អានតួអត្ថបទ
កូវីដ១៩ វ៉ាក់សាំង

ក្រុមអ្នកជំនាញ៖ជំងឺកូវីដ១៩ នឹងគ្មានទីបញ្ចប់ បើប្រទេសទាំងអស់ក្នុង​លោកមិនទទួលបានវ៉ាក់សាំង

ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ក្នុង​ថ្ងៃ​សៅរ៍ ទី១៣ កុម្ភៈ​ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩ នឹង​មិន​អាច​បិទបញ្ចប់​ការ​ឆ្លងរាលដាល​បាន​ឡើយ ប្រសិន​បើ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​លោក​មិន​ទទួល​បាន​វ៉ាក់សាំង​ឆាប់ៗ និង​ស្មើភាព​គ្នា​ទេ​នោះ។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​មាន​ប្រទេស​ជា​ច្រើន​កំពុង​ពិចារណា​ពី​ការ​ចង់​បង្កើត​ឲ្យ​មាន​លិខិតបញ្ជាក់​ចាក់វ៉ាក់សាំង​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច មុន​នឹង​​ធ្វើ​ដំណើរចេញទៅ​បរទេស។ តាម​ក្រុម​អ្នកជំនាញ​ដដែល ការ​ដែល​ក្រុម​ប្រទេស​អ្នកមាន​ស្រវ៉ា​យក​វ៉ាក់សាំង​តែ​ឯង​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​អូសបន្លាយ​វិបត្តិ​សុខភាព​សកល។

ក្រុមអ្នកជំនាញថា ជំងឺកូវីដ១៩ នឹងគ្មានទីបញ្ចប់ បើប្រទេសទាំងអស់មិនទទួលបានវ៉ាក់សាំង។
ក្រុមអ្នកជំនាញថា ជំងឺកូវីដ១៩ នឹងគ្មានទីបញ្ចប់ បើប្រទេសទាំងអស់មិនទទួលបានវ៉ាក់សាំង។ AP - Frank Augstein
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​យ៉ាង​ដូច​នេះ​របស់​ក្រុម​អ្នកជំនាញ​បាន​ធ្វើ​ឡើង​នៅ​លិខិត​មួយ​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​អង់គ្លេស​ឈ្មោះ The Lancet។ លោក Olivier Wouters អ្នកជំនាញ​មក​ពី London School of Economics and Political Science.បាន​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជា​វ៉ាក់សាំង​ដែល​ពិភពលោក​សព្វថ្ងៃ​ត្រូវ​ការ​ខ្លាំង​ជាង​វ៉ាក់សាំង​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ តែ​ដើម្បី​អាច​បង្កើត​ឲ្យ​មាន​អង់ទីក​សមូហភាព​សម្រាប់​ការពារ​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន ពិភពលោក​ត្រូវ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ ហើយ​ការ​ចែកចាយ​វ៉ាក់សាំង​ទៀត​សោត​ក៏​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ឆាប់ និង​ស្មើភាព​សម្រាប់​គ្រប់​ប្រទេស​ទាំង​អស់ នេះ​ជា​ការ​អះអាង​របស់​ក្រុម​អ្នកជំនាញ។

តាម​ក្រុម​អ្នកជំនាញ ការ​ដែល​ក្រុម​ប្រទេស​អ្នក​មាន​បូម​យក​វ៉ាក់សាំង​តែ​ឯង និង​ការ​ប្រកាន់ជាតិនិយម​វ៉ាក់សាំង​អាច​ធ្វើ​ឲ្យ​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាពពិភពលោក​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​រយៈពេល​ច្រើន​ឆ្នាំ។ គួរ​រម្លឹក​ថា យន្តការ​កូវ៉ាក់​នេះ​មាន​កម្មវត្ថុ​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ទៅ​ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ និង​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ។ ក្រុម​អ្នកជំនាញ​ដដែល​បាន​កត់សម្គាល់​ឃើញ​ថា ក្រុម​ប្រទេស​អ្នកមាន​តំណាង​ឲ្យ​តែ ១៦% នៃ​ប្រជាជន​សរុប​ក្នុង​លោក​ទេ តែ​បែរ​ជា​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ដល់​ទៅ ៧០% ពោល​គ្រប់គ្រាន់​ដើម្បី​អាច​ចាក់​ឲ្យ​ប្រជាជន​ខ្លួន​បាន​ច្រើន​ដង​ឯណោះ។ លោក Mark Jit អ្នកជំនាញ​មក​ពី​ London School of Hygiene and Tropical Medicine មាន​ការ​សោកស្តាយ​ដែល​ក្រុម​ប្រទេស​អ្នក​មាន​បាន​បង្ការ​ទុក​វ៉ាក់សាំង​ក្នុង​បរិមាណ​ដ៏​ច្រើន​របៀប​នេះ។

យ៉ាង​ណា​ក៏​ដោយ និង​ដើម្បី​ឲ្យ​ពិភពលោក​មាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ គ្រប់គ្រាន់​ឆាប់ៗ ក្រុម​អ្នក​ជំនាញ​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បញ្ជូន​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ​អាច​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួន​ឯង។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នកជំនាញ​ក៏​បាន​ស្នើ​ឲ្យ​មាន​យន្តការ​ត្រួតពិនិត្យ​លើ​តម្លៃ​វ៉ាក់សាំង​ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ខ្ពស់​ជ្រុល។ តែ​ក្រុម​អ្នកជំនាញ​សង្ឃឹម​ថា បើ​អង្គការ​សុខភាព​ពិភពលោក​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​ចិន និង​រុស្ស៊ី​នៅ​ថ្ងៃ​ណា​មួយ​នោះ ការ​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​ក៏​អាច​មិន​សូវ​មាន​ខ្លាំង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ