អានតួអត្ថបទ
កូវីដ-សេដ្ឋកិច្ច

FMI បង្ហាញ​ផែនការ តម្លៃ ៥ពាន់លាន​ដុល្លារ ដើម្បី​បិទបញ្ចប់ជំងឺរាតត្បាតកូវីដ​១៩

មូលនីធិរូបិយវត្ថុអន្តរជាតិ​FMI បង្ហាញផែនការ​បិទបញ្ចប់​វិបត្តិកូវីដ ដែលមាន​តម្លៃ ៥០ពាន់លាន​ដុល្លារ។ តាមផែនការ ដែល​FMI បាន​លាតត្រដាង ជា​សាធារណៈ នៅក្នុង​ជំនួបកំពូល​ពិភពលោក​ស្តីពី​សុខភាព ក្នុងក្របខ័ណ្ឌ ក្រុមប្រទេស​ឧស្សាហកម្ម​G20 នៅទីក្រុង​រ៉ូម គេ​ត្រូវការ​៥០ពាន់លាន​ដុល្លារ ដើម្បី​សម្រេច​គោលដៅ ចាក់វ៉ាក់សាំង ឲ្យបាន យ៉ាងតិច ៤០%​នៃ​ប្រជាជន​នៅលើផែនដី ពីពេលនេះ រហូត​ដល់​ចុងឆ្នាំ។

អគាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅ​ខែ​មេសា ឆ្នាំ ២០២១
អគាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅ​ខែ​មេសា ឆ្នាំ ២០២១ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

ដើម្បីឈាន​ទៅ​បិទបញ្ចប់​ជំងឺរាតត្បាត​សកល កូវីដ​១៩ និង​ចាប់ផ្តើម​មាន​សេដ្ឋកិច្ច​ឋិតឋេរ​ឡើងវិញ មូលនិធីរូបិយវត្ថុ​អន្តរជាតិ​FMI បាន​ស្នើ​ផែនការ​ដែល​មាន​គោលដៅ ចាក់វ៉ាក់សាំង ឲ្យ​បាន​៤០ភាគរយ នៃ​ប្រជាជន​ក្នុងពិភពលោក  ពីពេលនេះ រហូត​ដល់​ដំណាច់ឆ្នាំ២០២១ និង ៦០ភាគរយ នៅ ពាក់កណ្តាល​ឆ្នាំ ២០២២។

តាម​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ដើម្បី អនុវត្ត​ផែនការ​ជំរុញ​ការចាក់វ៉ាក់សាំង គេ​ត្រូវការ​ថវិកា ប្រមាណ ៥០ពាន់លាន​ដុល្លារ។ ក្រុមប្រទេស​អ្នកមាន នឹងត្រូវគេអំពាវនាវ​ឲ្យ​បរិច្ឆាគ​វិភាគទាន​ច្រើនជាងគេ ជាពិសេស ក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G20 ព្រោះគេនៅ​ត្រូវការ ថវិកា ប្រមាណ ១៣ពាន់លាន​ដុល្លារ សម្រាប់ បំពេញ បង្រ្គប់ ឲ្យបាន​៥០​ពាន់លាន​ដុល្លារ។

ជាមួយ ផែនការ​ជំរុញ​ការចាក់វ៉ាក់សាំង ឲ្យបាន ៤០% នៃ​ប្រជាជនក្នុងពិភពលោក គេត្រូវ ចាក់បញ្ចូល​ទឹកប្រាក់ ប្រមាណ​៩ទ្រីលាន ដុល្លារ(៩ ០០០ ០០០លាន​ដុល្លារ) ទៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ពីពេលនេះ រហូតដល់​ឆ្នាំ ២០២៥ ដើម្បី​ជំរុញ ឲ្យ​សេដ្ឋកិច្ច ចាប់ដើរល្អ ពេញលេញ ឡើងវិញ។

ដើម្បី​អូសទាញ សេដ្ឋកិច្ច​ពិភពលោក ឲ្យ​ស្ថិតនៅលើ​ខ្សែកំណើនឡើងវិញ មូលនិធិរូបិយវត្ថុអន្តរជាតិ​បាន​លើក​សំណើជាច្រើន ដែលបំពេញបន្ថែម គម្រោងចែកចាយវ៉ាក់សាំង​របស់​យន្តការកូវ៉ាក់ និង​មាន​គោលដៅ​ចំបង គឺ​បំពេញ​ការខ្វះខាត​វ៉ាក់សាំង​ដែលកំពុង​កើតមាន នៅ​ក្នុងបណ្តាប្រទេស​កំពុងអភិវឌ្ឍ។

គិត​មកដល់​ចុងខែ មេសា ប្រជាជន​នៅតំបន់អាហ្វ្រិក មិនដល់ ២%ផងដែរ បាន​ទទួល​ចាក់វ៉ាក់សាំង ក្នុង​ខណៈពេល​ដែល អាមេរិក សម្រេច​ចាក់វ៉ាក់សាំង ឲ្យប្រជាជន​របស់ខ្លួន បាន ចំនួន ៤០% ចំណែក​២០ភាគរយ​នៃ​ប្រជាជន​អឺរ៉ុប​បាន​ទទួល​វ៉ាក់សាំង បង្ការកូវីដ យ៉ាងហោច សម្រាប់ដូស​ទី១។ នៅក្នុង​ចាក់វ៉ាក់សាំង​បង្ការកូវីដ អគ្គនាយិការ​មូលនិធិរូបិយវត្ថុ អន្តរជាតិ លោកស្រី Kristalina Georgieva លើកឡើង​សាជាថ្មី ពីគម្លាត​យ៉ាងធំ រវាង​ក្រុមប្រទេស​អ្នកមាន និងអ្នកក្រ។

ប៉ុន្តែ សម្រាប់​អ្នកសរសេរ​ផែនការ​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ គ្រប់គ្នា​ទទួលស្គាល់ថា គេ​មិនអាច​បិទបញ្ចប់​វិបត្តិសេដ្ឋកិច្ច បើសិន វិបត្តិសុខភាព ជំងឺកូវីដ នៅតែ​បន្ត​រាតត្បាត​ក្នុង​ពិភពលោក។ ដើម្បី​បាន​ប្រយោជន៍​ទាំងអស់គ្នា គ្រប់ប្រទេស ត្រូវ​តែសកម្ម​ ចូលរួម ឲ្យស្រុះគ្នា​ដើម្បី បិទបញ្ចប់​វិបត្តិ​កូវីដ​លើកនេះ។

ដើម្បី​អាច​សម្រេច​គោលដៅ ចាក់វ៉ាក់សាំង ឲ្យបាន​៤០ភាគរយ នៃ​ប្រជាជន​ក្នុងពិភពលោក ពីពេលនេះ រហូតដល់​ចុងឆ្នាំ២០២១នេះ មូលនិធិ FMI ស្នើ​ឲ្យ​គេ​សម្រួល​ការដឹកជញ្ជូន​ឆ្លងដែន សម្រាប់ វត្ថុធាតុដើម ចែករំលែក​វ៉ាក់សាំង ដែល​គេ​បាន​កុម្ម៉ង់​ច្រើនជ្រុល សម្រាប់​ជា​ជំនួយ ដល់​ប្រទេស​ក្រីក្រ តាមរយៈ​យន្តការ​កូវ៉ាក់ Covax របស់​អង្គការ​សុខភាពពិភពលោក។ យន្តការ​កូវ៉ាក់ ត្រូវ​ចែកចាយ វ៉ាក់សាំង ប្រមាណ ២ពាន់លាន​ដូស ពី​ពេលនេះ រហូត​ដល់​ចុងឆ្នាំ ២០២១ ប៉ុន្តែ គិតចាប់តាំង​ពី​ខែ កុម្ភៈមក យន្តការកូវ៉ាក់ ​ចែកចាយ ​វ៉ាក់សាំង បាន​ប្រមាណ​តែ ជាង​៦០លាន​ដូស​ប៉ុណ្ណោះ ទៅដល់​ប្រទេស​ក្រីក្រ។ ប្រឈម​នឹង​ការសន្យាខ្យល់​របស់​ក្រុមប្រទេស​អ្នកមាន ដែលថា នឹង​ចែករំលែក វ៉ាក់សាំង ដែលគេកុម្ម៉ង់ច្រើនជ្រុល យន្តការ​កូវ៉ាក់ ត្រូវ​ជួបការខ្វះខាត វ៉ាក់សាំង ម្យ៉ាង ដោយសារ​តែ ឥណ្ឌា​ផ្អាកការនាំចេញវ៉ាក់សាំង និង​ម្យ៉ាងដោយសារ ការកុម្ម៉ង់ទិញ របស់​ក្រុមប្រទេស​អ្នកមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ