អានតួអត្ថបទ
បេឡារុស-សហភាពអឺរ៉ុប

លោកស្រី​​មេបក្សប្រឆាំងបេឡារុស​ ​មកជួប​សហភាព​អឺរ៉ុប​ដើម្បី​ជំរុញ​ការដាក់​ទណ្ឌកម្ម​ លើ​​របបផ្តាច់​ការ​​លូកាឆិនកូ

លោកស្រី ស្វេតឡាណា ទីខាណូវស្កាយ៉ា ដែលជាមេបក្សប្រឆាំងនៅបេឡារុស បានមកដល់ទីក្រុងព្រុចសែល នៅថ្ងៃចន្ទ ទី​២១កញ្ញានេះ ដើម្បីជួបជាមួយ​នឹងថ្នាក់ដឹកនាំសហភាពអឺរ៉ុប។​ ការមក​ដល់នេះ គឺដើម្បីជំរុញឲ្យសហភាពអឺរ៉ុប ប្រញ៉ាប់ដាក់ទណ្ឌកម្ម​ ទៅលើរបបផ្តាច់ការបេឡារុស ដែលដឹកនាំដោយ​លោក​លូកាឆិនកូ។ តែយ៉ាងណា បើតាមប្រភពពីមន្ត្រីទូតខ្លះ សហភាពអឺរ៉ុប អាចប្រហែលជាធ្វើឲ្យ​លោកស្រីខកបំណង ព្រោះថាសមាជិកសហភាពអឺរ៉ុប នៅតែឈ្លោះប្រកែក​គ្នា ​មិនទាន់អាចរកការមូលមតិរួមបាននៅឡើយទេ។

លោកស្រី ស្វេតឡាណា ទីខាណូវស្កាយ៉ា មេបក្សប្រឆាំងបេឡារុស ជាមួយលោក​ប្រធានសភាអឺរ៉ុប ដាវីដ អាសូលី ពេលធ្វើសន្និសីទកាសែត ថ្ងៃទី​២១កញ្ញា ២០២០។
លោកស្រី ស្វេតឡាណា ទីខាណូវស្កាយ៉ា មេបក្សប្រឆាំងបេឡារុស ជាមួយលោក​ប្រធានសភាអឺរ៉ុប ដាវីដ អាសូលី ពេលធ្វើសន្និសីទកាសែត ថ្ងៃទី​២១កញ្ញា ២០២០។ REUTERS - JOHANNA GERON
ផ្សាយពាណិជ្ជកម្ម

ក្រៅពីជួបជាមួយ​រដ្ឋមន្ត្រីការបរទេស នៃប្រទេសសហភាពអឺរ៉ុប នៅព្រឹកថ្ងៃទី​២១ កញ្ញា នៅពេលរសៀល លោកស្រី ស្វេតឡាណា ទីខាណូវស្កាយ៉ា (Svetlana Tikhanovskaïa) នឹងចូលទៅកាន់សភាអឺរ៉ុបដើម្បីថ្លែងសារ បន្ទាប់មកនឹង​ធ្វើសន្និសីទកាសែត នៅស្ថានទូតលីទុយអានី។

លោកស្រីស្វេតឡាណា ទីខាណូវស្កាយ៉ា បានលើកឡើងថា លោកស្រី បានត្រៀមបញ្ជីមួយរួច​​រាល់អស់ហើយ ដែលបញ្ជីនោះ គឺមានឈ្មោះមនុស្ស ដែលជាសមាជិកនៃរបបដឹកនាំផ្តាច់ការរបស់លោក លូកាឆិនកូ ហើយ​ដែលគឺជា​អ្នកបានបញ្ជាឲ្យធ្វើសកម្មភាពបង្រ្កាប យ៉ាងហឹង្សា និងចាប់បង្ឃាំងដោយ​អយុត្តិធម៌ ទៅលើប្រជាជនបេឡារុសដែលធ្វើបាតុកម្ម។ ប្រមាណជាង១ខែមកហើយ ដែលប្រជាជនបេឡារុស រាប់សែននាក់ បានធ្វើបាតុកម្មទាមទារឲ្យ​លោកលូកាឆិនកូ ចុះចេញពីអំណាច​។ កាលពីថ្ងៃអាទិត្យទី​២០កញ្ញា បាតុករចំនួន​ប្រមាណ​១៦០នាក់បន្ថែមទៀត ត្រូវបាន​កងកម្លាំងបំរើរដ្ឋាភិបាល​ ចាប់យកទៅបង្ឃាំងទុក។ លោកស្រី ទីខាណូវស្កាយ៉ា សង្ឃឹមថា សហភាពអឺរ៉ុប នឹងមិនអោបដៃឈរមើល​អំពើ​រំលោភសិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងរនេះទេ។ 

តែយ៉ាងណា ការសង្ឃឹមនេះអាចប្រហែលជាធ្វើឲ្យ​លោកស្រីមេបក្សប្រឆាំងបេឡារុស ខកបំណងទៅវិញ ដោយសារបញ្ហារកាំរកូសផ្ទៃក្នុង រវាងប្រទេសសមាជិកសហភាពអឺរ៉ុប។ លោក Josep Borrell ប្រមុខការទូតអឺរ៉ុប បានលើកឡើងថា អឺរ៉ុបនៅពុំទាន់អាចរកបាន​ នូវការឯកភាពគ្នាតែមួយ ដើម្បីសម្រេចដាក់ទណ្ឌកម្ម លើថ្នាក់ដឹកនាំនៃរបស់ផ្តាច់ការ​បេឡារុស នៅឡើយទេ។

សូមបញ្ជាក់ថា ប្រទេសស្ហ៊ីប បានដាក់លក្ខខណ្ឌថា ខ្លួននឹងមិនបោះឆ្នោតដាក់ទណ្ឌកម្មបេឡារុស​ទេ បើសិនជា​សហភាពអឺរ៉ុប មិនព្រមបោះឆ្នោតឆ្នោត ដាក់ទណ្ឌកម្មលើតួកគី​ទាក់ទិននឹងបញ្ហាជម្លោះដែនទឹក ក្នុងសមុទ្រម៉េឌីទែរ៉ាណេ។ ក៏ប៉ុន្តែប្រការនេះ ត្រូវបាន​អាល្លឺម៉ង់ ស្ទាក់ស្ទើរ ដោយ​លើកឡើងថា ការដាក់ទណ្ឌកម្មលើតួកគី វាអាចនឹង​ធ្វើឲ្យ​ខូច ដល់ការប្រឹងប្រែង​សម្រុះសម្រួលរបស់អាល្លឺម៉ង់ ដែលជាអាជ្ញាកណ្តាល។

ទាក់ទិននឹងទណ្ឌកម្មទៅលើរបបដឹកនាំផ្តាច់ការបេឡារុស តាមពិតទៅ សហភាពអឺរ៉ុប បានរៀបចំរួចរាល់អស់ហើយ គឺនៅចាំតែប្រទេសសមាជិកបោះឆ្នោត យល់ព្រមតែប៉ុណ្ណោះ។ លោកប្រមុខការទូតអឺរ៉ុប បានអះអាងថា សហភាពអឺរ៉ុប បានសម្រេចឈប់ទទួលស្គាល់ លោកលូកាឆិនកូ​ ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសបេឡារុសទៀតហើយ។ ហើយសហភាពអឺរ៉ុប បានរៀបចំកញ្ចប់ថវិកាចំនួន​៥៣លាន​អឺរ៉ូ​ ដើម្បីជួយដល់អ្នករងគ្រោះ ដោយការ​បង្រ្កាបនយោបាយ​នៅបេឡារុស ព្រមទាំងជួយដល់បណ្តាញព័ត៌មានឯករាជ្យនៅប្រទេសនេះ។ អឺរ៉ុបក៏មានគម្រោង​ ព្យួរទំនាក់ទំនងក្នុងវិស័យខ្លះជាមួយរដ្ឋាភិបាលបេឡារុសបច្ចុប្បន្នដែរ។ 

លោក​ ប្រមុខការទូតអឺរ៉ុប បញ្ជាក់ថា ដំណោះស្រាយដ៏ល្អបំផុត គឺត្រូវរៀបចំការបោះឆ្នោតនៅបេឡារុសឡើងវិញ ក្រោយការត្រួតពិនិត្យរបស់ អង្គការ​ដើម្បីសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប (OSCE)។ តែយ៉ាងណា បើតាម​មើល​ ការតាំងចិត្តក្រាញអំណាណ របស់​លោកលូកាឆិនកូ ដោយ​មានរុស្ស៊ីនៅពីក្រោយផងនេះ គឺអ្វីៗអាចនឹងពិបាកដោះស្រាយខ្លាំងណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ