ​ឆ្នាំ​២០៥០ ជា​ទ្វីប​ដំបូង​គេ​ដែលគ្មាន​​ឧស្ម័ន​បំពុលបរិយាកាស មានន័យ​ រាល់ឧស្ម័ន​កាបូនិក​បញ្ចេញ​មក​នឹង​ត្រូវ​ស្រូប​ទៅ​វិញ​អស់។ ក្នុង​ន័យ​នេះ ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​តម្លៃ ៧៥០ពាន់​លាន​អឺរ៉ូ​ ដែល​សមាជិក​អឺរ៉ុប​បានព្រមព្រៀង​គ្នា​កាលពី​ខែ​កក្កដា នឹង​ត្រូវ​ផ្គត់ផ្គង់​ដោយ​កញ្ចប់​ថវិកា​បរិស្ថាន​ក្នុង​កំរិត​៣០%។

ប្រឈម​នឹងកូវីដ​១៩ ដែល​រដ្ឋនីមួយៗ​ដោះស្រាយ​រៀងខ្លួននោះ លោកស្រីប្រធានគណៈកម្មការ​បាន​អំពាវនាវ​បង្កើត​ ភ្នាក់ងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ជីវ​វេជ្ជសាស្ត្រ​ថ្នាក់អឺរ៉ុប​មួយ ដូច​អ្វី​ដែល​សហរដ្ឋ​អាមេរិក​មាន​។ សូម​រដ្ឋនីមួយៗ​ពិចារណា​។ សម្រាប់​លោកស្រី មានការ​ប្រកួត​ប្រជែង​ស្វែង​រក​ថ្នាំ​បង្ការ​ខ្លាំងណាស់​ថ្នាក់ពិភពលោក គំនិត​ជាតិនិយម​មាន​ថ្នាំបង្ការ​ អាច​ធ្វើ​មានការ​បាត់​បង់​ជីវិតច្រើន។

ស្តីអំពី​Brexit ​លោកស្រី​បាន​ព្រមាន​ថា​ កិច្ចព្រមព្រៀង​អឺរ៉ុប​អង់គ្លេស​កាលពី​ខែមករា មិន​អាច​កែប្រែ​ជា​ឯកតោភាគី​បានឡើយ។ ដាច់​ឆ្នាំ ជា​ការដាច់​ដំណាក់​អន្តរកាលនៃ​ការលែង​លះ​ជាមួយ​អង់គ្លេស។​

អឺរ៉ុប​អាណត្តិ​ថ្មី ត្រូវ​តែមាន​ជំហរ​ច្បាស់​ និង​សម្រេច​ជំហរ​យ៉ាង​លឿនរហ័ស នៅ​លើ​ឆាក​អន្តរជាតិ មិន​ថា​ក្នុង​សំណុំរឿង​ហុងកុង រុស្ស៊ី ឬ​បេឡារុស្ស៊ី​ឡើយ។ លោកស្រីប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ព្រលយ​ច្បាស់ៗ ដាក់​រុស្ស៊ីដោយ​ប្រកាស​ថា​ ការ​បំពុល​លោក ណាវ៉ាល់នី មិនមែន​ជា​ទង្វើ​ទោលទេ ហើយ​​មិន​រាប់​អំពី​​ការ​ជ្រៀតជ្រែក​ការ​បោះឆ្នោត​នៅ​លើ​ពិភពលោក​ផង។ រុស្ស៊ី​មិន​ប្តូរ​ឥរិយាបថ ហើយ​មិនមែន​កិច្ចព្រមព្រៀង​សង់​បំពង់​បង្ហូរ​ឧស្ម័នទេ​ដែល​នឹងទៅ​​ប្តូរ​ទៅ​ចរិតរុស្ស៊ី​។ ដើម្បី​ដាក់​ទណ្ឌកម្ម​រុស្ស៊ី មានប្រទេស​ជា​ច្រើន​ក្នុងនោះ​មានអាល្លឺម៉ង់មួយផង ចង់​​បង្កក​ការដ្ឋាន​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream 2 ដែលត​ត្រង់ពី​រុស្ស៊ី​មក​អឺរ៉ុប​ខាង​លិច ។

លោកស្រី សន្យា​ដឹកនាំ​គណៈកម្មការ​ភូមិសាស្ត្រ​នយោបាយ ដោយ​មិន​បណ្តោយ​ឱ្យ​តួកគី​បង្ក​​ជម្លោះ​ឧស្ម័នជាមួយ​ក្រិក​​ក្នុង​តំបន់​សមុទ្ទមេឌីទែរ៉ាណេ​ខាង​កើត​ទេ បើ​ទោះ​បី​ជា​តួកគី​បាន​ជួយ​អឺរ៉ុប​ទទួល​ជនភៀសខ្លួន​ជា​ច្រើន​លាន​នាក់​ក៏​ដោយ។

វិបត្តិជនភៀស​ខ្លួន​ជា​ប្រធានបទ​ដ៏​រសើប​បំផុត​របស់​សហភាពអឺរ៉ុប ដែល​លោកស្រី​នឹង​លើកបង្ហាញ​​ផែនការ​ថ្មី នៅ​ថ្ងៃទី ២៣​កញ្ញា​ខាង​មុខ។ បន្ទាប់​មកទៀត លោកស្រី​នឹង​លើកផែនកា​រសកម្មប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍  និង​ការ​ស្អប់​ខ្ពើមអ្នក​​ស្រលាញ់​ភេទ​ដូច​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ