អានតួអត្ថបទ
អឺរ៉ុប-សិទ្ធិស្ត្រី

សហភាព​​អឺរ៉ុប​ស្នើឲ្យ​​​ដាក់ពិន័យ​​នយោជក​ ដែល​​មិន​គោរព​​សមភាព​​ប្រាក់ខែ​រវាង​បុរស​និង​ស្ត្រី

គណកម្មការអឺរ៉ុប បានស្នើកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នូវវិធានច្បាប់មួយ​​ ដើម្បីការពារ​សមភាព​ប្រាក់ខែ រវាងបុរសនិងស្ត្រី។ ប្រទេស​សមាជិក​ ត្រូវតែដាក់ពិន័យជាប្រាក់ ដើម្បីចាប់បង្ខំ ឲ្យក្រុមហ៊ុនសហគ្រាស ឬស្ថាប័នទាំងអស់​ ត្រូវតែគោរពឲ្យ​បាន​ ថាចំពោះការងារដូចគ្នា​ ស្ត្រីនិងបុរស ត្រូវតែទទួលបានប្រាក់ខែស្មើគ្នា។ តែយ៉ាងណាក៏ដោយ​ អ្នក​ជំនាញ​ខ្លះ បាន​​ រិះគន់ថាសំណើរបស់គណកម្មការអឺរ៉ុបនេះ មានកំណត់នូវយន្តការដែលមិនឆ្លើយ​តប ទៅនឹងការអនុវត្តជាក់ស្តែង។

លោកស្រី Vera Jourova (កណ្តាល) ស្នងការអឺរ៉ុបដើម្បី​តម្លាភាព និងលោកស្រី Helena Dalli (ស្តាំ) ស្នងការ​អឺរ៉ុបផ្នែកសមភាពបុរសស្ត្រី និយាយនៅក្នុងសន្និសីទស្តីពី ទិសដៅសមភាពបុរសស្ត្រីនៃសហភាពអឺរ៉ុប។ ក្រុងព្រុចសែល ថ្ងៃទៅ ៥ មីនា ២០២១
លោកស្រី Vera Jourova (កណ្តាល) ស្នងការអឺរ៉ុបដើម្បី​តម្លាភាព និងលោកស្រី Helena Dalli (ស្តាំ) ស្នងការ​អឺរ៉ុបផ្នែកសមភាពបុរសស្ត្រី និយាយនៅក្នុងសន្និសីទស្តីពី ទិសដៅសមភាពបុរសស្ត្រីនៃសហភាពអឺរ៉ុប។ ក្រុងព្រុចសែល ថ្ងៃទៅ ៥ មីនា ២០២១ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខិតជិតមកដល់ លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប បានបញ្ចេញ​នូវ​សំណើមួយ ដើម្បី​ការពារ​ គោលការណ៍​សមភាព​ប្រាក់ខែ​ រវាងបុរសនិងស្ត្រី។ ប្រទេសសមាជិកសហភាពអឺរ៉ុប ត្រូវតែ ដាក់ចេញនូវទណ្ឌកម្ម ពិន័យជាប្រាក់ ទៅលើ​កក្រុមហ៊ុន សហគ្រាស ឬស្ថាប័ន ដែល​មិនគោរព​គោលការណ៍នេះ។ លោកស្រី ប្រធានគណកម្មការអឺរ៉ុប បានបន្ថែមថា ចាំបាច់ត្រូវតែមានតម្លាភាពលើ​ប្រាក់ខែ ដើម្បីឲ្យ​ស្ត្រីអាចដឹងថា សិទ្ធិរបស់ខ្លួន ត្រូវគេរំលោភបំពានឬអត់។

តែយ៉ាងណាក៏ដោយ លោកស្រី Esther Lynch អគ្គលេខាធិការរង​នៃសហព័ន្ធសហជីពអឺរ៉ុប​(CES) បានលើកឡើងថា សំណើរបស់គណកម្មការអឺរ៉ុប គឺពេញដោយ​គោលការណ៍ល្អៗ។ តែការពិត សំណើនេះ មិនបានកំណត់នូវ​យន្តការអនុវត្តជាក់ស្តែង ដើម្បីធ្វើឲ្យ​មានការផ្លាស់ប្តូរដោយ​វិជ្ជមាន និងដោយឆាប់រហ័សនោះទេ។ សហព័ន្ធសហជីពអឺរ៉ុប នឹងព្យាយាមដាក់សំពាធទៅសមាជិកសភាអឺរ៉ុប ឲ្យ​ពិនិត្យ​កែលំអ ខ្លឹមសារនៃ​សំណើរបស់​គណកម្មអឺរ៉ុបនេះ។

សូមបញ្ជាក់ថា នៅអឺរ៉ុប សមភាព​ប្រាក់ខែ រវាងបុរសនិងស្ត្រី គឺជាសិទ្ធិដែលត្រូវបានទទួលស្គាល់​តាំងតែពីឆ្នាំ​១៩៥៧ម្លេះ។ តែយ៉ាងណា រហូតមកទល់បច្ចុប្បន្ន ស្ត្រីនៅតែទទួលបាន​ប្រាក់កំរៃ តិចជាបុរស។ យោងតាម​គណកម្មការអឺរ៉ុប រវាងបុរសនិងស្ត្រី ដែលមាន​មុខ​ងារការងារស្មើគ្នា គំលាតប្រាក់ខែគឺមាន​ចំនួនជាមធ្យម ១៤.១%។ ហើយគំលាតនេះ គឺមានកាន់តែខ្ពស់ ជាពិសេសនៅក្នុងតាមក្រុមហ៊ុនសហគ្រាសឯកជន។ ដោយឡែក ប្រាក់ចូលនិវត្តន៍វិញ គឺស្ត្រីទទួលបានតិចជាង​បុរសជាមធ្យម៣០%។

លោកស្រី Helena Dalli ស្នងការអឺរ៉ុបទទួលបន្ទុក​សមភាព បានទទួលស្គាល់ថា ការរើសអើងផ្នែក​ប្រាក់ខែ ដោយ​ឈរលើ​ភេទ គឺជាបញ្ហា​ដែល​មានលក្ខណៈជាប្រព័ន្ធ ហើយ​ដែល​ជនរងគ្រោះពិបាក​នឹង​បង្ហាញ​ភស្តុតាងណាស់។ ប៉ុន្តែជាមួយ​នឹង​វិធានច្បាប់​ តម្លាភាព​ប្រាក់ខែ ព្រមទាំង​យន្តការ​ចាប់បង្ខំឲ្យ​គោរពអនុវត្ត គឺស្ត្រីអាច​នឹងមានលទ្ធភាព​ទទួលបាន​ព័ត៌មាន និងទិន្នន័យ ស្តីពីកម្រិតនៃប្រាក់ខែរបស់ខ្លួន ដោយ​ប្រៀបធៀបទៅនឹងបុគ្គលិកបុរស។ ក្នុងន័យនេះ ស្ត្រីរងគ្រោះ អាច​ទាមទារសំណងជំងឺចិត្ត និងអាចប្តឹងទៅតុលាការបាន។

គួរកត់សំគាល់ថា ក្រៅពីបញ្ហាគំលាតប្រាក់ខែ ចំនួន​ស្ត្រីនៅតិចជាងបុរស នៅក្នុង​មុខងារ​ទទួលខុសត្រូវធំៗ។ គណកម្មការ​អឺរ៉ុបខ្លួន​ឯង ក៏មានការលំបាកដែរ ក្នុងការធានាឲ្យ​បាន​នូវ​សមភាព​ ក្នុងចំណោមបុគ្គលិក និងសមាជិកខ្លួន។ លោកស្រី Ursula von der Leyen បាន​មានៈយ៉ាងលំបាក ទំរាំតែប្រមូលបាន​ក្រុមការងារលោកស្រី ដែលមាន​ស្ត្រីចំនួន​១៣រូប និងបុរស១៤រូប តំណាងឲ្យ​ប្រទេសសមាជិក​ទាំង​២៧ នៃសហភាពអឺរ៉ុប៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ