អានតួអត្ថបទ

ធនាគារពិភពលោក​អនុម័ត​ថវិកា​១២ពាន់​លាន​ដុល្លារ សម្រាប់​វ៉ាក់សាំង ប្រឆាំង​កូវីដ នៅ​ ប្រទេស​ក្រីក្រ

វ៉ាក់សាំង​ប្រឆាំង​កូវីដ មិនមែន​មាន​សម្រាប់​តែ​ក្រុមប្រទេស​អ្នកមានតែប៉ុណ្ណោះទេ។ ជាមួយ​នឹង​កញ្ចប់ប្រាក់ ១២ពាន់​លាន​ដុល្លារ ដែល​ខ្លួន​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារម្សិលមិញ ធនាគារ​ពិភពលោក ចង់បញ្ជាក់​ទៅខាង​ក្រុមហ៊ុន​ផលិតឧសថ​ដែលកំពុង​អភិវឌ្ឍ ស្រាវជ្រាវ​វ៉ាក់សាំង​ប្រឆាំង​កូវីដ ឲ្យ​បានដឹង​ថា ប្រជាជន​នៅក្នុង​បណ្តាប្រទេស​កំពុង​អភិវឌ្ឍ​ ក៏មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង ប្រឆាំង​កូវីដ ដ៏​ច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព​នឹង​គេដែរ។ 

រូបថត​នៅខែ​កញ្ញា ២០២០ បង្ហាញ​បុគ្គលិក នៅក្រុមហ៊ុន​SinoVac ដែលស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩
រូបថត​នៅខែ​កញ្ញា ២០២០ បង្ហាញ​បុគ្គលិក នៅក្រុមហ៊ុន​SinoVac ដែលស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ធនាគារ​ពិភពលោក បាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា ១២​ពាន់​លានដុល្លារ ដើម្បី ធានា​ថា ប្រទេស​ក្រីក្រ អាច​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ ដ៏​លឿនបំផុត ពោល​គឺ​នៅពេល​គេរកឃើញ និង​ផលិត​បានភ្លាម ​វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ។ ១២ពាន់​លានដុល្លារ ជាផ្នែក​មួយ នៃ​កញ្ចប់​ថវិកា សរុប ១៦០ពាន់​លាន​ដុល្លារ ដែល​ធនាគារ​ពិភពលោក បាន​ប្រកាស​កន្លងមក សម្រាប់ ជួយ​ប្រទេស​ក្រីក្រ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ រហូត​ដល់ ពាក់កណ្តាល​ឆ្នាំ ២០២១។

នៅក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ធនាគារ​ពិភពលោក​បាន​បញ្ជាក់ថា ថវិកា ១២​ពាន់​លាន​ដុល្លារ នេះ នឹង​អាច​ជួយ​ឲ្យ​មនុស្ស ១ពាន់​លាននាក់ អាច​ទទួល​បាន​វ៉ាក់សាំង។ ជំនួយហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភពលោក នឹង​យក​ទៅប្រើ​ផងដែរ សម្រាប់ ជំនួយ​បច្ចេកទេស ដើម្បី​ឲ្យ​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុងអភិវឌ្ឍ អាច​រៀបចំ ការចាក់វ៉ាក់សាំង ក្នុង​ទ្រង់ទ្រាយ​ធំ។

សម្រាប់​ប្រធានធនាគារ​ពិភពលោក លោក David Malpass ការពង្រឹង​ការចែកចាយ វ៉ាក់សាំង​ដ៏មាន​ប្រសិទ្ធិភាព សំខាន់​ណាស់​សម្រាប់ ផ្លាស់ប្តូរ​ដំណើរវិវឌ្ឍ​របស់​ជំងឺឆ្លងរាតត្បាត​កូវីដ។ មួយវិញទៀត គម្រោងការនេះ នឹង​ជួយផងដែរ ក្រុមប្រទេស​ដែលជួប​បញ្ហា​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច ដោយសារ​តែ​វិបត្តិកូវីដ ឲ្យងើប​ដើរ ពង្រឹងជំហរ​សេដ្ឋកិច្ច​របស់ខ្លួន ឡើងវិញ។

រហូតមកដល់ពេលនេះ មានតែ​វ៉ាក់សាំង ជាង ១០ ក្នុង​ចំណោម​បេក្ខជន​វ៉ាក់សាំង ជាង ១០០ ដែល​បាន​ឈាន​ដល់​ដំណាក់កាល ធ្វើតេស្ត​សាកល្បង​លើ​មនុស្ស។ ក្នុងនោះ មានតែ​វ៉ាក់សាំង ប្រមាណ ៤ប៉ុណ្ណោះ ដែលនាំមុខគេ។ នៅដើម​សប្តាហ៍នេះទៀត ក្រុមហ៊ុន​ផលិត​ឱសថ ពីរ​ របស់​អាមេរិក បាន​ក្លាយ​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​វ៉ាក់សាំង​ទី ៣ បន្ទាប់​ពីក្រុមហ៊ុន​អង់គ្លេស ដែល​បាន​ប្រកាស​ផ្អាក​ដំណើរការ​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូវីដ ដើម្បី​វាយតម្លៃ​ពី​ផលប៉ះពាល់​របស់វា​ទៅលើ​អ្នក​ចូលរួម។

នៅពេល គេ​មិនទាន់​ជាក់ច្បាស់ថា វ៉ាក់សាំង​ដែលគេ​កំពុង​ស្រាវជ្រាវ នឹង​អាច​មាន​ប្រសិទ្ធិភាព ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ បណ្តា​ប្រទេស​អ្នកមាន​ជាច្រើន បាន​ចុះ​កិច្ចសន្យា ទឹកប្រាក់​រាប់លាន​ដុល្លារ រួចហើយ សម្រាប់ កុម្ម៉ង់ទិញ វ៉ាក់សាំង ពីក្រុមហ៊ុន​ផលិត​ឱសថ។

កាលពី​ខែ​កញ្ញា​កន្លងទៅ ប្រធាន​ធនាគារ​ពិភពលោក ធ្លាប់​បាន​វាយតម្លៃ ​ថា មានតែ​វ៉ាក់សាំង ដែល​គួរឲ្យជឿជាក់ និង​មាន​ប្រសិទ្ធិភាព​ទេ ដែលអាច​ជួយ​ឲ្យ​ពិភពលោក​ចាប់បើក​ទ្វារ ឡើងវិញ ប្រកប​ដោយសុវត្ថិភាព។ ដរាបណា ជំងឺកូវីដ នៅតែ​រាតត្បាត នៅ​ក្នុង​ពិភពលោក នោះ គម្លាតសង្គម និង​វិធានការ​បិទខ្ទប់​ទីក្រុង​នឹង​ទៅបង្អាក់ បន្ទុច ដំណើរការ​សេដ្ឋកិច្ច មិន​ឲ្យ​ងើបដោះខ្លួន​រួចនោះទេ។ ជាលទ្ធផល គឺ ប្រជាជន​រាប់ពាន់​លាន​នាក់ មិនថា នៅក្នុង​ប្រទេស​ក្រីក្រ និង​ប្រទេស​អ្នកមាន ដែល​ធ្លាក់ខ្លួន កាន់តែ​ក្រីក្រ ដោយសារ​តែវិបត្តិកូវីដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ