អានតួអត្ថបទ
ពានរង្វាន់ណូបែលគីមី

ណូបែល​គីមី​ឆ្នាំ​២០២០ ប្រគល់​ទៅឲ្យ​​ស្ត្រី​អ្នកស្រាវជ្រាវ​២នាក់ ជាតិបារាំង​ម្នាក់​និង​អាមេរិក​ម្នាក់

ពានរង្វាន់ណូបែលគីមីឆ្នាំ២០២០ ត្រូវបាន​ប្រគល់ទៅឲ្យ​ស្ត្រីអ្នកស្រាវជ្រាវ២រូប​​ ម្នាក់ជាជនជាតិបារាំងម្នាក់ និងម្នាក់ទៀតជា​ជនជាតិអាមេរិក។ នេះជាលើកទីមួយហើយ ដែលពានរង្វាន់ណូបែលគីមី ត្រូវបានប្រគល់ទៅឲ្យក្រុម​ការងារ​ស្រាវជ្រាវ ដែលសុទ្ធតែជាមនុស្សស្រី។ ស្ត្រីទាំង២នាក់នេះ បានស្រាវជ្រាវរកឃើញ ​បច្ចេកទេស​កាត់​ម៉ូឡេគុល នៅក្នុងកោសិកា ហើយដែលអាច​ ឈានទៅប្តូរហ៊ែ្សន​របស់មនុស្សបាន។

លោកស្រី Emmanuelle Charpentier និងលោកស្រី Jennifer A. Doudna ម្ចាស់ពានរង្វាន់ណូបែលគីមី ឆ្នាំ២០២០។
លោកស្រី Emmanuelle Charpentier និងលោកស្រី Jennifer A. Doudna ម្ចាស់ពានរង្វាន់ណូបែលគីមី ឆ្នាំ២០២០។ via REUTERS - TT NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

លោកស្រី Emmanuelle Charpentier ជនជាតិបារាំងអាយុ៥១ឆ្នាំ និងលោកស្រី Jennifer Doudna ជនជាតិអាេមរិកអាយុ៥៦ឆ្នាំ គឺជាជ័យលាភីពានរង្វាន់ណូបែលគីមី ឆ្នាំ២០២០។ ស្ត្រីទាំង២នាក់នេះ​ គឺជាអ្នក​ស្រាវជ្រាវរកឃើញបច្ចេកទេស Crispr/Cas9 ដែលអាចកាត់ម៉ូឡេគុល នៅក្នុងកោសិកាមនុស្ស និងឈានទៅផ្លាស់ប្តូរហ៊ែ្សន នៃបន្ទាត់ ADN។ បច្ចេកទេសនេះ ត្រូវបានគេដាក់ងារហៅថា « កន្ត្រៃម៉ូឡេគុល »។

ក្រុមប្រឹក្សាពានរង្វាន់ណូបែល នៅទីក្រុងស្តុកខូម បានប្រកាសថា បច្ចេកទេសដ៏អស្ចារ្យនេះ គឺជាសេចក្តីសង្ឃឹម សម្រាប់វិស័យវេជ្ជសាស្ត្រ ក្នុងការ​ផ្លាស់ប្តូរទំរង់កោសិកា កាត់យកផ្នែកដែលខូច ដែលជាប្រភពនៃជំងឺធ្ងន់ធ្ងរ មួយចំនួនរបស់មនុស្ស។

គួររំលឹកថា ស្ត្រីទាំង២នាក់នេះ ត្រូវបាន​ទស្សនាវត្តី Science ចុះផ្សាយ​កោតសរសើរ កាលពីខែមិថុនា​ឆ្នាំ២០១២ បន្ទាប់ពីអ្នកទាំង២ បានស្រាវជ្រាវ​រកឃើញបច្ចេកទេស កន្ត្រៃម៉ូឡេគុល។ នេះគឺជាបច្ចេកទេស គីមីវេជ្ជសាស្ត្រ ឈានមុខគេ ដែលត្រូវបានគេរកឃើញ នៅរវាង១០ឆ្នាំចុងក្រោយនេះ។ ដោយឡែក នៅសហរដ្ឋអាមេរិក បច្ចេកទេសនេះ កំពុងស្ថិតនៅក្នុងការប្រទាញប្រទង់គ្នា ប្រជែងដើម្បីទទួលបាន​អាជ្ញាបណ្ណ​ផ្តាច់មុខ ដោយសារតែមានអ្នកស្រាវជ្រាវស្ត្រីម្នាក់ទៀត ឈ្មោះ Feng Zhang ជនជាតិអាមេរិក ដើមកំណើតចិន បាន​ដាក់ពាក្យ​ស្នើសុំ​ដែរ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១មួយហើយ ដែលពានរង្វាន់ណូបែលគីមី ត្រូវបាន​ប្រគល់ទៅឲ្យក្រុម​ការងារ​ស្រាវជ្រាវ ដែលសុទ្ធតែជាមនុស្សស្រី​។ ដោយឡែក វាគឺជាលើកទី៤ហើយ ដែលស្ត្រីបានទទួលពានរង្វាន់ណូបែលគីមី។ លោកស្រី Marie Curie ជនជាតិបារាំងដើមកំណើតប៉ូឡូញ បានទទួលពានរង្វាន់នេះ​ ដល់ទៅ២លើក គឺនៅឆ្នាំ​១៩១១ និង ឆ្នាំ១៩៦៤ ចំណែកលោកស្រី Dorothy Crowfoot Hodgkin ជនជាតិអង់គ្លេស បានទទួលជ័យលាភីនៅឆ្នាំ១៩៨៣។

ជ័យលាភីពានរង្វាន់ណូបែលរបស់ស្ត្រីអ្នកស្រាវជ្រាវទាំងនេះ គឺជាសក្ខីកម្មបញ្ជាក់ថា ស្ត្រីក៏មានសមត្ថភាព​នឹងចំ​ណេះដឹងស្រាវជ្រាវកម្រិតខ្ពស់ មិនចាញ់បុរសឡើយ។ វាក៏គឺជាក្តីសង្ឃឹម និងគម្រូដ៏ប្រសើរ សម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវភេទស្រី ជំនាន់ក្រោយៗទៀត ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ