អានតួអត្ថបទ
អង់គ្លេស-វ៉ាក់សាំងកូវីដ១៩

អង់គ្លេស​មាន​ទំនុកចិត្តថា​ វ៉ាក់សាំង​មាន​ប្រសិទ្ធិភាព​ទប់ទល់​ជាមួយ កូវីដ១៩​បំប្លែង​ខ្លួន​​មក​ពីឥណ្ឌា

ចាប់ពីថ្ងៃចន្ទនេះ រដ្ឋាភិបាល​ប្រទេសអង់គ្លេស នឹងចាប់ផ្តើមដកចេញ នូវវិធានការរិតត្បិតមួយចំនួនធំ ដើម្បីបើកចំហរសកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបាន​ចាក់វ៉ាក់សាំង ច្រើនបង្គួរទៅឲ្យ​ប្រជាពលរដ្ឋ​។ តែយ៉ាងណា មានការព្រួយបារម្ភ អំពីការឆ្លងរាលដាលយ៉ាងលឿនរហ័ស នូវកូវីដ​១៩ទម្រង់បំប្លែងខ្លួន មានប្រភព​មកពីឥណ្ឌា ដែលកំពុងតែមាន​វត្តមាន ឆ្លងរាលដាល​នៅតំបន់ទីក្រុងឡុងដ៍។ ទោះយ៉ាងនេះក្តី រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសអះអាងថា រដ្ឋាភិបាលមានទំនុកចិត្ត ថាវ៉ាក់សាំងប្រាកដជាអាចការពារ ទប់នឹងកូវីដ​១៩បំប្លែងខ្លួនមកពីឥណ្ឌានេះ។

លោក Matt Hancock រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស ធ្វើសន្និសីទកាសែត នៅទីក្រុងឡុងដ៍ ថ្ងៃទី ៥ មីនា ២០២១
លោក Matt Hancock រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស ធ្វើសន្និសីទកាសែត នៅទីក្រុងឡុងដ៍ ថ្ងៃទី ៥ មីនា ២០២១ AP - Dan Kitwood
ផ្សាយពាណិជ្ជកម្ម

រយៈពេលមួយសប្តាហ៍ ចំនួន​មនុស្សឆ្លងកូវីដ​១៩ទម្រង់បំប្លែងខ្លួនមានប្រភពមកពីឥណ្ឌា បានកើនឡើង មួយទ្វេជាពីរ នៅប្រទេសអង់គ្លេស ពោលគឺមាន​សរុប ១៣១៣ករណី។ ភាគច្រើននៃការឆ្លងរាលដាលនេះ គឺស្ថិតនៅភាគពាយ័ព្យទីក្រុងឡុងដ៍។

លោក Matt Hancock រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលអង់គ្លេស បានទទួលស្គាល់ថា កូវីដ​១៩ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា អាចមានឆ្លងរាលដាលយ៉ាងរហ័ស ក្នុងពេលដ៏ខ្លី ព្រោះតាម​ការសន្និដ្ឋានរបស់អ្នកជំនាញ គឺវាមានកម្លាំងឆ្លងខ្លាំងជាងកូវីដ​១៩ទម្រង់ដើម និងកូវីដ១៩ទម្រង់បំប្លែងខ្លួនអង់គ្លេសទៅទៀត។ ក៏ប៉ុន្តែ លោកបានអះអាងថា រដ្ឋាភិបាលមានទំនុកចិត្ត ថាវ៉ាក់សាំងនឹងមានប្រសិទ្ធិភាព​ទប់ជាមួយ​កូវីដ១៩ ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា។ ហេតុដូច្នេះ វាជាការចាំបាច់បំផុត ដែលត្រូវតែបន្តការប្រឹងប្រែងចាក់វ៉ាក់សាំង។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស បានអះអងនៅលើកញ្ចក់ទូរទស្សន៍ BBC ថារដ្ឋាភិបាលនៅតែបន្តអនុវត្តតាមអ្វីដែលគ្រោងទុក គឺចាប់ផ្តើមបើកចំហរសកម្មភាពសេដ្ឋកិច្ចឡើងវិញខ្លះ ចាប់ពីថ្ងៃចន្ទ ទី១៧ឧសភានេះទៅ។ ភោជនីយដ្ឋាន បារ ហាងហ្វេ នឹងអាចបើកទ្វារទទួលភ្ញៀវ ទាំងខាងក្រៅទាំងខាងក្នុងហាង ទីតាំងជួបជុំបែបជំនឿសាសនាក៏អាចដំណើរការវិញដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី​១៦ឧសភា នៅប្រទេសអង់គ្លេស ចំនួន​អ្នកទទួលបានវ៉ាក់សាំង១ដូស គឺមាន​៣៦លាននាក់ និងបានទទួលគ្រប់២ដូស គឺមាន​២០លាននាក់។ ក្នុងន័យ​ប្រុងប្រយ័ត្នជាមួយ​កូវីដ១៩ ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា អាជ្ញាធរសុខាភិបាលអង់គ្លេស បាន​បង្ខិតគំលាតចាក់វ៉ាក់សាំងទាំង២ដូស ពី៣ខែ មកនៅត្រឹម២ខែវិញ សម្រាប់អ្នកមានអាយុលើសពី៥០ឆ្នាំឡើងទៅ។ តំបន់ដែលមានការឆ្លងរាលដាល មេរោគនេះខ្លាំង អាជ្ញាធរអង់គ្លេសបានបង្កើនសមត្ថភាពធ្វើតេស្ត។

យោងតាម​គណកម្មាធិការវិទ្យាសាស្ត្រ ដែលផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលអង់គ្លេស គឺ កូវីដ​១៩ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា អាចមានកម្លាំងឆ្លងរាលដាល លើស​កូវីដ១៩ទំរង់បំប្លែងខ្លួន​អង់គ្លេស ប្រមាណជា៥០%។ ប្រការនេះបានធ្វើឲ្យ​មានការព្រួយបារម្ភជាខ្លាំង ខ្លាចថា អង់គ្លេសនឹងត្រូវគ្របសង្កត់ដោយរលកឆ្លងរាលដាលខ្លាំងជាថ្មីម្តងទៀត ដូចកាលពីចុងឆ្នាំ​២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ