អានតួអត្ថបទ
ប្រទេស​G7-អាកាសធាតុ

ប្រទេស​G7​សន្យា​បញ្ឈប់​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ធន​ឲ្យ​រោង​ចក្រ​ថាម​ពល​ធ្យូង​ថ្ម​ចាប់​ពី​ឆ្នាំ​២០២១​តទៅ

ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ ៧ ដែល​ហៅ​កាត់​ថា ហ្សេ៧​ (G7) បាន​សម្រេច​កាលពីថ្ងៃសុក ២១ ឧសភាម្សិលមិញ យល់​ព្រម​បញ្ឈប់​នយោបាយ​ផ្តល់​ប្រាក់​ឧបត្ថម្ភធន​របស់​រដ្ឋ​ឲ្យទៅ​រោងចក្រ​ថាមពល​ធ្យូងថ្ម​ចាប់ពី​ចុងឆ្នាំ​ ២០២១ នេះទៅ​។ ការសម្រេចបែបនេះ​ គឺ​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិក​ និង​បែរងាក​ទៅ​រក​ការផ្គត់ផ្គង់​ថាមពលអគ្គិសនី​ឲ្យ​បានច្រើន​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ២០៣០​ ខាង​មុខ​។

ក្រុមប្រទេស G7 បានបញ្ជាក់ជាថ្មីពីគោលបំណងលុបបំបាត់ចោលនូវ ការឧបត្ថម្ភធនឲ្យរោងចក្រថាមពលធ្យូងថ្មត្រឹមឆ្នាំ ២០២៥ និងបានលើកទឹកចិត្តឲ្យប្រទេសទាំងអស់ក្នុងលោកអនុវត្តតាមខ្លួន។
ក្រុមប្រទេស G7 បានបញ្ជាក់ជាថ្មីពីគោលបំណងលុបបំបាត់ចោលនូវ ការឧបត្ថម្ភធនឲ្យរោងចក្រថាមពលធ្យូងថ្មត្រឹមឆ្នាំ ២០២៥ និងបានលើកទឹកចិត្តឲ្យប្រទេសទាំងអស់ក្នុងលោកអនុវត្តតាមខ្លួន។ © REUTERS/Marko Djurica
ផ្សាយពាណិជ្ជកម្ម

នៅបន្ទាប់ពី​បាន​ជួប​ប្រជុំគ្នា​តាម​អនឡាញ​រយៈពេល​ពីរថ្ងៃ ​រដ្ឋមន្ត្រី​អាកាសធាតុ​ និង​បរិស្ថាន​នៃ​ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ G7​ បាន​បញ្ជាក់ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​ទប់​ស្កាត់​កុំឲ្យ​កម្តៅ​ផែនដី​ឡើងលើសពី​ ១,៥ អង្សា ត្រឹមឆ្នាំ​ ២០៥០​។

ការ​កើនឡើង​កំដៅ​នៃ​ភពផែនដី​ គឺជា​កង្វល់ដ៏​ខ្លាំងបំផុតមួយ​សម្រាប់​ពិភពលោក​ ហើយ​អ្នក​វិទ្យាសាស្ត្រ​ក៏ធ្លាប់​បានទាញសញ្ញា​អាសន្នជាញឹកញយហើយថា​ បើ​កំដៅផែនដី​ឡើង​លើស​​ពី​កម្រិត ១,៥ អង្សា ត្រឹមឆ្នាំ ២០៥០​ នោះ​ ការប្រែប្រួល​អាកាសធាតុ​នឹងលែង​អាច​គ្រប់​គ្រង​បាន​ទៀតហើយ​។

ដោយដឹងថា ​ការបន្ត​វិនិយោគ​ជា​សកល​លើការ​ផលិតថាម​ពលធ្យូងថ្ម​គឺជា​ឧបសគ្គ​ទប់​ស្កាត់​ការ​ឡើងកំដៅនៃភព​ផែនដី​ រដ្ឋមន្ត្រីអាកាសធាតុ​នៃ​ក្រុមប្រទេស​ G7 បាន​បញ្ជាក់ថា​ ការ​វិនិយោគ​អន្ដរជាតិ​លើថាមពលធ្យូងថ្ម​ដែល​គ្មានស្ថិរភាពនេះ​ ត្រូវតែបិទ​បញ្ឈប់​។ មានន័យថា​ ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្មទាំង​ ៧​ នឹង​បញ្ឈប់​នយោបាយ​ផ្តល់​ប្រាក់​ឧបត្ថម្ភធន​របស់រដ្ឋ​ឲ្យទៅ​រោង​ចក្រថាមពលធ្យូងថ្ម​ចាប់ពី​ចុងឆ្នាំ ២០២១ នេះតទៅ​។

រដ្ឋមន្រ្តីក្រសួងបរិស្ថានអាល្លឺម៉ង់​ Svenja Schulze បានហៅ​កិច្ចព្រមព្រៀង​ខាងលើនេះ​ថា​ជា​ ការបោះជំហានទៅមុខដ៏សំខាន់មួយ​ ដែលក្រុម​ប្រទេស​ឧស្សាហកម្ម​នាំមុខគេ​ អាច​បង្កើត​នូវ​ភាព​ជឿជាក់​ និង​អាចក្លាយជាគំរូ​ដើម្បី​ជំរុញ​ឲ្យអ្នក​ប្រទេសដទៃទៀត​ធ្វើតាមខ្លួន​។

គួរជ្រាបថា ​ប្រទេស​ G7 ដែល​រួមមាន​សហរដ្ឋ​អាមេរិក កាណាដា​ បារាំង​ អង់គ្លេស​ អាល្លឺម៉ង់​ អ៊ីតាលី​ និង​ជប៉ុនគឺជារោងចក្រ​ផលិត​រថយន្ត​ធំៗ​ជាច្រើន។ ការ​ព្រមព្រៀងគ្នា​ដើម្បី​ពន្លឿន​យន្តការ​ងាកចាកឆ្ងាយ​ពីការប្រើ​ប្រេងឥន្ធនៈ​ នៅក្នុង​ឧស្សាហកម្ម​ដឹកជញ្ជូន​គឺជា​គោលដៅដ៏សំខាន់បំផុតមួ​របស់​ប្រទេស​ G7​។

កម្មវត្ថុសំខាន់គឺ​គេ​ចង់​កាត់បន្ថយ​ការបំភាយឧស្ម័ន​កាបូនិក​ និងបែរទៅរកការផ្គត់ផ្គង់​ថាមពល​អគ្គិសនីឲ្យបានច្រើននៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០​។ ប្រទេស G7​ បាន​បញ្ជាក់​ជា​ថ្មីដែរពីគោលបំណង​លុបបំបាត់ចោលនូវ​ការ​ឧបត្ថម្ភធន​ឲ្យ​រោងចក្រ​ថាមពលធ្យូងថ្ម​ត្រឹមឆ្នាំ ២០២៥​ និង​បានលើកទឹក​ចិត្តឲ្យប្រទេស​ទាំងអស់ក្នុងលោកអនុវត្តតាមខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ