អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩-អង់គ្លេស

កូវីដ១៩៖ AztraZeneca​ អះអាងថា​បាន​រកវិធី ធ្វើឲ្យ​​វ៉ាក់សាំង​ខ្លួន​​មាន​ប្រសិទ្ធិភាព​​១០០%

មន្ទីរពិសោធន៍ឱសថរបស់អង់គ្លេស AztraZeneca បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃទី​២៧ធ្នូថា អ្នកជំនាញខ្លួន​ បានរកវិធីបានសម្រេច ដើម្បីធ្វើឲ្យវ៉ាក់សាំងកូវី៩របស់ខ្លួន មានប្រសិទ្ធិភាពខ្ពស់ រហូត​ដល់១០០%។ នេះជាដំណឹងល្អមួយ ខណៈដែលរដ្ឋាភិបាល​អង់គ្លេស កំពុងត្រៀម​បើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស នៅដើមឆ្នាំ២០២១ ហើយដែលគេបានផ្តល់ក្តីសង្ឃឹមធំដល់​វ៉ាក់សាំងនេះ ព្រោះវាមានតម្លៃថោក និង​ងាយស្រួលស្តុកទុក។

អាជ្ញាធរឱសថអង់គ្លេស កំពុងត្រៀម​ផ្តល់អាជ្ញាបណ្ណដល់វ៉ាក់សាំង របស់ AstraZeneca/Oxford
អាជ្ញាធរឱសថអង់គ្លេស កំពុងត្រៀម​ផ្តល់អាជ្ញាបណ្ណដល់វ៉ាក់សាំង របស់ AstraZeneca/Oxford JOEL SAGET AFP
ផ្សាយពាណិជ្ជកម្ម

លោក Pascal Soriot អគ្គនាយកម​ន្ទីរពិសោធន៍ AztraZeneca បានអះអាងប្រាប់កាសែត Sunday Times ថា វ៉ាក់សាំងផលិត​ដោយ​មន្ទីរពិសោធន៍លោក សហការជាមួយ​សកលវិទ្យាល័យ Oxford គឺអាចមាន​ប្រសិទ្ធិភាពខ្ពស់ ១០០% ក្នុងការប្រឆាំងនឹងទំរងធ្ងន់ធ្ងរនៃជម្ងឺកូវីដ​១៩។ លោកបានពន្យល់ថា អ្នកជំនាញបានរកឃើញវិធី ការចាក់វ៉ាក់សាំងនេះ ២លើក ដោយ​មួយ​លើកចំនួន​​១ដូស ទៅលើមនុស្ស​ម្នាក់ គឺអាចធ្វើឲ្យ​បង្កើន​ប្រសិទ្ធិភាព​នៃវ៉ាក់សាំង។

សូមរំលឹកថា យោងតាម​លទ្ធផល​សិក្សាសាកល្បងពាក់កណ្តាល ដែលបានធ្វើ​នៅអង់គ្លេស និងប្រេស៊ីល វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AztraZeneca មានប្រសិទ្ធិភាព​​ត្រឹមតែ​ប្រមាណ​៧០%ប៉ុណ្ណោះ ពោលគឺទាបជាងវ៉ាក់សាំងរបស់ BioNTech/Pfizer និង Moderna ដែលមានប្រសិទ្ធិ​ភាព​សុទ្ធតែជាង៩០%។

តែយ៉ាងណា អ្នកជំនាញរបស់មន្ទីរពិសោធន៍ AztraZeneca ​បាន​លើកឡើងពន្យល់ថា នៅក្នុងពេលចាក់សាក​ល្បង គឺ​គេបានចែកមនុស្សជា២ក្រុម ដោយ​​ក្រុមទី១​ ត្រូវទទួលការ​ចាក់ចំនួន​២លើក មួយលើកមួយដូស ឃ្លាតគ្នាមួយ​ខែ។ តែពេលប្រតិបត្តិការគឺមានការភ័ន្តច្រឡំ ដោយ​លើកទីមួយ មានអ្នកខ្លះ​​បានទទួលបានតែ​កន្លះដូស។ សម្រាប់ក្រុមទីមួយ​នេះ លទ្ធផលប្រសិទ្ធិភាព គឺមាន​៩០%។ ចំណែកក្រុមទី២ គឺបានទទួលការចាក់ចំនួន​តែមួយលើកទេ តែចាក់ម្តងចំនួន​២ដូសតែម្តង។ សម្រាប់ក្រុមនេះ លទ្ធផលប្រសិទ្ធិភាព គឺមានត្រឹមតែ ៦២%។

គួរបញ្ជាក់ថា វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AztraZeneca​ ត្រូវបានគេរំពឹងរងចាំខ្លាំងជាងគេ ដោយ​សារតែវ៉ាក់សាំងនេះ មានតម្លៃថោក ពោលគឺប្រមាណតែ ៤ដុល្លារប៉ុណ្ណោះ ក្នុងមួយដូស ហើយមួយវិញទៀត វ៉ាក់សាំងនេះ អាចរក្សាទុកបាន​នៅក្នុងទូទឹកកកធម្មតា ដោយ​មិនចាំបាច់ ទុកក្នុងទូបង្កកមានសីតុណ្ហភាព ដល់ទៅក្រោម៨០°C ដូចវ៉ាក់សាំងរបស់ Pfizer នោះទេ។​

យ៉ាងណាមិញ អាជ្ញាធរឱសថអង់គ្លេស កំពុងតែរៀបចំផ្តល់ភ្លើងខៀវ ឲ្យវ៉ាក់សាំងរបស់ AztraZeneca ក្នុងពេលដ៏ឆាប់នេះ ដើម្បីចាប់ផ្តើមបើកយុទ្ធនាការចាក់ នៅថ្ងៃទី​៤មករា។ អង់គ្លេសបានបញ្ជាទិញវ៉ាក់សាំង AztraZeneca ចំនួន​១០០​លានដូស។ ទាក់ទិននឹងមេរោគកូវីដ១៩ដែលបំប្លែងខ្លួនថ្មីវិញ លោកអគ្គនាយក​មន្ទីរពិសោធន៍​ AztraZeneca បានអះអាងថា មិនប៉ះពាល់ដល់ប្រសិទ្ធិភាពវ៉ាក់សាំងទេ។ តែយ៉ាងណាមន្ទីរពិសោធន៍នេះ នឹងចាប់ផ្តើមត្រៀមស្រាវជ្រាវវ៉ាក់សាំងថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ