អានតួអត្ថបទ
បារាំង-បេឡារុស

លោកម៉ាក្រុង ជួប​ជាមួយ​​លោកស្រី​​ទីខាណូវស្កាយ៉ា មេបក្សប្រឆាំង​បេឡារុស នៅ​ទីក្រុង​​វីលញូស

លោកអាម៉ានុយអែល ម៉ាក្រុង កំពុងស្ថិតនៅទីក្រុង​វីលនូស រដ្ឋធានីប្រទេសលីទុយអានី ជាទីដែល​លោក​ត្រូវបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេល​២ថ្ងៃ។ ឆ្លៀតក្នុងឱកាសនោះ នៅព្រឹកថ្ងៃទី​២៩កញ្ញានេះ លោកម៉ាក្រុង បានជួបប្រជុំជាមួយ​លោក​ស្រី ស្វេតឡាណា ទីខាណូវស្កាយ៉ា មេបក្សប្រឆាំងបេឡារុស ដែលបានភៀសខ្លួន​ទៅកាន់លីទុយអានី។ នៅក្នុងជំនួបនោះ លោកម៉ាក្រុងបានបញ្ជាក់ថា បារាំងនឹងប្រឹងប្រែង ស្វែងរកដំណោះស្រាយចរចាជាមួយ​អំណាចផ្តាច់ការ​បេឡារុស និងជួយប្រជាជនបេឡារុស ​ក្នុងការទាមទារ​​លទ្ធិប្រជាធិបតេយ្យ។

លោកស្រី Sviatlana Tsikhanouskaya មេបក្សប្រឆាំងបេឡារុស ចូលទៅជួប​លោក​ម៉ាក្រុង​ នៅទីក្រុងវីលញូស ប្រទេស​លីទុយអានី ថ្ងៃទី​២៩ កញ្ញា ២០២០
លោកស្រី Sviatlana Tsikhanouskaya មេបក្សប្រឆាំងបេឡារុស ចូលទៅជួប​លោក​ម៉ាក្រុង​ នៅទីក្រុងវីលញូស ប្រទេស​លីទុយអានី ថ្ងៃទី​២៩ កញ្ញា ២០២០ REUTERS - ANDRIUS SYTAS
ផ្សាយពាណិជ្ជកម្ម

គ្រប់គ្នាបានទន្ទឹងរងចាំតាមដាន អំពីជំនួបរបស់​រវាងលោក ម៉ាក្រុង និង​លោកស្រី ស្វេឡាណា ទីខាណូស្កាយ៉ា នៅទីក្រុង​វីលញូស។ ទីបំផុត លោកស្រីមេបក្សប្រឆាំង​បេឡារុស បានចូលទៅ​ជួប​លោកប្រធានាធិបតី​បារាំង ដើម្បីនិយាយអំពីគោលជំហរបារាំង ក្នុងការ​ជួយ​ជ្រោមជ្រែងការស្វែង​រក​ដំណោះស្រាយ​នយោបាយ​ នៅ​បេឡេរុស។

ក្រោយជំនួប​ជាមួយ​លោកស្រី ទីខាណូវស្កាយ៉ា លោកម៉ាក្រុង បានថ្លែងប្រាប់អ្នកកាសែតថា « វា​ច្បាស់​ណាស់ ដែលត្រូវ​តែ​សម្លឹងមើល​តថៈភាពជាកស្តែងនៅចំពោះមុខ ហើយ​គាំទ្រ​ប្រជាជនបេឡារុស »។ លោកម៉ាក្រុង បន្តថា៖ « បារាំងនឹងប្រឹងប្រែងឲ្យ​អស់ពីសមត្ថភាព រួមគ្នាជាមួយ​សហភាពអឺរ៉ុប ដើម្បីជួយបេឡារុស ស្វែងរកដំណោះស្រាយ​នយោបាយ »។ ដំណោះស្រាយនោះ គឺលោកម៉ាក្រុង បាន​បញ្ជាក់ថា អាចនឹងស្នើទៅកាន់អង្គការដើម្បី​សន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប ហៅកាត់ថា OSCE ឲ្យធ្វើជាអាជ្ញាកណ្តាល។

ចំណែកលោកស្រី ទីខាណូស្កាយ៉ា បានថ្លែងប្រាប់អ្នកកាសែតថា លោកស្រី បានយល់ព្រមទទួល​ការអញ្ជើញរបស់លោកម៉ាក្រុង ដែល​បានអញ្ជើញលោកស្រី ​ឲ្យ​ទៅថ្លែងសារនៅចំពោះមុខអង្គសភាបារាំង នៅទីក្រុងប៉ារីស ក្នុងនាមជាអ្នកតំណាង សម្លេងរបស់​ប្រជាពលរដ្ឋបេឡារុស។

សូមរំលឹកថា អស់ប្រមាណជិត២ខែមកហើយ ដែលប្រជាជន​បេឡារុស រាប់​សែននាក់ បានធ្វើបាតុកម្មសឹងតែមិនលោះថ្ងៃ ដើម្បី​ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ក្លែងបន្លំ និងបានទាមទារឲ្យ​លោក លូកាឆិនកូ ចុះចេញពីតំណែង។ អំណាចផ្តាច់ការដឹកនាំដោយលោក​លូកាឆិនកូ បានចាប់បាតុករជាច្រើននាក់ យកទៅបង្ឃាំងទុក នឹងបានធ្វើទារុណកម្មថែមទៀតផង។

សូមបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ មិនទាន់មាន​ការបន្ទន់ឥរិយាបថណាមួយ ពីសំណាក់​លោកប្រធានាធិបតីលូកាឆិនកូទេ។ បង្អែកធំរបស់​រដ្ឋាភិបាល​លោកលូកាឆិនកូ គឺលោកពូទីន។ លោកម៉ាក្រុង ធ្លាប់បានទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីន ដោយបានសុំឲ្យ​លោកពូទីន បញ្ចុះបញ្ចូល​លោកលូកាឆិនកូ​ ឲ្យ​ព្រមស្តាប់ការទាមទារចង់បានរបស់​ប្រជាជនបេឡារុស ត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ និងយល់ព្រមដើរចេញពីអំណាចតាមសម្រួល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ