អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ីរ៉ង់

រុស្ស៊ីនិងអ៊ីរ៉ង់​រួមគ្នា​បន្ទោសអឺរ៉ុប និង​​បង្ខំ​ឲ្យ​​អាេមរិកដកទណ្ឌកម្ម បើសិន​​​ចង់​សង្គ្រោះ​​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ

សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់វិញ ​កាន់តែស្មុគស្មាញ និងដើរដល់ចំណុចទ័លច្រក បន្ទាប់ពី​អ៊ីរ៉ង់ និងក្រុម​ប្រទេសអឺរ៉ុប លែងចុះសម្រុងគ្នា។​ កាលពីថ្ងៃចន្ទទី​១២មេសា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្ម​ទៅលើអ៊ីរ៉ង់ ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស។ ជាការឆ្លើយតបវិញ អ៊ីរ៉ង់សម្រេចព្យួរទំនាក់ទំនងសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប។ ចំណែករុស្ស៊ី បានចេញមុខ​ការពារអ៊ីរ៉ង់ ដោយចោទសហភាពអឺរ៉ុប ថាកំពុងតែ​បំផ្លាញការខិតខំ​ប្រឹងប្រែងចរចា ដើម្បីស្រោចស្រង់​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ប្រមុខការទូតអ៊ីរ៉ង់ Mohammad Javad Zarif និងប្រមុខការទូតរុស្ស៊ី Sergey Lavrov នៅក្នុងពិធីចុះហត្ថលេខាសហប្រតិបត្តិការ នៅក្រុងតេអេរ៉ង់ ថ្ងៃទី ១៣មេសា ២០២១
ប្រមុខការទូតអ៊ីរ៉ង់ Mohammad Javad Zarif និងប្រមុខការទូតរុស្ស៊ី Sergey Lavrov នៅក្នុងពិធីចុះហត្ថលេខាសហប្រតិបត្តិការ នៅក្រុងតេអេរ៉ង់ ថ្ងៃទី ១៣មេសា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

តើអឺរ៉ុប និងអ៊ីរ៉ង់ កំពុងតែ​ដើរបែកផ្លូវគ្នាឬ? ខណៈដែលការខំប្រឹងប្រឹងចរចា ដើម្បីស្រោចស្រង់​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ កំពុងតែបន្តនៅទីក្រុងវីយែន សហភាពអឺរ៉ុប និង​ អ៊ីរ៉ង់បែរជាមើលមុខគ្នាលែងត្រង់។

កាលពីថ្ងៃចន្ទ ទី​១២មេសា សហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មទៅលើ​មន្ត្រីអ៊ីរ៉ង់ មួយចំនួន ដែល​គេចោទថាជាអ្នកទទួលខុសត្រូវ លើ​ការបង្ក្រាប​​យ៉ាងហិង្សាបំផុត ធ្វើ​ទៅ​​ប្រជាជនអ៊ីរ៉ង់ ដែលបាន​ធ្វើបាតុកម្មកាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩។ ជាការឆ្លើយតបវិញ រដ្ឋាភិបាលអ៊ីរ៉ង់ បានសម្រេច ព្យួរ កិច្ចសហការទាំងអស់ ជាមួយ​សហភាពអឺរ៉ុប មិនថាការសន្ទនាគ្នា​រឿងសិទ្ធិមនុស្ស និង​កិច្ចសហប្រតិបត្តិការ​ ក្នុងវិស័យទេសចរណ៍ និងការ​បង្រ្កាប​ការជួញដូរ​គ្រឿង​ញៀងជាដើម។

ទន្ទឹមគ្នានេះ រុស្ស៊ីបានចូលខ្លួនមកកាន់តែកៀក នឹងអ៊ីរ៉ង់។ នៅក្នុង​សន្និសីទកាសែត ពីទីក្រុងតេអេរ៉ង់ លោកប្រមុខការទូតរុស្ស៊ី បាននិយាយបន្ទោសសហភាពអឺរ៉ុប ថាបានធ្វើទាំងទទឹងទិស។ លោកថា នៅក្នុងសហភាពអឺរ៉ុប គ្មាន​អ្វីមួយ​ធ្វើទៅឲ្យ​ស្របគ្នាសោះ ដៃស្តាំ មិនដឹងថាដៃឆ្វេងកំពុងធ្វើអ្វី។

ការថ្លែងចោទប្រកាន់ដូចនេះ គឺ​ប្រមុខការទូតរុស្ស៊ី ចង់សំដៅថា បារាំង អាល្លឺម៉ង់ កំពុងព្យាយាមចរចា ជាមួយភាគីអ៊ីរ៉ង់និងប្រទេសហត្ថលេខីឯទៀត ដើម្បី​ស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ប៉ុន្តែសហភាពអឺរ៉ុប បែរជា​ដាក់ទណ្ឌកម្ម​បន្ថែមមកលើអ៊ីរ៉ង់ទៅវិញ។ នៅក្នុងសន្និសីទកាសែត ប្រមុខការទូតរុស្ស៊ី និងប្រមុខការទូតអ៊ីរ៉ង់ បាន​អះអាងជាថ្មីថា សហរដ្ឋអាមេរិក ត្រូវតែ​ដកចេញនូវទណ្ឌកម្ម​ទាំងអស់ ពីអ៊ីរ៉ង់ បើ​សិន​ជាចង់​ឲ្យ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាចរស់ឡើងវិញបាន។

យ៉ាងណាមិញ លោក​ប្រមុខការទូតអ៊ីរ៉ង់ បានលើកឡើងថា អ៊ីរ៉ង់អាចត្រលប់មកគោរពការសន្យាវិញបានដោយ​គ្មានបញ្ហា ក៏ប៉ុន្តែសូមអាមេរិក បញ្ឈប់​យុទ្ធសាស្ត្រដាក់ទណ្ឌកម្ម គំរាមមកលើ​អ៊ីរ៉ង់ ឬបំផ្លាញហេដ្ឋរចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ទៀតទៅ។ ការលើកឡើងរបស់​លោក​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នេះ គឺសំដៅទៅដល់​ការវាយ​ប្រហារមួយ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីតាំង​ស្ថានីយ៍នុយក្លេអ៊ែរអ៊ីរ៉ង់ តំបន់Natanz ហើយដែលអ៊ីរ៉ង់ ចោទថាជាស្នាដៃរបស់​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ