អានតួអត្ថបទ
ស្លូវ៉ាគី-កូវីដ១៩

ស្លូវ៉ាគី​ជា​ប្រទេស​ដំបូង​គេ​ក្នុង​លោក​ដែល​ធ្វើ​តេស្ត​រក​កូវីដ​លើ​ប្រជាជន​នៅ​ទូទាំង​ប្រទេស

​ស្លូវ៉ាគី​ នៅថ្ងៃ​សៅរ៍​ ទី៣១​ តុលា​ បាន​ក្លាយជា​ប្រទេស​ដំបូង​បង្អស់​ក្នុង​ពិភពលោក​ដែល​បាន​ផ្តើម​យុទ្ធនាការ​ធ្វើ​តេស្ត​រក​កូវីដ១៩​ លើ​ប្រជាជន​យ៉ាងទូលំទូលាយ​នៅពាសពេញ​ផ្ទៃ​ប្រទេស​។ សម្រាប់​ដំណាក់​កាលទី​១​ នាចុង​សប្តាហ៍​នេះ​ បញ្ជរ​ធ្វើ​តេស្ត​ប្រមាណ​ ៥ពាន់​ត្រូវបាន​ដំឡើង​​ដើម្បី​ផ្តល់​ជូន​នូវការ​ធ្វើ​តេស្ត​ដល់​ប្រជាជន​។

មនុស្សម្នាឈររង់ចាំធ្វើតេស្តរកកូវីដ១៩ នៅទីក្រុងប្រាទីស្លាវ៉ា	ប្រទេសស្លូវ៉ាគីនាថ្ងៃទី ៣១ ខែតុលាឆ្នាំ២០២០។
មនុស្សម្នាឈររង់ចាំធ្វើតេស្តរកកូវីដ១៩ នៅទីក្រុងប្រាទីស្លាវ៉ា ប្រទេសស្លូវ៉ាគីនាថ្ងៃទី ៣១ ខែតុលាឆ្នាំ២០២០។ AFP
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ការ​ធ្វើតេស្ត​យ៉ាង​ទូលំទូលាយ​នេះ​ ប្រទេស​ស្លូវ៉ាគី​ ប្រើវិធី​តេស្ត​អង់ទីហ្សែន​ (Antigen tests) ដែលជា​ប្រភេទ​តេស្ត​ផ្តល់លទ្ធផល​ក្នុង​រយៈពេល​លឿន​ ពោល​គេ​អាច​ដឹង​លទ្ធផល​តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ការ​ធ្វើតេស្ត​។ អ្នក​ដែល​ធ្វើតេស្ត​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ​ នឹង​ត្រូវ​ដាក់ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១០​ថ្ងៃ​។

ការ​ចូលរួម​ក្នុងការ​ធ្វើតេស្តនេះ​ មិនមែនជា​កាតព្វកិច្ច​ចាំបាច់​នោះទេ​ ក៏ប៉ុន្តែ​ក្នុង​ករណី​មាន​ប៉ូលិស​សាកសួរ​ ហើយ​គេ​មិនមាន​ឯកសារ​ណាមួយបញ្ជាក់ថា​អវិជ្ជមាន​កូវីដ១៩​ទេនោះ​ គេ​អាច​នឹង​ត្រូវ​រងការផាកពិន័យ​ធ្ងន់ធ្ងរ​។

នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី​ លោក​អ៊ីហ្គ្ររ ម៉ាតូវីក​ (Igor Matovic) បាន​មាន​ប្រសាសន៍​ថា​ ពិភពលោក​កំពុងក្រឡេក​ទៅកាន់​ប្រទេស​របស់​លោក​ និង​ថា​វិធានការ​ធ្វើតេស្ត​យ៉ាង​ទូលំទូលាយ​នឹង​ជួយសង្គ្រោះជីវិត​ប្រជាជន​ជាច្រើន​រាប់រយនាក់​។

ជាមួយគ្នានេះ​ លោកម៉ាតូវីក​ បាន​បន្ថែមថា​ការធ្វើតេស្ត​គឺជា​មាគ៌ា​របស់​ស្លូវ៉ាគី​សម្រាប់​ដើរ​ឆ្ពោះទៅ​រក​សេរីភាព​។ លោកថា​មានរឿងពីរ​ដែល​អាចនឹងកើតឡើង​ដែល​ទី១​ គឺវិធានការ​រឹតត្បិត​នៅក្នុង​ប្រទេស​នឹងអាច​ត្រូវ​បន្ធូរបន្ថយ​នៅពេលដែល​ការ​ធ្វើតេស្ត​បាន​បញ្ចប់​។ ទី២​ វិធានការ​រឹតត្បិត​នឹងត្រូវ​ពង្រឹង​បន្ថែម​ ប្រសិនបើ​កម្មវិធី​ធ្វើតេស្ត​មិនអាច​ជួយអ្វីបាន​ច្រើន​ដូចការ​រំពឹងទុក​របស់​រដ្ឋាភិបាល​ទេនោះ​។

គួរកត់សម្គាល់ថា​ ដូចបណ្តា​ប្រទេសអឺរ៉ុប​ផេងទៀតដែរ​ ស្លូវ៉ាគី​ បាន​ជួបកំណើន​យ៉ាងខ្លាំង​នៃ​ករណី​ឆ្លងកូវីដ​១៩​ នៅមួយរយៈពេល​ចុងក្រោយនេះ​។ តាម​របាយការណ៍ផ្លូវការ​នៅថ្ងៃ​សុក្រ​ ទី ៣០ តុលា​ មាន​អ្នក​ឆ្លងថ្មី​ចំនួន​ ៣ ៣៦៣ នាក់​ និង​បន្ទាប់មក​មាន​ ២ ៥៧៣ នាក់​នៅថ្ងៃសៅរ៍​។ គិតត្រឹមថ្ងៃសៅរ៍​ ទី៣១​ តុលា​ ក្នុង​ចំណោម​ប្រជាជន​សរុប​ទាំងអស់​ ៥ លាន៤ សែននាក់​ ស្លូវ៉ាគីមាន​អ្នក​ឆ្លងកូវីដ​ ៥៧ ៦៦៤ នាក់​ និង​មាន​ស្លាប់​ចំនួន​ ២១៩ នាក់​។

រដ្ឋាភិបាល​ស្លូវ៉ាគី​ សង្ឃឹមថានឹង​អាចបញ្ចប់​ការធ្វើតេស្ត​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ពីរថ្ងៃ​ និង​អនុវត្ត​ការធ្វើតេស្ត​ទ្រង់ទ្រាយធំ​មួយផ្សេង​ទៀត​នៅ​ចុងសប្តាហ៍ក្រោយ​។ យ៉ាងណា​ក៏​ដោយ​ កម្មវិធីនេះ​ បាន​រង​ការរិះគន់​ពី​សមាគមន៍​អ្នក​ជំនាញ​ថា​ រដ្ឋាភិបាល​នៅមិនទាន់​បាន​រៀបចំខ្លួនល្អ​ទេ​ ព្រោះ​ធ្វើ​ដោយ​មិន​បាន​ពិគ្រោះ​ជាមួយ​ក្រុមអ្នកជំនាញ​។

សមាគមន៍​ខាងលើ​បាន​សង្កត់ធ្ងន់​ទៀតថា​ ការ​ប្រមូល​ផ្តុំនូវ​ចំនួន​មនុស្ស​​ដ៏ច្រើន​កុះករ​ នៅតាម​កន្លែង​ធ្វើតេស្ត​ គឺ​ផ្ទុយនឹង​អនុសាសន៍​របស់​អ្នក​ជំនាញ​ជំងឺឆ្លង​ដែលប្រាប់ឲ្យកាត់បន្ថយ​ទំនាក់ទំនង និង​ការ​ចល័តផ្លាស់ទី​តាមទីសាធារណៈច្រើន​តាម​ដែលអាចធ្វើទៅបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ