អានតួអត្ថបទ
បារាំង-ប្រល័យពូជសាសន៍រវ៉ាន់ដា

របាយការណ៍៖ បារាំងខ្វាក់ភ្នែក មើលមិនឃើញ​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា

រដ្ឋាភិបាល​បារាំង នៅ​សម័យ​ដឹកនាំ​របស់​លោកប្រធានាធិបតី ហ្វ្រង់ស័រ មីទែរ៉ង់ មានចំណែក​ទទួលខុសត្រូវ​លើ​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា។ នេះបើតាម​របាយការណ៍ កម្រាស ១ពាន់​ទំព័រ ដែល​គណៈកម្មការ​ប្រមូលផ្តុំ​ដោយ អ្នកស្រាវជ្រាវ និង​ប្រវត្តិវិទូបារាំង បាន​ដាក់​ជូន​លោកប្រធានាធិបតី បារាំង អេម៉ានុយអែល ​ម៉ាក្រុង កាលពី​ថ្ងៃ​សុក្រទី២៦​មីនា ២០២១។ កាលពី ២៦​ឆ្នាំមុន អំពើ​ប្រល័យពូជសាសន៍​របស់ជនជាតិហ៊ូទូ ទៅលើ​ប្រជាជន ទូតស៊ី នៅ​រវ៉ាន់ដា បាន​សម្លាប់​មនុស្ស​ជាង ៨សែននាក់។

ប្រវត្តិវិទូ លោក Vincent Duclert ប្រធានគណៈកម្មការស្រាវជ្រាវ​សិក្សាពីការទទួលខុសត្រូវ​របស់បារាំង ក្នុងអំពើប្រល័យពូជសាសន៍​រវ៉ាន់ដា នៅខែ​មេសា ឆ្នាំ ១៩៩៤ ដាក់របាយការណ៍​ជូន​ប្រធានាធិបតីបារាំង ម៉ាក្រុង ថ្ងៃទី ២៦ មីនា ២០២១។
ប្រវត្តិវិទូ លោក Vincent Duclert ប្រធានគណៈកម្មការស្រាវជ្រាវ​សិក្សាពីការទទួលខុសត្រូវ​របស់បារាំង ក្នុងអំពើប្រល័យពូជសាសន៍​រវ៉ាន់ដា នៅខែ​មេសា ឆ្នាំ ១៩៩៤ ដាក់របាយការណ៍​ជូន​ប្រធានាធិបតីបារាំង ម៉ាក្រុង ថ្ងៃទី ២៦ មីនា ២០២១។ AP - Ludovic Marin
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ដែលគេ​ទន្ទឹងរង់ចាំជាយូរ ដើម្បី ស្វែងយល់​ពី​តួនាទី និង​ការជាប់ពាក់ព័ន្ធ​របស់​បារាំង​នៅក្នុង​អំពើប្រល័យពូជសាសន៍ នៅប្រទេស​រវ៉ាន់ដា គណៈកម្មការ​ដែល​ប្រមូលផ្តុំ​ដោយក្រុម​អ្នកស្រាវជ្រាវ និងប្រវត្តិវិទូបារាំង ចំនួន១៥រូប បានសន្និដ្ឋាន​ថា រដ្ឋាភិបាល​បារាំង នៅក្នុង​ជំនាន់ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ មីតេរ៉ង់ មាន​ចំណែក​ទទួលខុសត្រូវ ក្នុង​អំពើប្រល័យពូជសាសន៍ ទៅលើ​ជនជាតិ​ទូតស៊ី នៅ​រវ៉ាន់ដា។ តាម​គណៈកម្មការ​ខាងលើ បារាំង​បាន​ចូលរួម​មួយចំណែក ធ្វើឲ្យ​កើតមាន​អំពើ​ប្រល័យពូជសាសន៍ ប៉ុន្តែ បារាំង មិនបាន​ឃុបឃិត​សម្លាប់​ប្រល័យពូជសាសន៍ ជនជាតិ​ទូតស៊ី ដូចដែល​មេដឹកនាំ​រវ៉ាន់ដា​បច្ចុប្បន្ន​ចោទប្រកាន់នោះទេ។

បារាំង​ទទួលខុសត្រូវ​មួយ​ចំណែក ក្នុងអំពើប្រល័យពូជសាសន៍​រវ៉ាន់ដា ព្រោះថា ចាប់​តាំង​ពី​ឆ្នាំ ១៩៩០ រហូត​ដល់​ឆ្នាំ ១៩៩៤ រដ្ឋាភិបាល​បារាំង​ របស់​លោក​ប្រធានាធិបតី ហ្វ្រង់ស័រ មីទែរ៉ង់ ធ្លាប់​បាន​គាំទ្រ ផ្នែក​យោធា ដូចជា​លក់អាវុធ និង​បណ្តុះបណ្តាល​ទាហាន​របស់​រដ្ឋាភិបាល រវ៉ាន់ដា ដឹកនាំ ដោយ​លោក Juvénal Habyarimana​មកពី​ក្រុមជាតិ​ពិន្ធុ ហ៊ូទូ។ នោះបើទោះបី​ជា​អង្គការ និង​មន្រ្តីទូត​បារាំង ខ្លះ ធ្លាប់​បាន​ទាញ​សញ្ញា​អាសន្ន ពី​ការបែកឆ្វេង​ សកម្មភាព សម្លាប់​រង្គាល របស់​កងទ័ព និង​មន្រ្តីរដ្ឋាភិបាល​ហ៊ូទូ ទៅលើ​ជនជាតិ​ទូតស៊ី តាំង​ពី​ឆ្នាំ ១៩៩០ក្តី។

នៅ​ឆ្នាំ ១៩៩៣ ពោល​គឺ​មួយឆ្នាំ មុន​កើតមាន ប្រល័យពូជសាសន៍ នៅ​រវ៉ាន់ដា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង ធ្លាប់​បាន​សរសេរ​ថា នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី មកពីជាតិពិន្ធុ ហ៊ូទូ គេ​សង្កេតឃើញ​មាន​នយោបាយ​បន្សុទ្ធ​ជាតិសាសន៍ នៅរវ៉ាន់ដា តាមរយៈ ការសម្លាប់​រង្គាល​ជនជាតិទូតស៊ី។ ប៉ុន្តែ រដ្ឋាភិបាល​បារាំង ជំនាន់​នោះ ក្រោម​ហេតុផល​ថា ជួយ​រដ្ឋាភិបាល​ហ៊ូទូ ដើម្បី​ប្រឆាំង​ពួកឧទ្ទាមទ័ពព្រៃ ទូតស៊ី មិនបាន​យកចិត្តទុកដាក់​លើ​សញ្ញាទាញអាសន្ននោះទេ។ នៅត្រង់ចំណុចនេះ ក្រុមអ្នកស្រាវជ្រាវ​បារាំង​បាន​ស្តីបន្ទោស នយោបាយ​របស់អតីត​ប្រធានាធិបតី បារាំង​ថា ដោយសារ​តែ​ងប់ងល់ ចង់​បាន​រវ៉ាន់ដា ជាទឹកដី​ប្រើប្រាស់​ភាសាបារាំង និង​មិនចង់ឲ្យ​ក្រុមឧទ្ទាម​ទូតស៊ី ដែលគាំទ្រ​ដោយ​ប្រទេស​អ៊ូហ្កង់ដា និយាយ​ភាសា​អង់គ្លេស ទទួល​ជ័យជំនះ​ដឹកនាំ​រវ៉ាន់ដា លោក​ប្រធានាធិបតី ហ្វ្រង់ស័រ មីទែរ៉ង់ បាន​គាំទ្ររដ្ឋាភិបាល​ហ៊ូទូ ផ្កាប់មុខ និង​ខ្វាក់ភ្នែក​មើល​មិនឃើញ រលកប្រល័យពូជសាសន៍​ប្រព្រឹត្ត​ដោយ​ជនជាតិ​ហ៊ូទូ ទៅលើ​ជនជាតិ​ទូតស៊ី។

ជាមួយ នឹង​របាយការណ៍ ដែល​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ឯកសារ​សម្ងាត់ចាស់ អស់ រយៈពេល​២ឆ្នាំ តួនាទី​របស់​បារាំង នៅក្នុង​ប្រល័យពូជសាសន៍ រវ៉ាន់ដា លែង​ស្រពិចស្រពិល​ទៀតហើយ។ សម្រាប់ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង ដែលបាន​បើកទម្លាយ ឲ្យគេ ​ចូលប្រើ​ឯកសារ​សម្ងាត់​រដ្ឋ របាយការណ៍​លើកនេះ ជា​ការបោះជំហាន​មួយ​ដ៏សំខាន់​ដើម្បី​ស្វែងយល់​ពីការចូលរួម​របស់​បារាំង នៅ​រវ៉ាន់ដា។ លោក​សង្ឃឹមដែរថា ការបោះពុម្ពផ្សាយ របាយការណ៍​មួយនេះ នឹងជួយ​ឲ្យ​បារាំង មានទំនាក់ទំនង​ល្អប្រសើរ​ឡើងវិញ​ជាមួយ​ប្រទេស​រវ៉ាន់ដា។ រវ៉ាន់ដា ដែល​ធ្លាប់តែ​មានទំនាក់ទំនង​ល្អក់កករ​ជាមួយ បារាំង ក្នុង​សំណុំរឿងប្រល័យពូជសាសន៍ កាលពី​ជាង ២០ឆ្នាំមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ