អានតួអត្ថបទ
IMF-សេដ្ឋកិច្ច

IMF៖ស្ថានភាពសុខភាពសេដ្ឋកិច្ចពិភពលោកអាស្រ័យលើការវិវត្តន៍នៃជំងឺកូវីដ១៩ និងវ៉ាក់សាំង

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅកាត់​ជា​ភាសា​អង់គ្លេស IMF បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី២៦ មករា​ថា វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ពិភពលោក​បាត់បង់​ផលិតផល​សរុប​ក្នុង​ស្រុក​បូក​រួម​ទាំង​អស់​ចំនួន ២២ ០០០ ០០០លានដុល្លារ។ តាម IMF ទោះ​បី​ជា​វត្តមាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩​បាន​ផ្តល់​ក្តី​សង្ឃឹម​ពី​ការ​មាន​កំណើន​សេដ្ឋកិច្ច​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​ឆ្នាំ ២០២១ នេះ​ក៏​ដោយ​ក៏​ជំងឺ​ឆ្លង​រាតត្បាត​សកល​មួយ​នេះ​នឹង​បន្សល់​ស្លាកស្នាម​យូរ​អង្វែង​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។ IMF បាន​យល់​ឃើញ​ថា ពិភពលោក​មាន​កំណើន​សេដ្ឋកិច្ច​តិច ឬ​ច្រើន​ក្នុង​ឆ្នាំ ២០២១ អាស្រ័យ​ទាំង​ស្រុង​លើ​បរិមាណ​វ៉ាក់សាំង និង​យុទ្ធនាការ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ រួម​ទាំង​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន។

ប្រធានសេដ្ឋវិទូរបស់ IMF លោកស្រី Gita Gopinath
ប្រធានសេដ្ឋវិទូរបស់ IMF លោកស្រី Gita Gopinath AP - Esteban Felix
ផ្សាយពាណិជ្ជកម្ម

៥,៥% នេះ​ជា​អត្រា​កំណើន​សេចដ្ឋកិច្ច​សកល​ឆ្នាំ ២០២១ ដែល​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅកាត់ IMF បាន​ព្យាករណ៍​ឡើង​វិញ។ តួលេខ​ថ្មី​នេះ​បាន​កើន​ចំនួន ០,៣% បើ​ធៀប​នឹង​តួលេខ​ព្យាករណ៍​កាល​ពី ៣ខែ​មុន​ដែល​មាន ៥,២%។ តែ​ប្រធាន​សេដ្ឋវិទូ​របស់​ IMF លោកស្រី Gita Gopinath បាន​ព្រមាន​ទុក​ជា​មុន​ថា កំណើន​សេដ្ឋកិច្ច​សកល​នឹង​អាច​មាន​តិច ឬ​ច្រើន​អាស្រ័យ​លើ​បរិមាណ​វ៉ាក់សាំង និង​យុទ្ធនាការ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ រួម​ទាំង​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន។ បរិមាណ​វ៉ាក់សាំង​ដែល​លោកស្រី Gita ចង់​និយាយ​នេះ គឺ​ការ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ក្រុម​ប្រទេស​អភិវឌ្ឍ និង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​ពី​ពេល​នេះ​ទៅ​រដូវក្តៅ​ខាង​មុខ និង​សម្រាប់​ក្រុម​ប្រទេស​ផ្សេង​ទៀត​ពី​ពេល​នេះ​ទៅ​ពាក់​កណ្តាល​ឆ្នាំ ២០២២។

តាម​ការ​ព្យាករណ៍​របស់ IMF សហរដ្ឋអាមេរិក​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ ក្នុង​លោក​នឹង​អាច​អត្រា​កំណើន​ផលិតផល​ក្នុង​ស្រុក​ចំនួន ៥,១% សម្រាប់​ឆ្នាំ ២០២១។ អត្រា​នេះ​បាន​មក​ពី​ផែនការ​សេដ្ឋកិច្ច​ក្នុង​ទឹកប្រាក់ ៩០០ ០០០លានដុល្លារ​ប្រកាស​ដោយ​រដ្ឋបាល​អាមេរិក​ជំនាន់​លោក​ដូណាល់ ត្រាំ​កាល​ពី​ដំណាច់ខែ​ធ្នូ ឆ្នាំ ២០២០។ តែ​ផែនការ​សេដ្ឋកិច្ច​មួយ​ទៀត​របស់​ប្រធានាធិបតី​ថ្មី​លោក​ចូ បៃដិន​ដែល​មាន​ទឹកប្រាក់ ១ ៩០០ ០០០លានដុល្លារ​អាច​នឹង​ផ្តល់​ឲ្យ​សហរដ្ឋអាមេរិក​នូវ​អត្រា​កំណើន​ផលិតផល​ក្នុង​ស្រុក​ចំនួន ៥% បន្ថែម​ទៀត​សម្រាប់​រយៈពេល ៣ឆ្នាំ គឺ​២០២១ ២០២២ និង ២០២៣ នេះ​បើ​តាម IMF។

ទាក់ទង​នឹង​ប្រទេស​ចិន IMF ព្យាករណ៍​ពី​ការ​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ចំនួន ៨,១% ក្នុង​ឆ្នាំ ២០២១ និង​បញ្ជាក់​ថា​តាំង​ពី​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ ២០២០ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក​មួយ​នេះ​បាន​រក​ឃើញ​ឡើង​វិញ​នូវ​កម្រិត​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​មុន​ផ្ទុះ​ជំងឺ​កូវីដ១៩។ សម្រាប់​តំបន់​អឺរ៉ូ​ដែល​កំពុង​បន្ត​ញំញី​ដោយ​វីរុស​កូវីដ១៩ រួម​ទាំង​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន និង​វិធានការ​បិទខ្ទប់​ដើម្បី​ទប់ស្កាត់​បាន​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​ចុះ​ខ្សោយ។ តាម IMF គេ​ត្រូវ​រង់ចាំ​នៅ​ក្រោយ​ឆ្នាំ ២០២២ ទើប​តំបន់​អឺរ៉ូ​អាច​នឹង​ស្គាល់​ឡើង​វិញ​នូវ​កម្រិត​កំណើន​សេដ្ឋកិច្ច​ដូច​ដំណាច់​ឆ្នាំ ២០១៩។ មាន​តែ​សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន​ទេ​ដែល​អាច​ទទួល​បាន​ឡើង​វិញ​នូវកម្រិត​កំណើន​សេដ្ឋកិច្ច​នៅ​មុន​វិបត្តិ​កូវីដ១៩ ចាប់​ពី​ឆមាសទី២ ឆ្នាំ ២០២១ ទៅ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រឈម​មុខ​នឹង​ភាព​ស្រពិចស្រពិល​នេះ ប្រធាន​សេដ្ឋវិទូ​របស់ IMF លោកស្រី Gita Gopinath បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៅ​គ្រប់​ប្រទេស​ទាំង​អស់​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រជាជន ក្រុមហ៊ុន រោងចក្រ រួម​ទាំង​វិស័យ​ផ្សេង​ទៀត​ជា​ច្រើន​ដែល​បាន​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ