អានតួអត្ថបទ

ប្រជាជន​ស្វ៊ីស​បោះឆ្នោត​ប្រជាមតិ ដើម្បី ទាមទារ​ឲ្យ​ក្រុមហ៊ុនគោរព​បរិស្ថាន និង​សិទ្ធិមនុស្ស នៅបរទេស

នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ ​នៅពីថ្ងៃ​អាទិត្យ​ ប្រជាជន​ស្វ៊ីស ត្រូវ​ឆ្លើយយល់ព្រម ឬ  ប្រឆាំង នឹង​សេចក្តីផ្តួចផ្តើម ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ទីស្នាក់ការ​នៅ ស្វ៊ីស គោរព​បរិស្ថាន និង​សិទ្ធិមនុស្ស នៅ​ពេល​ធ្វើ​ជំនួញ​នៅ​ទឹកដី​បរទេស។ សម្រាប់អង្គការ និងក្រុមសាសនា ​ដែល​ជាអ្នកផ្តួចផ្តើម​គំនិត សំឡេង​យល់ព្រម របស់​ប្រជាជន​ស្វ៊ីស ​សំខាន់​ព្រោះ​វា​នឹងជួយជំរុញ ឲ្យ​ក្រុមហ៊ុន​គោរព​បទដ្ឋាន​អន្តរជាតិ ឲ្យ​បាន​ខ្ជាប់ខ្ជួនជាងមុន។ ប៉ុន្តែ រដ្ឋាភិបាល​ស្វ៊ីស​វិញ បាន​អំពាវនាវ​រួចហើយ ឲ្យ​ប្រជាជន​បោះឆ្នោត ប្រឆាំង ព្រោះថា សំណើ​ខាងលើ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ស្វ៊ីស ខាតបង់​ខ្លាំង។ 

​ក្រុមអង្គការ​សង្គមស៊ីវិល​ស្វ៊ីស ដែល​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើជំនួញ ប្រកប​ដោយការទទួល​ខុសត្រូវ សម្រាប់​ការបោះឆ្នោត​ប្រជាមតិ នៅថ្ងៃអាទិត្យ​ទី ២៩​វិច្ឆិកា អំពាវនាវ​ឲ្យគេ​បោះឆ្នោត យល់ព្រម គាំទ្រ​សំណើច្បាប់​ដែល​មាន​គោលដៅ​ដាក់​ពិន័យ ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅស្វ៊ីស ប៉ុន្តែ ដែល​ធ្វើ​ជំនួញ​រំលោភច្បាប់​នៅទឹកដី​បរទេស
​ក្រុមអង្គការ​សង្គមស៊ីវិល​ស្វ៊ីស ដែល​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើជំនួញ ប្រកប​ដោយការទទួល​ខុសត្រូវ សម្រាប់​ការបោះឆ្នោត​ប្រជាមតិ នៅថ្ងៃអាទិត្យ​ទី ២៩​វិច្ឆិកា អំពាវនាវ​ឲ្យគេ​បោះឆ្នោត យល់ព្រម គាំទ្រ​សំណើច្បាប់​ដែល​មាន​គោលដៅ​ដាក់​ពិន័យ ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅស្វ៊ីស ប៉ុន្តែ ដែល​ធ្វើ​ជំនួញ​រំលោភច្បាប់​នៅទឹកដី​បរទេស REUTERS - ARND WIEGMANN
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អាទិត្យ ប្រជាជន​ស្វ៊ីស ត្រូវ​សម្រេច​អារកាត់ សំណើ​ច្បាប់​សំខាន់​ពីរ ដែល​ស្នើឡើង​ដោយ​បណ្តាញ​សង្គម​ស៊ីវិល អ្នកនយោបាយ និង​អ្នកច្បាប់។ សំណើ​ទី​១ មានគោលដៅ ជំរុញ​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ ដែល​មានទីស្នាក់ការ​នៅ ស្វ៊ីស ធ្វើ​ជំនួញ ប្រកប​ដោយការទទួលខុសត្រូវ នៅបរទេស ចំណែក​សំណើ​ទី​២ ដែល​ស្នើឡើង​ដោយ​សកម្មជន​ប្រឆាំង​សង្រ្គាម មានគោលដៅ​ទាមទារ​ឲ្យ​ធនាគារ​កណ្តាល​ស្វ៊ីស ឈប់ ផ្តល់​ហិរញ្ញវត្ថុ ប្រាក់កម្ចី ដល់​ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ចំណេញ ៥% បាន​ពី​ការលក់អាវុធ។

ស្វ៊ីស ជា​ប្រទេស​ដ៏តូច​មួយមែន ប៉ុន្តែ ប្រទេស​ដែល​មិនធ្លាប់​ជួបសង្រ្គាម​មួយនេះ មាន​អានុភាព បោះដៃ ទៅគ្រប់កន្លែង​ក្នុងពិភពលោក។ ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ហើយ​និង ធនាគារ​ល្បីៗ មានទីស្នាក់ការ នៅប្រទេស​ស្វ៊ីស ចំណែក ការដោះដូរ ពាណិជ្ជកម្ម​សំខាន់ៗ ក៏ធ្វើឡើង នៅទឹកដី​ស្វ៊ីស ដោយមក​ពី ច្បាប់ នយោបាយ​អនុគ្រោះ​ពន្ធ។

សម្រាប់​សមាជិកសភា​មកពី​គណបក្ស​ឆ្វេងនិយម សាស្ត្រាចារ្យ និង​ក្រុមសាសនា អង្គការ​សង្គមស៊ីវិល​ចំនួន ១៣០ ដែល​ជាអ្នកផ្តួចផ្តើម​គំនិត បង្កើត​សេចក្តីព្រាងច្បាប់ ខាងលើ ក្រុមហ៊ុន ស៊្វីស​ជាច្រើន​បាន​គិតគូរពីបញ្ហា​សិទ្ធិមនុស្ស នៅក្នុង​វិធាន​របស់​ក្រុមហ៊ុន ក៏ប៉ុន្តែ នៅតែ​មិនគ្រប់គ្រាន់ ព្រោះវា​ធ្វើឡើង​ទៅតាម​ឆន្ទៈ​តែប៉ុណ្ណោះ។ ដើម្បី បញ្ចុះ​បញ្ចូល​ឲ្យ​ប្រជាជន​ស្វ៊ីស បោះឆ្នោត យល់ព្រម​គាំទ្រ​សំណើច្បាប់ របស់ខ្លួន ក្រុមអ្នកផ្តួចផ្តើមគំនិត បាន​ធ្វើ​យុទ្ធនាការ ឃោសនា​ក្នុង​ទ្រង់ទ្រាយ​ធំ ដែលនៅក្នុង​នោះ គេ​បាន​បង្ហាញ រូបភាព​ប្រជាជន​ដែល​រងគ្រោះ ដោយសារ​តែ​មុខជំនួញ​របស់​ក្រុមហ៊ុន ដែល​មាន​ទីស្នាក់ការ​នៅ ប្រទេស​ស្វ៊ីស។

ឧទាហរណ៍ គេ​បានលើក​យក​ករណី​កុមារ និង​ប្រជាជន​ដែល​រងគ្រោះ មាន​បញ្ហា​សុខភាព ដោយសារ​តែ សារធាតុ​ពុល ហូរ​ចេញ​មកពី​អាជីវកម្មជីក​រ៉ែ​របស់​ក្រុមហ៊ុនមួយ ដែល​មាន​ការិយាល័យ នៅ ទីក្រុង Barr ប្រទេស​ស្វ៊ីស។

ទៅតាម​សំណើ​របស់​ក្រុម អ្នកផ្តួចផ្តើម​ឲ្យ​មាន​ច្បាប់​ស្តីពី​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន បុគ្គល ឬ​អង្គការ​ដែល​វាយតម្លៃថា ក្រុមហ៊ុន​អន្តរជាតិ បានចូលរួម​បំផ្លាញ​បរិស្ថាន ឬ ចូលរួម​រំលោភសិទ្ធិមនុស្ស អាច​នឹង​មាន​សិទ្ធិ ​ដាក់ពាក្យ​ប្តឹង​ទៅកាន់​តុលាការ​ស្វ៊ីស ជាទី​ដែលមាន​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន។ នៅតុលាការ ដើមបណ្តឹង អាច​ទាមទារ​សំណង​ខូចខាត ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន ដែល​មានទីតាំង​នៅ​ស្វ៊ីស។ គឺ​បណ្តឹងតវ៉ា​នៅតុលាការ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ ធំៗ​នៅ​ស្វ៊ីស ភ័យ ព្រួយបារម្ភ​និង​ខ្លាច ថា ខ្លួន​ត្រូវ​ជាប់ឈ្មោះ ស្អុយ​អាក្រក់ មុន​នឹង​ត្រូវ​លាងសំអាត មកវិញ នៅក្រោយ​ការដេញដោល បង្ហាញ​ភស្តុតាង នៅទីបញ្ចប់។

សំណើច្បាប់ ពី​ខាង​គណបក្ស​ឆ្វេងនិយម និង​អង្គការ​ស៊ីវិល បានរងការរិះគន់​ពី​រដ្ឋាភិបាល និង​រដ្ឋសភា​ស្វ៊ីស ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បោះឆ្នោត មិន​គាំទ្រ។ សម្រាប់​រដ្ឋាភិបាល​ស្វ៊ីស សំណើ​របស់​អ្នកផ្តួចផ្តើមគំនិត ជ្រុលហួសហេតុ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច បំផ្លាញ បរិយាកាស​ធ្វើ​ជំនួញ នៅស្វ៊ីស។ តាម​​រដ្ឋាភិបាល ដដែល ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន ដែល​ជាអ្នក​បង្កើតការងារ សម្រាប់​ប្រជាជន​ស្វ៊ីស នឹង​អាច​រើ ចេញពី​ប្រទេស ស្វ៊ីស ដោយសារ​តែសំណើ​ច្បាប់ខាងលើ។

រដ្ឋាភិបាល​បាន​ដាក់​សំណើច្បាប់​ថ្មីមួយ ទៀត ដែល​ប្រឆាំង នឹង​សំណើច្បាប់​របស់​ក្រុមអង្គការ។ តាមសំណើច្បាប់​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​ត្រូវ​គិតគូរ​ពីបញ្ហា​បរិស្ថាន នៅ​ពេល​ធ្វើ​ជំនួញ​នៅបរទេស ប៉ុន្តែ មិនរងការដាក់ពិន័យ។ ក្នុងករណី សំណើច្បាប់​របស់​ក្រុមអង្គការ បរាជ័យ​មិនបានទទួល​សំឡេងគាំទ្រ នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ នៅថ្ងៃអាទិត្យ សំណើច្បាប់​របស់រដ្ឋាភិបាល នឹង​ចូល​ជា​ធរមាន ដោយស្វ័យប្រវត្តិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ