អានតួអត្ថបទ
អឺរ៉ុប-កូវីដ

ផ្ទុះ​ករណី​ឆ្លង​កូវីដ​១៩ខ្លាំង​ជា​ថ្មី អឺរ៉ុបរឹតបន្តឹង​​​វិធានការ​ ​​ឯ​​តវ៉ា​ប្រឆាំង​ក៏​ខ្លាំង

ពលរដ្ឋ​អាល្លឺម៉ង់​រាប់​ម៉ឺន​នាក់ ភាគ​ច្រើន​គ្មាន​ពាក់ម៉ាស បាននាំ​គ្នា​ប្រមូលផ្តុំ Leipzig ​ នៅ​ក្រុង ភាគ​ខាង​កើត​ប្រទេស​ នា​ថ្ងៃ​សៅរ៍​ទី ៧​វិច្ឆិកា ២០២០ ដើម្បីតវ៉ា​​ប្រឆាំង​នឹង​វិធានការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ១៩។ អាជ្ញាធរ​អាល្លឺម៉ង់​បាន​ពង្រាយ​កម្លាំង​ជា​ច្រើន ទប់​ស្កាត់​បាតុកម្ម​នេះ​។ អាល្លឺម៉ង់​ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប កំពុង​ប្រឈម​ខ្លាំង​ការ​ផ្ទុះ​ករណី​ឆ្លងកូវីដ​១៩​រលកទីពីរ និង​បាន​ចេញ​វិធានការ​​ថ្មី​តាំង​ពី​ថ្ងៃ​ចន្ទ​ តែ​មិន​តឹង​តែងខ្លាំង​ដល់​ថ្នាក់​បិទ​ប្រទេស​ ដូច​បារាំង​ឬ​អង់គ្លេស​ផង។

អឹរ៉ុប​ពង្រឹង​វិធានការ​ប្រឈម​នឹង​សន្ទុះ​ឆ្លង​កូវីដ​១៩​ផ្ទុះ​ឡើង​ជា​ថ្មី
អឹរ៉ុប​ពង្រឹង​វិធានការ​ប្រឈម​នឹង​សន្ទុះ​ឆ្លង​កូវីដ​១៩​ផ្ទុះ​ឡើង​ជា​ថ្មី REUTERS - PASCAL ROSSIGNOL
ផ្សាយពាណិជ្ជកម្ម

បើតាមអ្នក​រៀបចំ​ មានពលរដ្ឋ​អាល្លឺម៉ង់​ប្រមាណជាង​ពីរម៉ឺន​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​។ ​ប៉ូលិស​អាល្លឺម៉ង់​មិន​បាន​បញ្ជាក់​អំពី​ចំនួន​បាតុករ​ទេ តែ​បាន​ចេញ​ធ្វើ​អន្តរាគមន៍ជា​ញឹកញាប់​​​ស្រែក​បំពង​សំឡេង​ឱ្យ​បាតុករពាក់ម៉ាស និង​គោរព​គម្លាត​សុវត្ថិភាព​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ឱ្យ​បាន​​១ម៉ែត្រ​កន្លះ​ពីគ្នា។ ​ម្យ៉ាងទៀត​ប៉ូលិស​អាល្លឺម៉ង់​ខ្លាច​បាតុកម្ម​រាលដាលទៅ​ជា​ការ​ប៉ះទង្គិច​ហិង្សា ដូច​អ្វី​ធ្លាប់​កើត​មាននៅបាតុកម្ម​ប្រហាក់​ប្រហែល​គ្នា​នៅ​​ក្រុង​ប៊ែរឡាំង។

ហ្វូង​បាតុករ​ដែល​ខ្លះ​មាន​លើក​គ្រវី​ទង់ជាតិ​ផាស៊ីស​ផងនោះបានទាមទារ​ឱ្យអាជ្ញាធរ​ដក​ចេញ​ជា​បន្ទាន់​នូវ​វិធានការទប់​ស្កាត់​កូវីដ១៩​ដែល​ប៉ះពាល់​ដល់​សិទ្ធសេរីភាព​ជាមូល​ដ្ឋាន​របស់​ពលរដ្ឋ។ តែការ​ប្រមូល​ផ្តុំ​​នេះ​​ប្រព្រឹត្ត​ទៅ​ជួនចំពេល​​ដែល​តួលេខ​នៃ​អ្នកឆ្លងកូវីដ​​​បានឡើង​ដល់​កំរិត​កំពូល។ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ (ថ្ងៃសៅរ៍​៧​វិច្ឆិកា) មានករណី​ឆ្លង​ថ្មី​ដល់​ទៅ​ជាង ២៣០០០នាក់។

​​ប្រឈម​នឹង​ការ​ផ្ទុះ​​​កូវីដ១៩​ជា​ថ្មី រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​ចេ​ញ​​វិធានការ បិទ​ភោជនីដ្ឋាន ហាង​កាហ្វេ​បារ រោង​កុន រោង​ល្ខោន​សារមន្ទីរ ​សម្រាប់​រយៈ​ពេល​៤​សប្តាហ៍។ ប៉ុន្តែ​ទោះ​​មិន​បាន​សម្រេច​បិទ​ប្រទេស​ ​ដូច​បារាំង​​ជិត​ខាង​ ឬ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​ផ្សេង ក៏​ដោយ​ក៏​សន្ទុះនៃ​កំហឹង​តវ៉ា​ប្រឆាំង​មានខ្លាំង ពីសំណាក់​​ពលរដ្ឋដែល​ធ្លាប់​តែ​មាន​វិន័យ​និងគោរព​តាម​វិធានការ​របស់​រដ្ឋាភិបាល​ត្រឹមត្រូវ​។

ដើម្បី​ទប់​ស្កាត់ការ​រាតត្បាត​របស់​កូវីដ១៩​រលកទីពីរ ប្រទេស​នៅ​អឺរ៉ុប​ជា​ច្រើន បារាំង​ អង់គ្លេស អៀរឡង់ អ៊ីតាលី​​មួយ​ភាគ និង​ក្រិក​បាន​សម្រេច​បិទ​ប្រទេស​ជា​ថ្មី រយៈ​ពេល​មួយ​ខែ។ ចំណែក​បណ្តា​ប្រទេស​អឺរ៉ុប​ជា​ច្រើន​ផ្សេង​បាន​រឹត​បន្តឹង​វិធានការរបស់ខ្លួន​។ ប៉ុន្តែ​ទោះ​វិធានការ​បិទខ្ទប់​​ប្រទេស​ ឬ​វិធានការ​ប្រឆាំង​កូវីដ​១៩ មានលក្ខណៈ​ធូរស្រាល​ជាង​កាលពី​ខែ​មីនា-មេសាក៏​ដោយ ក៏​ពលរដ្ឋទូទៅ​សុទ្ធ​តែ​ពិបាក​ទទួល​យក​ទាំង​អស់។

សូម​បញ្ជាក់​ថា ​បើតាមការគណនា​របស់​ភ្នាក់ងារសារព័ត៌មាន​បារាំង ​អឺរ៉ុប​ជា​តំបន់​រង​គ្រោះ​ទីពីរ​បន្ទាប់​ពី​អាមេរិក​ដោយ​រាប់​មាន​អ្នក​ស្លាប់សរុប​​ព្រោះ​កូវីដ​១៩​ចំនួន​ជាង ៣០ម៉ឺន​នាក់ និង​អ្នក​ឆ្លង​ជាង​១២​លាន​នាក់​។ ហើយ​ពេល​នេះ​អឺរ៉ុប​កាន់​តែ​ព្រួយ​បារម្ភ​ខ្លាំង​បន្ថែម​ទៀត​ បន្ទាប់​ពី​បាន​រកឃើញ​មានករណី​អ្នក​ឆ្លង​កូវីដ​១៩​ចំនួន​១២​នាក់​នៅ​ប្រទេស​ដាណឺម៉ាក ពី​សត្វចិញ្ចឹម​យក​រោម ដែលបញ្ជាក់ថា​វីរុស SARS-Cov-2 ​ កំពុង​ធ្វើ​បំផ្លែង​។ ការ​បំផ្លែងខ្លួន​ដែល​អាច​ធ្វើ​ឱ្យ​ការ​ស្វែង​រកថ្នាំ​វ៉ាក់​សាំង​ប្រឆាំងកូវីដ​១៩​កាន់​តែស្មុគស្មាញ។​ បើ​តាម​អង្គការសុខភាព​ពិភពលោក​ មានករណីចម្លង​កូវីដ​១៩​ក្នុងកន្លែងចិញ្ចឹម​សត្វ​យក​រោម​ ក្នុង​៦​ប្រទេស​ គឺ​ដាម៉ាណឺម៉ាក ហូឡង់ អេស្ប៉ាញស៊ុយអែត អ៊ីតាលី​និងសហរដ្ឋ​អាមេរិក។ ដោយមូលហេតុ​នេះ​សត្វ​ចំនួប​​១៥​ទៅ​១៧​លាន​ក្បាល​ត្រូវ​សម្លាប់​ចោល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ