អានតួអត្ថបទ

ក្រូអាស៊ី រងគ្រោះ ដោយសារ​ការញ្ជួយដី ក្នុង​កម្រិត​ ៦,៤​មាត្រដ្ឋាន ​រិចទែរ

ក្រូអាស៊ី នៅ​តំបន់​បាល់កង់​បានរងគ្រោះ ដោយសារ​គ្រោះរញ្ជួយដី ពីរថ្ងៃជាប់ៗគ្នា។ នៅ​ថ្ងៃ​អង្គារ ការរញ្ជួយ​ប្រឹថពី​ក្នុង​កម្រិត​​ ៦,៤​មាត្រដ្ឋាន ​រិចទែរ​បាន​បំផ្លាញ​ធ្ងន់ធ្ងរ ផ្ទះសម្បែង អគារ​សាលារៀន និង​បាន​សម្លាប់​ក្មេងស្រី​ម្នាក់ នៅ ទីក្រុង Petrinja ភាគកណ្តាល​ប្រទេស។ កម្លាំងរញ្ជួយដី​នៅ ក្រូអាស៊ី​បាន​លាតសន្ធឹង ទៅដល់​ប្រទេស​ជិតខាង​ស្លូវ៉ានី ហើយនិង​ប្រទេស​ក្នុង​តំបន់ផ្សេងទៀត ដូចជា ហុងគ្រី និង​អូទ្រីស​ជាដើម។ 

ទាហាន​និង​ក្រុមជួយសង្រ្គោះបន្ទាន់នៅ កន្លែង​ដែល​អគារ​បាក់បែក​ដោយសារ​គ្រោះរញ្ជួយដី​កាលពី​ថ្ងៃអង្គារទី ២៩ ធ្នូ ២០២០ នៅ​ទីក្រុងPetrinja ប្រទេស​ក្រូអាស៊ី
ទាហាន​និង​ក្រុមជួយសង្រ្គោះបន្ទាន់នៅ កន្លែង​ដែល​អគារ​បាក់បែក​ដោយសារ​គ្រោះរញ្ជួយដី​កាលពី​ថ្ងៃអង្គារទី ២៩ ធ្នូ ២០២០ នៅ​ទីក្រុងPetrinja ប្រទេស​ក្រូអាស៊ី REUTERS - ANTONIO BRONIC
ផ្សាយពាណិជ្ជកម្ម

ចំណុចរញ្ជួយ​ស្ថិតនៅ​ក្នុង​ជម្រៅដី ១០គីឡូម៉ែត្រ និង​ឆ្ងាយ ពី​រដ្ឋធានី Zagreb របស់​ប្រទេស​ក្រូអាស៊ី ប្រមាណ ៥០គីឡូម៉ែត្រ ប៉ុន្តែ វាមាន​កម្លាំងខ្លាំង ទៅរង្គោះរង្គើ រញ្ជួយ​ដល់​រដ្ឋធានី Zagreb រហូត​ធ្វើ​ឲ្យ​ប្រជាជន​ភ័យខ្លាច​រត់ចេញពីផ្ទះសម្បែង ទៅឈរ​នៅលើ​ផ្លូវ គ្រប់គ្នា កាលពី ថ្ងៃ​អង្គារ។

នៅ​ទីក្រុង Petrinja ដែល​ស្ថិតនៅ​ចម្ងាយ​តែ ២គីឡូម៉ែត្រ ពី​ចំណុច​រញ្ជួយ ក្រុមជួយសង្រ្គោះបន្ទាន់ និង​ទាហាន​ក្រូអាស៊ី ត្រូវ​បាន​ពង្រាយ​ភ្លាមៗ ដើម្បី ស្វែងរក អូសទាញ មនុស្ស​ចេញពីគំនរថ្ម​អគារ​បែកបាក់ ដោយសារ​កម្លាំងរញ្ជួយដី ដែលមាន​កម្រិត ៦,៤មាត្រដ្ឋាន​រិចទែរ។

តាមតួលេខ​បឋម​របស់​ប៉ូលិស​ក្រូអាស៊ី មាន​ក្មេងស្រី អាយុ ១២ឆ្នាំ​ម្នាក់ ស្លាប់ និង​មនុស្ស​២០នាក់​ត្រូវ​បាន​បញ្ជូន​ទៅ មន្ទីរពេទ្យ ដែលក្នុង​នោះ ២នាក់​រងរបួសធ្ងន់។ សម្រាប់​នាយករដ្ឋមន្រ្តី ក្រូអាស៊ី លោក Andrej Plenkovic អគារ​ភាគច្រើន របស់​ទីក្រុង Petrinja រងការខូចខាតធ្ងន់ធ្ងរ និង​គ្រោះថ្នាក់ ខ្លាំង សម្រាប់​ប្រជាជន។ ដូច្នេះ លោក​បាន​ប្រកាស​បញ្ជូន​ផ្ទះ​កុងតឺណ័រ សម្រាប់​ឲ្យ​ប្រជាជន ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​ពេល​រង់ចាំ​ការវាយតម្លៃ ការខូតខាត​ពីអ្នកជំនាញ។

ក្រូអាស៊ី ជាប្រទេស​បាល់កង់ មួយ​ដែល​ឧស្សាហ៍​រងគ្រោះ​ដោយសារ​ការរញ្ជួយដី ព្រោះវា​លាតសន្ធឹង​នៅលើ​តំបន់​ដែល​មាន​គ្រោះរញ្ជួយដី​សកម្មខ្លាំង។ នៅ​ថ្ងៃ​ចន្ទ ក្រូអាស៊ី​បាន​រងគ្រោះ​ម្តងហើយ​ដោយសារ​គ្រោះរញ្ជួយដី​តូចមួយ ដែល​មិន​បាន​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ ដូច​ថ្ងៃ​អង្គារនោះទេ។

នៅ ថ្ងៃ អង្គារ គ្រោះរញ្ជួយដី​នៅ ក្រូអាស៊ី បាន​រញ្ជួយ​ទៅដល់​ប្រទេស​ហុងគ្រី អូទ្រីស។ ស្លូវ៉េនី ដែល​មាន​ព្រំដែន​ជាប់ជាមួយ ក្រូអាស៊ី បាន​សម្រេច បិទ​ជាបន្ទាន់ រោងចក្រ​នុយក្លេអ៊ែរ តែមួយ របស់ខ្លួន។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស្លូវ៉េនី STA ការបិទ​រោងចក្រនុយក្លេអ៊ែរ ជា​ដំណើរការ​ប្រុងប្រយ័ត្ន​ធម្មតា ក្នុង​ករណី​មាន​គ្រោះរញ្ជួយដី​ក្នុង​កម្រិត​ធ្ងន់ធ្ងរ។ វិធានការ​បិទរោងចក្រ​នុយក្លេអ៊ែរ​ដែល​អាច​ផលិត អគ្គិសនី ៧០០​ម៉េហ្កាវ៉ាត់ អាច​ប៉ះពាល់​ទៅដល់​ការផ្គត់ផ្គង់​អគ្គិសនី ទាំងនៅ ស្លូវ៉េនី និង​ក្រូអាស៊ី ព្រោះថា ប្រទេស​ទាំងពីរ​បាន​ចែករំលែក ប្រើរួមគ្នា​រោងចក្រ ដែល​សាងសង់ ឡើង​តាំង​ពី សម័យ​យូហ្គោស្លាវី។ នៅ ក្រោយ ដាក់ឲ្យដំណើរការ អស់​៤០ឆ្នាំ គេ​ត្រូវ​បិទរោងចក្រនុយក្លេអ៊ែរ មួយនេះ នៅ​ឆ្នាំ ២០២៣។ ប៉ុន្តែ ទាំង​រដ្ឋាភិបាល​ស្លូវ៉េនី និង​ក្រូអាស៊ី​បាន​សម្រេច​កាលពី​ឆ្នាំ ២០១៥ ថា នឹង​បន្តប្រើប្រាស់​រោងចក្រ​នុយក្លេអ៊ែរ ដ៏ចំណាស់មួយនេះ ក្នុង​រយៈពេល ២០ឆ្នាំទៀត ពោល​គឺ រហូត​ដល់​ឆ្នាំ ២០៣៥ ដោយ​មិនខ្វល់​ពី​កង្វល់ និងការតវ៉ា របស់​ក្រុម​អង្គការ​ការពារ​បរិស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ