អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

អង់គ្លេស ​ជំរុញការ​ទំលាក់​​អាវុធ​បណ្តោះអាសន្ន នៅតាម​​តំបន់​មាន​ជម្លោះ ដើម្បី​ចាក់​វ៉ាក់សាំង​កូវីដ​១៩​

រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាន​ថ្លែងថាប្រទេសលោក និងប្រឹងប្រែងជំរុញ​ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ឲ្យ​សម្រេចឲ្យ​បាន​នូវ​សេចក្តីសម្រេចចិត្តរួមមួយ ឈានទៅដាក់កំហិត​ការទំលាក់អាវុធជាបណ្តោះអាសន្ន នៅតាម​តំបន់មាន​ជម្លោះទូទាំងពិភពលោក។ ការទំលាក់អាវុធ នឹងអនុញ្ញាតផងដែរ ឲ្យ​អនុវត្ត​ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ នៅតាម​តំបន់​ប្រឈមគ្រោះថ្នាក់ទាំង​នោះ។

ថ្ងៃទី​៧កុម្ភៈ ២០២១ អាហ្វហ្កានីស្ថានទទួលបាន​វ៉ាក់សាំង ចំនួន​ ៥សែនដូស ក្នុងក្របខណ្ឌយន្តការ Covax របស់អង្គការសុខភាព​ពិភព​លោក។
ថ្ងៃទី​៧កុម្ភៈ ២០២១ អាហ្វហ្កានីស្ថានទទួលបាន​វ៉ាក់សាំង ចំនួន​ ៥សែនដូស ក្នុងក្របខណ្ឌយន្តការ Covax របស់អង្គការសុខភាព​ពិភព​លោក។ AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

លោក ដូមីនីក រ៉ាប រដ្ឋមន្ត្រីការបរទេស​អង់គ្លេស បាន​លើកឡើងថា វាគឺជាកាតព្វកិច្ច​មនសិកាជាមនុស្ស របស់យើងទាំងអស់គ្នា ដែលត្រូវ​តែ​ដាក់សំពាធ ធ្វើយ៉ាងណា ជំរុញឲ្យ​មាន​ការ​ទំលាក់អាវុធ ឈប់បាញ់ជាបណ្តោះអាសន្ន និងជាបន្ទាន់ នៅក្នុងកាលៈទេសៈដ៏លំបាក នាពេលបច្ចុប្បន្ននេះ។ លោក​អះអាងថា  វាគឺជារឿងបន្ទាន់បំផុត ដែលត្រូវ​បើក​ការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ ទៅ​លើ​ប្រជាជន​​ប្រមាណ​​១៦០​លាន​នាក់ នៅតាម​តំបន់​ដែល​កំពុងតែមាន​សង្រ្គាម ជម្លោះប្រដាប់អាវុធ ដូចជា​នៅយេម៉ែន សូម៉ាលី អេត្យូពី និង ស៊ូដង់ខាងត្បូង។

សូមបញ្ជាក់ថា ខែ​កុម្ភៈនេះ អង់គ្លេសមានតួនាទីជាប្រធានវិលជុំ នៃ​ក្រុម​ប្រឹក្សាសន្តិសុខ។ នៅក្នុង​ក្របខណ្ឌ Covax អង់គ្លេសបានចូលជាថវិកា​ ចំនួន​៦៣០លានអឺរ៉ូ ដើម្បី​ទិញវ៉ាក់សាំងកូវីដ​១៩ ជួយ​ប្រទេសក្រីក្រ។ នៅក្នុងគំរោងសេចក្តីសម្រេចចិត្ត​របស់​អង់គ្លេស ក៏មាន​កំណត់ផងដែរ អំពី​ការ​បែងចែងវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ឲ្យ​មានសមភាពនៅទូទាំងពិភពលោក។

លោកស្រី Barbara Woodward ឯកអគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បានទទួលស្គាល់ថា ការអនុវត្តសេចក្តី​សម្រេចចិត្តរួមនេះ នឹងត្រូវការ​ឲ្យ​មានការប្រឹងប្រែងខ្លាំងណាស់ ទាំងនយោបាយការទូត ទាំង​ការចាត់ចែងឡូជីស្ទីក និង​ផ្នែក​ហិរញ្ញវត្ថុ។ លោក​ស្រីបន្ថែមថា មាន​ប្រទេសខ្លះ​បាន​ ផ្តួចផ្តើមគំនិតរួចហើយ ដូចជា​រុស្ស៊ី និងចិន តាមរយៈការ​ចែកចាយវ៉ាក់សាំង ដែល​ប្រទេសទាំងនេះអាចផលិតខ្លួនឯងបាន ហើយ​ដោយ​សង្ឃឹមថានឹងបានចំណេញមុខមាត់ការទូត។ សម្រាប់​លោកស្រី ការងារដែលត្រូវធ្វើបន្ទាន់ គឺត្រូវ​ស្វែងរក​ ការសហការ គូសវាសផែនការរួម​ និង​កម្មវត្ថុរួម ជាមួយ​ប្រទេសទាំងអស់នេះ។

គួរបញ្ជាក់ថា យន្តការ​ Covax របស់អង្គការសុខភាពពិភពលោក សង្ឃឹមថា នឹងអាចចែកចាយ វ៉ាក់សាំង​ប្រឆាំងកូវីដ​ ទៅឲ្យ​ប្រទេសក្រីក្រ ចំនួន​ប្រមាណ​៣៣៧លានដូស នៅក្នុង​ឆមាសទីមួយ​ ឆ្នាំ​២០២១នេះ។ ក្នុងចំណោម​វ៉ាក់សាំងទាំងនេះ គឺភាគច្រើនជាវ៉ាក់សាំងរបស់​មន្ទីរពិសោធន៍អង់គ្លេស​AstraZeneca ហើយ​ដែល​ត្រូវ​ផលិត​នៅ​កូរ៉េខាងត្បូង និងនៅឥណ្ឌា។ វ៉ាក់សាំងរបស់​មន្ទីរ​ពិសោធន៍ AstraZeneca មានចំណុច​ល្អមួយ​ គឺអាចស្តុកទុកក្នុងទូទឹកកធម្មតា ដែលងាយ​ស្រួល​ក្នុងការដឹកជញ្ជូន និង​ចែកចាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ