អានតួអត្ថបទ
អង់គ្លេស

ព្រះអង្គម្ចាស់​ហ្វ៊ីលីព ស្វាមី​​ព្រះ​មហាក្សត្រី​អេលីហ្សាប៊ែត​ទី​២ ទទួល​មរណៈភាព​​ក្នុង​ជន្មាយុ​៩៩​ព្រះវស្សារ​

ព្រះអង្គម្ចាស់ហ្វ៊ីលីព ដែល​ជាស្វាមីរបស់​ព្រះមហា​ក្សត្រី​អេលីហ្សាប៊ែតទី​២ បាន​ទទួលមរណៈភាព កាលពី​ព្រឹកថ្ងៃ​សុក្រ ទី៩មេសាម្សិលមិញនេះ ក្នុងជន្មាយុ៩៩ព្រះវស្សារ​។ យោងតាមលិខិតប្រកាស របស់ព្រះបរមរាជវាំងអង់គ្លេស ព្រះ​អង្គម្ចាស់​ហ្វ៊ីលីព​ មាន​ទទួលមរណៈភាព ដោយ​ជរាពាទ្យ យ៉ាងស្ងប់ សុខសាន្តជាទីបំផុត។

ផ្ទាំងបដានៅទីក្រុងឡុងដ៍ បង្ហាញរូប​ថត​ព្រះអង្គម្ចាស់ ហ្វ៊ីលីព​ ។ ទីក្រុង​ឡុងដ៍ ថ្ងៃទី ៩ មេសា ២០២១
ផ្ទាំងបដានៅទីក្រុងឡុងដ៍ បង្ហាញរូប​ថត​ព្រះអង្គម្ចាស់ ហ្វ៊ីលីព​ ។ ទីក្រុង​ឡុងដ៍ ថ្ងៃទី ៩ មេសា ២០២១ AP - Matt Dunham
ផ្សាយពាណិជ្ជកម្ម

ព្រះអង្គម្ចាស់ហ្វ៊ីលីព បានទទួលមរណៈភាព ក្នុងជន្មាយុ៩៩ព្រះវស្សារ នៅឯដំណាក់វីនសរ ក្បែរទីក្រុងឡុងដ៍ កាលពី​ព្រឹកថ្ងៃសុក្រ ទី៩មេសា។ កាលពី​ខែពាក់កណ្តាលខែកុម្ភៈ ព្រះអង្គត្រូវបានគេបញ្ជូន​យកទៅ​មន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺរលាកក្នុង និង​បញ្ហបេះដូង។ បន្ទាប់ពីបានជា​សះស្បើយ គេបាន​បញ្ជូន​ព្រះអង្គ ឲ្យទៅសម្រាក​នៅព្រះរាជវាំងវីនសរ។

យោងតាម​លិខិតរបស់ព្រះបរមរាជវាំងអង់គ្លេស ព្រះអង្គម្ចាស់ហ្វ៊ីលីប បានទទួលមរណៈភាព ក្នុងសេចក្តីស្ងប់បំផុត។ ដោយគោរព​តាម​បណ្តាំរបស់​ព្រះអង្គ នឹងមិនមាន​កម្មវិធីបុណ្យ​សព្វ ជាលក្ខណៈ​ជាតិទេ។ ដោយ​សារតែបញ្ហាកូវីដ​១៩ផងនោះ កម្មវិធីបុណ្យនឹងប្រព្រឹត្តិធ្វើទៅ នៅវិហារ Saint-George ក្នុង​ព្រះរាជវាំងវីនសរ។ អាជ្ញាធរ ក៏បានអំពាវនាវ កុំឲ្យ​ប្រជាជនមក​ចូលរួម​ កម្មវិធីនេះឲ្យសោះ។

ទោះយ៉ាងណាក៏ដោយ នៅ​ខាងមុខរបងព្រះបរមរាជវាំង Buckingham កណ្តាលទីក្រុងឡុងដ៍ មានមនុស្ស​ម្នាជាច្រើននាក់ បានយកបាច់ផ្កា​មកដាក់ ដើម្បី​ឧទ្ទិសវិញ្ញាណក្ខន្ធ របស់ព្រះអង្គម្ចាស់ហ្វ៊ីលីព។ សារចូលរួមរំលែកទុក្ខ ពីសំណាក់ក្រុមគ្រួសាររាជវង្សនានា និង​ប្រមុខរដ្ឋប្រទេសធំៗ បានធ្លាក់មកជាបន្តបន្ទាប់ ដោយ​ខ្លះ​បាន​លើកឡើង ពី សេចក្តីក្លាហាន ហ៊ានពលីលះបង់ របស់​ព្រះអង្គម្ចាស់ហ្វ៊ីលីប ក្នុង​បុព្វហេតុដង្ហែរព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២ និងបំរើការពារ​របបរាជានិយមអង្គគ្លេស។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ហ្វ៊ីលីព មានដើមកំណើតជាប់ខ្សែស្រឡាយ រាជវង្សអាល្លឺម៉ង់ តែបានប្រសូត​្រ​នៅ​ប្រទេសក្រិក នៅថ្ងៃទី១០ មិថុនា ១៩២១។ នៅ​ឆ្នាំ​១៩៣៩ ព្រះអង្គត្រូវបាន​ឪពុកមា បញ្ជូន​ឲ្យ​ចូលរៀននៅសាលានាយទាហានជើងទឹកអង់គ្លេស នៅក្រុង Dartmouth ហើយ​បា​ន​ចូលរួម​យ៉ាងសកម្ម ក្នុងសង្គ្រាមលោកលើកទី២។ គឺនៅក្នុងពេល​បំពេញការសិក្សានៅសាលានាយទាហានជើងទឹកនោះហើយ ដែល​ព្រះអង្គម្ចាស់ ហ្វ៊ីលីព បានជួប​ប្រាស្រ័យ មានទំនាក់ទំនងជាមួយ​ព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២។ ថ្ងៃ​ទី​២០ វិច្ឆិកា ១៩៤៧ អ្នកទាំងពីរបានរៀបអភិសេក។ នៅ​ពេល​ព្រះ​អង្គព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ ឡើងគ្រងរាជ្យ​ នៅឆ្នាំ១៩៥២ ព្រះអង្គម្ចាស់ហ្វ៊ីលីព​ បាន​លះបង់ចោលមុខតំណែងការ​ងារ​​ ក្នុងជួរកងទ័ពជើងទឹក។

កន្លងមក បុគ្គលិកលក្ខណៈរបស់ព្រះអង្គម្ចាស់ហ្វ៊ីលីព ត្រូវបាន​មតិខ្លះលើកឡើង យកមករិះគន់ផងដែរ ថាព្រះអង្គជាមនុស្ស​ចិត្តឆេវឆាវ និយាយមិនគិតមុខក្រោយ។ តែយ៉ាងណាមតិទូទៅទទួលស្គាល់ ពី​ក្តីលះបង់ និងការគោរព​របបរាជានិយមអង់គ្លេស របស់ព្រះអង្គម្ចាស់ហ្វ៊ីលីព មិន​ដែល​ហាស្តីតវ៉ា ឬចង់ប្រជែងនឹង​​ព្រះមហាក្សត្រីអេលីហ្សាប៊ែត​២ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ