អានតួអត្ថបទ
កូវីដ១៩-ថ្នាំព្យាបាល

ថ្នាំអាស្ពីរីន នឹងត្រូវ​យក​ទៅ​សាកល្បង​​​ព្យាបាលអ្នក​​ជំងឺ​​កូវីដ១៩ ក្នុង​ការសិក្សា​សាកល្បង​របស់​អង់គ្លេស

អ្នកជំនាញ នៃការសិក្សាស្រាវជ្រាវ រកថ្នាំព្យាបាលជំងឺកូវីដ១៩ របស់អង់គ្លេស បានសម្រេចចាត់បញ្ចូល ថ្នាំអាស្ពីរីន ទៅ​ក្នុងចំណោមថ្នាំ ដែលត្រូវគេយក​មកសាកល្បង ដើម្បី​ព្យាបាល​អ្នកជំងឺកូវីដ​១៩។ យោងតាមអ្នកជំនាញ ថ្នាំ​អាស្ពីរីន​ មានប្រសិទ្ធិជួយធ្វើឲ្យ​គ្រាប់ឈាម មានភាព​រាវ​ មិនកកដុំ។ ដូច្នេះថ្នាំនេះ ​ប្រហែលជាអាច ជួយអ្នកជំងឺកូវីដ​​​១៩ ដែលជួបបញ្ហា គ្រាប់ឈាមឡើង​កក។

ប្រអប់ថ្នាំ អាស្ពីរីន (Aspirine) ថតនៅក្នុងឱសថស្ថានធំមួយ ក្នុងក្រុងប៉ារីស ថ្ងៃទី ៨ កញ្ញា ២០២០
ប្រអប់ថ្នាំ អាស្ពីរីន (Aspirine) ថតនៅក្នុងឱសថស្ថានធំមួយ ក្នុងក្រុងប៉ារីស ថ្ងៃទី ៨ កញ្ញា ២០២០ AFP - MARTIN BUREAU
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកម្មវិធីសិក្សាស្រាវជ្រាវរកថ្នាំព្យាបាល​កូវីដ១៩ ឈ្មោះRECOVERY របស់អង់គ្លេស គឺគេបានសម្រេច បញ្ចូលថ្នាំ អាស្ពីរីន (Aspirine) ជាថ្នាំសាកល្បងក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។ អ្នកជំនាញរបស់ RECOVERY បានលើកឡើងថា អ្នកជំងឺកូវីដ១៩ អាចប្រឈមនឹង​បញ្ហាគ្រាប់ឈាមឡើងកក និងអាចបណ្តាលឲ្យ​ស្ទះសរសៃឈាម។ បញ្ហានេះ គឺដោយសារតែកោសិកា បង្កគ្រាប់ឈាម ធ្វើសកម្មភាពខ្លាំងលើសកម្រិត នៅពេលណាត្រូវប្រឈមនឹងមេរោគជំងឺកូវីដ១៩។

លោកវិជ្ជបណ្ឌិត​ Peter Horby អ្នកជំនាញទទួលខុសត្រូវម្នាក់ នៃកម្មវិធីសិក្សា​ RECOVERY បានបញ្ជាក់ថា អ្នកជំនាញមានហេតុផលគ្រប់គ្រាន់ ដែលទុកចិត្តថា ថ្នាំ អាស្ពីរីន អាចជួយ​អ្នកជំងឺកូវីដ១៩ កុំឲ្យ​ជួបបញ្ហា កកគ្រាប់ឈាម នៅក្នុងសរសៃឈាម។ អ្នកជំនាញរូបនេះ បន្ថែមថា ជាងនេះទៀត  ថ្នាំ អាស្ពីរីន ជាថ្នាំដែល​ត្រូវគេស្គាល់ និងប្រើប្រាស់​ យូរយាមកហើយ ហើយជាថ្នាំដែលមានតម្លៃថោក អាចរកជាវបានគ្រប់ទីកន្លែង។

យោងតាមព័ត៌មានលំអិត នៅលើគេហទំព័រ RECOVERY គឺការសាកល្បង នឹងចាប់ផ្តើម ជាមួយ​នឹង អ្នកជំងឺកូវីដ​១៩ ចំនួ​ន២០០០នាក់ ដែលនឹងត្រូវទទួលថ្នាំអាស្ពីរីន កម្រិត១៥០មីលីក្រាម លាយជាមួយ​នឹងថ្នាំព្យាបាលផ្សេងទៀត។ បន្ទាប់មកទិន្នន័យសាកល្បងនេះ នឹងត្រូវយកទៅប្រៀបធៀប នឹងអ្នកជំងឺ២០០០នាក់ផ្សេងទៀត ដែលមិនទទួលថ្នាំអាស្ពីរីន។

សូមបញ្ជាក់ផងដែរថា កម្មវិធីសាកល្បង RECOVERY ក៏កំពុងសាកល្បងថ្នាំផ្សេងទៀតដែរ ក្នុងការព្យាបាលជំងឺកូវីដ១៩ ក្នុងនោះមានដូចជា ថ្នាំអង់ទីប្យូទិក Azithromycine និងសារធាតុអង់ទីក័រផ្សំ ឈ្មោះ Regeneron ដែលត្រូវបានគេចាក់សាកល្បង ទៅលើលោកដូណាល់ ត្រាំ។ គឺតាមរយៈកម្មវិធីសិក្សាសាកល្បង RECOVERY នេះដែរ ដែលបានបង្ហាញឲ្យ​ឃើញ​អំពី​ ប្រសិទ្ធិភាពល្អ របស់ថ្នាំឈ្មោះ Dexamethasone  នៅក្នុងការសង្រ្គោះជីវិតអ្នកជំងឺកូវីដ​១៩។

គួររំលឹកថា ទន្ទឹមដែលពិភព​លោកកំពុងទន្ទឹង​រងចាំ ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ អ្នកជំនាញ​មួយ​ចំនួន ក៏បានលើកឡើង អំពីសារៈសំខាន់ណាស់ដែរ នៅក្នុង​ការស្រាវជ្រាវរកថ្នាំព្យាបាលកូវីដ១៩។ ក្នុងករណីខ្លះ ថ្នាំព្យាបាល អាចត្រូវបានគេ​រកឃើញមុន ថ្នាំវ៉ាក់សាំងក៏មាន ជាក់ស្តែងជាថ្នាំព្យាបាលមេរោគអេដស៍ (HIV) ។ ផ្ទុយទៅវិញរហូតមកទល់ពេលនេះ គ្មានថ្នាំវ៉ាក់សាំង ប្រឆាំងមេរោគអេដស៍ទេ។  មន្ទីរពិសោធន៍បារាំងមួយ ឈ្មោះ Abivax​ កំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមន្ទីរពិសោធន៍នេះ អះអាងថាកំពុងស្រាវជ្រាវលើម៉ូលេគុលថ្មីមួយ​ ឈ្មោះ ABX464 ដើម្បីព្យាបាល​ជំងឺ​​កូវីដ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ