អានតួអត្ថបទ
បារាំង-អេហ្ស៊ីប

ប្រធានាធិបតី​បារាំង​ស្វាគមន៍​សមភាគី​​​​អេហ្ស៊ីប ដោយ​និយាយ​តិចតួច​ពី​បញ្ហា​សិទ្ធិមនុស្ស

ប្រធានាធិបតី​អេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី Abdel Fattah al-Sissi កំពុង​​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​បារាំង ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​បញ្ហា​សន្តិសុខ។ នា​ឱកាស​នេះ​ប្រធានាធិបតី​​បារាំង បាន​សម្តែង​អំណរគុណ​អេហ្ស៊ីប​ ដែល​បាន​គាំទ្រ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​បារាំង នៅក្នុង​បណ្តាប្រទេស​អារ៉ាប់។ ប៉ុន្តែប្រធានបទ​សិទ្ធិមនុស្ស​អាច​នឹង​​ធ្វើ​ឱ្យ​​ដៃ​គូបារាំង​អេហ្ស៊ីបទើស​ទាល់​នឹង​គ្នាខ្លាំង។

លោក ស៊ីស៊ី ប្រធានាធិបតី​អេហ្ស៊ីប​ និង​លោក ម៉ាក្រុង នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួ​មគ្នា នៅ​វិមាន​ប្រធានាធិបតី​បារាំង ​ក្រុង​ប៉ារីស ថ្ងៃទី ៧ ធ្នូ ២០២០
លោក ស៊ីស៊ី ប្រធានាធិបតី​អេហ្ស៊ីប​ និង​លោក ម៉ាក្រុង នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួ​មគ្នា នៅ​វិមាន​ប្រធានាធិបតី​បារាំង ​ក្រុង​ប៉ារីស ថ្ងៃទី ៧ ធ្នូ ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល​ម៉ាក្រុង នា​ព្រឹក​ថ្ងៃ​ចន្ទទី​៧ ធ្នូ​២០២០​នេះ ប្រមុខ​ដឹកនាំបារាំង​និ​ងអេហ្ស៊ីប​​ បាន​​ជជែក​ពិភាក្សា​អំពី​ប្រធានបទ​សំខាន់​ៗ​ក្នុង​តំបន់​ជា​ច្រើន​ដូច​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ ​វិបត្តិ​នៅ​លីប៊ី ជម្លោះ​អ៊ីស្រាអែល-​ប៉ាឡេស្ទីន​ អ៊ីរ៉ង់ លីបង់ ព្រោះ​អេហ្ស៊ីប​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​របស់​បារាំង។

“បារាំង​និង​អេហ្ស៊ីប រួប​រួម​គ្នា​ស្ថាបនា​ពិភពមួយ​មាន​អរិយធម៌​ គ្មាន​ការ​ប្រហារជីវិត និង​ គ្មាន​ការ​ស្អប់​ខ្ពើម​គ្នា​ព្រោះ​ចង់​​បញ្ចេញ​មតិទេ”​។ នេះ​ជា​ការ​អះអាង​របស់​លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង​ ដោយ​បាន​ទទូច​ឱ្យ​អេហ្ស៊ីប​ ដែល​រងការ​រិះគន់​ពី​សំណាក់​អង្គការ​ការពារ​​សិទ្ធិមនុស្ស​នានា បើក​ចំហ​ប្រទេស​​បែប​ប្រជាធិបតេយ្យ​ និង​សង្គម​ស៊ីវិល​សកម្ម។

ថ្វី​បើ​បារាំង​បាន​បង្ហើប​អំពី​បញ្ហា​សិទ្ធិមនុស្សក្នុង​ជំនួប​ជាមួយសមភាគី​អេហ្ស៊ីប​និង​បាន​អប​អរ​ការ​ដោះលែង​មេដឹកនាំ​ចលនា​ទាមទារ​សិទ្ធិ​បុគ្គល​អេហ្ស៊ីប​បីនាក់​មែន ប៉ុន្តែ​លោក​ ម៉ាក្រុង បដិសេធ​មិន​យក​បញ្ហា​សិទ្ធិមនុស្ស​នេះ​មក​ធ្វើ​ជា​លក្ខខណ្ឌ​នៃការ​រឹត​ចំណង​​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រនឹង​គ្នា​ទេ។

​បើ​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ អេហ្ស៊ីប​មាន​ឃុំ​ឃាំង​អ្នក​ទោសមនសិកា​ជាង​៦ម៉ឺន​នាក់។ តាំង​ពី​ឡើង​កាន់​អំណាច​មក​ រដ្ឋាភិបាល​របស់​ លោក អាល់ស៊ីស៊ី បានធ្វើ​ការ​បង្ក្រាប​រាល់​គ្រប់​​ទម្រង់​ មិន​ថា​ជា​បក្ស​ប្រឆាំង ក្រុមជ្រុលនិយម​អ៊ីស្លាម ឬ​ក្រុម​អ្នក​សេរីនិយម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ