អានតួអត្ថបទ
សហភាពអឺរ៉ុប-វ៉ាក់សាំងកូវីដ​១៩

សហភាពអឺរ៉ុប​សង្ឃឹមថា នឹង​ចាប់ផ្តើម​យុទ្ធនាការ​​ចាក់​វ៉ាក់​សាំង​​កូវីដ១៩​ នៅ​ត្រីមាស​​ទី១​​ឆ្នាំ​២០២១

ស្ថានភាពឆ្លងរាលដាលជម្ងឺកូវីដ១៩ នៅតាមប្រទេសអឺរ៉ុបសឹងទាំងអស់ នៅតែស្ថិតក្នុងការព្រួយបារម្ភជាខ្លាំង។ វិធានការ​សុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាល បានធ្វើឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចអឺរ៉ុប​។ គ្រប់គ្នាកំពុងរងចាំថ្នាំវ៉ាក់សាំង។ លោកស្រីប្រធាន​មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺនៅអឺរ៉ុប បានលើកឡើងថា លោកស្រីសង្ឃឹមថា អឺរ៉ុបនឹងអាចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ នៅរវាងត្រីមាសទីមួយ ឆ្នាំ២០២១។ ដំណឹងស្តីពីប្រសិទ្ធភាពល្អ ​របស់វ៉ាក់សាំង ផលិតដោយមន្ទីរពិសោធន៍ Pfizer និងBioNTech បានផ្តល់ក្តីសង្ឃឹមជាខ្លាំង។

លោក Margaritis Schinas លោកស្រី Stella Kyriakides ស្នងការអឺរ៉ុប​ទទួល​បន្ទុក​សុខភាព ធ្វើសន្និសីទកាសែត ស្តី​ពី​គោលនយោបាយ​ចែកចាយ​វ៉ាក់សាំងប្រឆាំង​កូវីដ​១៩។ ក្រុងព្រុចសែល ថ្ងៃទី​១៥ តុលា ២០២០
លោក Margaritis Schinas លោកស្រី Stella Kyriakides ស្នងការអឺរ៉ុប​ទទួល​បន្ទុក​សុខភាព ធ្វើសន្និសីទកាសែត ស្តី​ពី​គោលនយោបាយ​ចែកចាយ​វ៉ាក់សាំងប្រឆាំង​កូវីដ​១៩។ ក្រុងព្រុចសែល ថ្ងៃទី​១៥ តុលា ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

លោកស្រី Andrea Ammon ប្រធាន​មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺនៅអឺរ៉ុប បាននិយាយថា ស្ថានភាពឆ្លងរាលដាលជម្ងឺកូវីដ​១៩នៅអឺរ៉ុប នាពេលបច្ចុប្បន្ននេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ លោកស្រីបានអំពាវនាវ ឲ្យ​ប្រជាជនអឺរ៉ុប​ទាំងអស់ ត្រូវតែប្រឹងប្រែង​ គោរពវិធានការបង្ការការឆ្លងរាលដាល ឲ្យ​ខ្ជាប់ខ្ជួន​ជាទីបំផុត។ ទាក់ទិននឹង​ថ្នាំវ៉ាក់សាំងវិញ លោកស្រី​លើកឡើងថា បើក្នុងន័យ​សុទិដ្ឋិនិយមបំផុត លោកស្រីសង្ឃឹមថា យុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​១៩ នឹងអាចចាប់​ផ្តើមបាន នៅក្នុងត្រីមាសទី​១ ដើមឆ្នាំ​២០២១នៅអឺរ៉ុប។ តែយ៉ាងណា​លោកស្រី បញ្ជាក់ថា លោកស្រី មិនអាចអះអាងឲ្យ​ច្បាស់នោះទេ​ ព្រោះមានដំណាក់ច្រើនទៀត ដែលត្រូវឆ្លងកាត់។

គួរបញ្ជាក់ថា ដំណឹងស្តីពី​ប្រសិទ្ធិភាពល្អ ប្រមាណ​៩០% នៃវ៉ាក់សាំងស្រាវជ្រាវរួមគ្នា ដោយមន្ទីរពិសោធន៍អាមេរិក Pfizer និងមន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech បានធ្វើឲ្យ​គ្រប់គ្នា មានក្តីសង្ឃឹមជាខ្លាំង។ យ៉ាងណាមិញ នៅថ្ងៃពុធ ទី​១១វិច្ឆិកា គណកម្មការអឺរ៉ុប បាន​បញ្ជាក់ថា​ខ្លួនទើបតែ បើកផ្លូវ អនុញ្ញាតឲ្យបញ្ជាទិញថ្នាំវ៉ាក់សាំង​ពីមន្ទីរពិសោធន៍ទាំង២នេះ ចំនួន​ប្រមាណ​៣០០លានដូស។ ប្រភពមួយទៀត របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP បញ្ជាក់ថា ទីភ្នាក់ងារឱសថអឺរ៉ុប អាចនឹងផ្តល់អាជ្ញាបណ្ណផលិត និងចែកចាយ ដល់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ នៅរវាងដើមឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរ សហភាព​អឺរ៉ុប បាន​បើកភ្លើងខៀវ ដល់កិច្ចសន្យា​បញ្ជាទិញ ​ថ្នាំវ៉ាក់សាំង៣មុខផ្សេងទៀតរួចហើយ ដូចជា​ វ៉ាក់សាំងរបស់មន្ទីរពិសោធន៍អង់គ្លេស AstraZeneca និងពី​មន្ទីរពិសោធន៍អាមេរិក Johnson & Johnson ម្នាក់ៗប្រមាណ​៤០០លានដូស និងវ៉ាក់សាំងស្រាវជ្រាវដោយ​មន្ទីរពិសោធន៍ប៉ាស្ទឺបារាំង ជាមួយ​GSK ចំនួន​៣០០លានដូសទៀត។

យ៉ាងណាក៏ដោយ លោកស្រី Stella Kyriakides ស្នងការអឺរ៉ុបទទួលបន្ទុកសុខាភិបាល បានលើកឡើងថា សម្រាប់ពេល​នេះ គេមិនទាន់អាចអះអាងបានថា ពេលណានឹងទទួលបានថ្នាំវ៉ាក់សាំងមកចាក់ឲ្យ​ប្រជាជននោះទេ។ លោកស្រីបញ្ជាក់ថា នៅមានដំណាក់កាលច្រើនណាស់ ដែល​អ្នកជំនាញ​ឱសថត្រូវពិនិត្យ មុននឹងអនុញ្ញាតចរចាវ៉ាក់សាំងនីមួយៗ ដើម្បីធានាថាវាពិតជាមានប្រសិទ្ធិភាព​ នឹងមិនប៉ះពាល់សុខភាព។ ទាំងនេះ វាគឺជាការងាររបស់ទីភ្នាក់ងារត្រួតពិនិត្យ​​ឱសថអឺរ៉ុប។ ហើយម្យ៉ាងទៀត វ៉ាក់សាំងកូវីដ១៩ ដែលនឹងទទួលបាននៅដំណាក់កាលដំបូង គឺនឹងត្រូវ​ប្រើទៅលើក្រុម​ប្រជាជនដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ជរា និងក្រុមបុគ្គលិកពេទ្យជាដើម។ លោកស្រីសង្កត់ធ្ងន់ថា អ្វីដែលយើងគ្រប់គ្នាត្រូវដឹង គឺថាមិនមែនមានវ៉ាក់សាំងភ្លាម ជម្ងឺកូវីដ១៩ និងត្រូវសាបរលាបក្នុងមួយថ្ងៃនោះទេ។ ដូច្នេះគ្រប់គ្នា ត្រូវតែប្រុងប្រយ័ត្ន គោរពវិធានការ​បង្កា ទប់ស្កាត់ការឆ្លងរាលដាល កុំធ្វេសប្រហែសឲ្យសោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ