អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

អង្គការសុខភាពពិភពលោកពិចារណាអំពីការចែកចាយថ្នាំបង្ការ AstraZeneca ដល់ប្រទេសក្រីក្រ

នៅ​អង់គ្លេស រដ្ឋាភិបាលសម្រេច​កម្មវត្ថុ​ ​ចាក់វ៉ាក់សាំង​កូវីដជូន​​ប្រជាជន​បានតាម​ផែនការ​កំណត់​ពី​ដំបូង​របស់​ខ្លួន។ ចំណែក​ប្រទេស​ក្រីក្រវិញ ក៏​ជិត​បាន​ទទួល​ថ្នាំ​បង្ការ​កូវីដ-១៩ ​ ព្រោះ​នៅ​ថ្ងៃចន្ទ​នេះ អង្គការ​សុខភាព​ពិភពលោក​ត្រូវជួប​​ប្រជុំគ្នា​ ដើម្បី​សម្រេច​អនុញ្ញាត​ឲ្យ​ចែកចាយវ៉ាក់សាំង AstraZeneca មួយ​ទៀត សម្រាប់​យក​ទៅ​ចែកចាយ​ជូន​ប្រទេស​ក្រីក្រ ​តាម​​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ។

អង្គការសុខភាពពិភពលោកពិចារណាអំពីការចែកចាយថ្នាំបង្ការ AstraZeneca ដល់ប្រទេសក្រីក្រ
អង្គការសុខភាពពិភពលោកពិចារណាអំពីការចែកចាយថ្នាំបង្ការ AstraZeneca ដល់ប្រទេសក្រីក្រ JUSTIN TALLIS AFP/File
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​ ត្រូវ​​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​ទី ១៥​កុម្ភៈ​នេះ ដើម្បី​ផ្តល់​សេចក្តី​សម្រេច​ “បន្ទាន់”​ ឱ្យ​ប្រើប្រាស់​ថ្នាំវ៉ាក់សាំងរបស់​ក្រុមហ៊ុន​អង់គ្លេស​ Oxford-AstraZeneca សម្រាប់​ចែក​ចាយ​ជូន​ប្រទេស​ក្រីក្រ​ ដែល​ខ្វះ​ខាត​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ​១៩។ ជា​ថ្នាំ​បង្ការរបស់ក្រុមហ៊ុន​អង់គ្លេស​ ​AstraZeneca ដែល​​ផលិត​នៅ​ក្នុង​ប្រទេសផ្សេង។

កាលពី​ថ្ងៃសុក្រទី ១២​កុម្ភៈ អង្គការ​សុខភាព​ពិភពលោក បាន​ពិភាក្សា​គ្នា​រួច​ហើយ​អំពី​លទ្ធភាព​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ​ ផលិត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង។ នៅ​ថ្ងៃនេះ ជាការ​ពិភាក្សា​អំពី​ថ្នាំ​បង្ការ​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​ក្រុមហ៊ុន​Serum Institute។ ក្រុម​អ្នក​ជំនាញ​នឹង​ផ្តល់​សេចក្តី​សម្រេចឱ្យ​ថ្នាំបង្ការ​ទាំង​ពីរ​ប្រភេទ​នេះ ​នៅ​រវាង​ពីរ​បី​ថ្ងៃ​ទៀត​ខាង​មុខ។

ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ប្រទេស​អង់គ្លេស ការ​ចាក់​ថ្នាំបង្ការ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ដូច​ផែនការ។ គិត​ត្រឹម​ពាក់កណ្តាល​ខែ​កុម្ភៈ ប្រជាពលរដ្ឋ​បួន​ប្រភេទ​ដែល​មាន​អាទិភាព​ជាង​គេ​ គឺ​មនុស្ស​ចាស់​អាយុ​លើស​៧០​ឆ្នាំ បុគ្គលិក​សុខាភិបាល​ដែល​នៅ​ជួរ​មុខ បុគ្គលិក​ធ្វើការ​និង​អ្នក​រស់​នៅ​ក្នុង​មណ្ឌល​ចាស់​ជរា ព្រមទាំង​អ្នក​ជំងឺ​ងាយ​រងគ្រោះ បានទទួល​ថ្នាំ​​បង្ការ​កូវីដ។ ពោល​គឺអង់គ្លេស​បាន​ចាក់​ថ្នាំ​បង្ការ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​ ​១៥​លាន​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អង់គ្លេស​សរុប​៦៦​លាន​នាក់។ ​ រដ្ឋាភិបាលអង់គ្លេស​​របស់​​លោក​ បូរីសចនស៊ុន​ សង្ឃឹម​ថា​នឹង​អាច​បើក​សាលា​រៀន​ឡើង​វិញចាប់​ពី​ថ្ងៃទី ៨​មីនា​ទៅ និងបើក​ប្រទេស​ឡើង​វិញ​បន្តិចម្តង។ ប៉ុន្តែចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​​អ្នក​ដំណើរ​មក​ពី​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​នឹង​ជាប់​ចត្តាឡីស័ក​សិន។

ចំណែក​ជប៉ុន​វិញ រដ្ឋាភិបាល​ទើប​បាន​ផ្តល់​ការព្រមព្រៀង​ កាលពី ថ្ងៃ​អាទិត្យ​ទី ១៤​កុម្ភៈ ឱ្យ​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer/BioNTech។ យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃពុធ​ទី​១៧​កុម្ភៈ។ បុគ្គលិក​សុខាភិបាល​ចំនួន​១ម៉ឺន​ទៅ ២​ម៉ឺន​នាក់​បាន​ទទួល​ថ្នាំ​បង្ការ​មុន​គេ។ មនុស្ស​ចាស់​ចាប់​ពី​ខែ​មេសា​ដោយ​ប្រើ​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​ផ្សេង។

ថ្នាំ​វ៉ាក់សាំង​ចំនួន ១៧២​,១០​លាន​ដូស ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​នៅ​ក្នុង ​៩៥​ប្រទេស នៅ​លើ​ភពផែន​ដី​ គិត​ត្រឹម​ថ្ងៃ​១៤ កុម្ភៈ ២០២១​នេះ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ