អានតួអត្ថបទ
ចិន-ប្រជាសាស្ត្រ

ចិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​មាន​កូន​ដល់​បីនាក់

ដោយ​សំឡឹង​ឃើញ​ថា ប្រទេស​មាន​មនុស្ស​ចាស់​កាន់​តែ​ច្រើនឡើងៗ ឯក្មេង​កាន់តែ​តិចទៅៗ អាជ្ញាធរ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃចន្ទ​​ទី ៣១​ ឧសភា ២០២១ លុប​ចោល​ច្បាប់​កំរិត ឱ្យ​ពលរដ្ឋ​​មាន​សិទ្ធិ​បង្កើតកូន​​ត្រឹមតែ​ពីរ​នាក់។ ចិន​មិនបោះបង់​ទាំង​ស្រុង​នយោបាយ​ត្រួតពិនិត្យ​កំណើត​ទេ តែ​ជា​មួយ​នឹង​​ការ​អនុញ្ញាត​ឱ្យ​គូស្វាមី​ មានកូន​ដល់​បី​នាក់ ចិន​សង្ឃឹម​ថា​​អត្រា​កំណើតនឹង​ស្ទុះ​ឡើង​វិញ​។

កុមារ​ចិន​នៅ​តាម​ដង​ផ្លូវ​ ក្រុង​ប៉េកាំង ថ្ងៃទី ២៨​មេសា ២០២១
កុមារ​ចិន​នៅ​តាម​ដង​ផ្លូវ​ ក្រុង​ប៉េកាំង ថ្ងៃទី ២៨​មេសា ២០២១ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ចិន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​បើ​តាម​លទ្ធផល​ជំរឿន​នៅ​ឆ្នាំ​២០២០ ចេញ​ផ្សាយ​កាលពី​ដើម​ខែ​ឧសភា បាន​បង្ហាញ​ថា ​​អត្រា​កំណើននៃពលរដ្ឋ​​វ័យ​ចំណាស់ បាន​ស្ទុះ​ឡើង​លឿន​ជាង​ការ​ព្យករ​ណ៍​ និង​មាន​កំណើន​ប្រជាជន​ទាប​ខ្លាំង​មិន​ធ្លាប់​មានទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​ចិន​បាន​សម្រេច​បើកសេរីភាព​​នយោបាយ​គ្រួសារ​ ដោយ​អនុញ្ញាត​ឱ្យ​គ្រួសារ​មួយ​មាន​កូនដល់​​បី​នាក់ តែ​មិន​ឱ្យ​លើស​ពី​​បី នាក់​ទេ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ថ្មី ដែល​បូក​សរុប​លទ្ធផល​ប្រជុំ​គណៈកម្មការ​នយោបាយ​បក្ស​កុម្មុយនិស្ត​ដឹកនាំ​ដោយ​លោកស៊ី ជីនពីង។

នយោបាយ​បើក​ទូលាយ​ឱ្យ​មាន​កូន​យ៉ាង​ច្រើន​ដល់​បីនាក់នេះ ត្រូវ​អម​ជាមួយ​នូវវិធានការ​ទ្រទ្រង់​គ្រួសារ​ផង ប៉ុន្តែ​សារព័ត៌មាន​ផ្លូវការ​ចិន​មិន​បាន​លម្អិត​ទេ។

បក្ស​កុម្មុយនិស្ត​ចិន​បានប្រកាន់​យក​​គោលការណ៍​ “កូន​តែ​មួយ” តាំង​ពី​ឆ្នាំ​១៩៧៩ ​ដើម្បី​ទប់​ស្កាត់​កំណើន​ប្រជាជន ដោយ​ជួន​​ចាប់​បង្ខំ​ប្រជាជន​ឱ្យ​រម្លូត​កូន ឱ្យ​ប្រើ​វិធី​ពន្យារ​កំណើត​ ឱ្យ​បង់​ពិន័យ ឱ្យ​ជាប់​ពន្ធនាគារទេ ... ចាប់ពី​​ឆ្នាំ​២០១៦​មក ចិន​ចាប់​បន្ធូរ​បន្ថយ​នយោបាយ​កំណើត ដោយ​ព្រមឱ្យ​​គ្រួសារ​មួយ​អាច​មាន​កូន​ពីរនាក់។ ប៉ុន្តែ​ផែនការ​នេះ​មិន​បាន​ជួយ​ចិន​ឱ្យ​មាន​អត្រា​កំណើត​កើន​ឡើង​។ មូលហេតុ​មាន​ច្រើន​យ៉ាង ៖ ចំនួន​អាពាហ៍ពិពាហ៍ធ្លាក់​ចុះ តម្លៃ​ស្នាក់​នៅ​និង​ការសិក្សា​អប់រំឡើង​ថ្លៃ ស្ត្រីជ្រើសរើស​ទៅ​ប្រលូក​ការងារមុន​យក​​កូន និង​ចំនួន​មនុស្ស​ស្រី​តិច។ ដោយ​ហេតុ​កូវីដ​ មាន​ទារកចិន​​តែ​ប្រមាណ​១២​លាន​នាក់​ប៉ុណ្ណោះ​បាន​នៅ​ឆ្នាំ​២០២០ ទល់​នឹង​១៤,៦៥​លាន​នាក់​កាលពី​ឆ្នាំ​២០១៩ ពោល​គឺ​ជា​ឆ្នាំ​ដែល​មាន​អត្រា​កំណើត​តិច​ជា​ង​គេ​បំផុត​  គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៤៩មក។

បី​ទសវត្សរ៍នៃ​នយោបាយ​​ត្រួត​ពិនិត្យ​កំណើត​ដ៏តឹង​តែង​ បានបន្សល់​ទុក​នូវ​​​វិសមភាព​សង្គម​ជា​ច្រើន ៖ កំណើន​មនុស្សចាស់ និង​កង្វះ​មនុស្ស​ភេទ​ស្រី ​ព្រោះ​ចិន​ចូល​ចិត្ត​តែ​កូន​ប្រុស។កំណើន​មនុស្ស​ចាស់​កំពុង​ក្លាយ​ជា​ វិបត្តិ​ប្រជាសាស្ត្រ ! បើ​តាម​ការ​ប៉ាន់ស្មាន​របស់​រដ្ឋាភិបាល ចិន​មាន​ប្រជាជន​វ័យ​ចំណាស់ លើស​​៦០ឆ្នាំ​ ចំនួន ២៦៤​លាននាក់ ពោល​គឺ​ស្មើ​នឹង​១៨,៧%​នៃ​ប្រជាជនសរុប និង​កើត​៥,៤៤%​ក្នុង​រយៈ​ពេល​១០​ឆ្នាំ។ ផ្ទុយ​ទៅ​វិញ ក្នុង​រយៈពេល​ដូច​គ្នា ចំនួន​ពលរដ្ឋសកម្ម (១៥-៥៩ឆ្នាំ) បាន​ធ្លាក់​ចុះ​៦,៧៩%។   

ជា​ផ្លូវការ​និង​បើ​តាម​ជំរឿន​ចុង​ក្រោយ​ ចិន​មានប្រជាពលរដ្ឋ​សរុប ១៤១១​លាន​នាក់ នៅ​ឆ្នាំ​២០២០ ដោយ​មាន​កំណើន​ជា​មធ្យម​ត្រឹម​តែ​០,៥៣%​ក្នុង​មួយ​ឆ្នាំៗ តាំង​ពី​ឆ្នាំ​២០១០មក។ ក្នុង​ចង្វាក់​នេះ ចិន​នឹងធ្វើឱ្យ​បាត់បង់នាមជា​ប្រទេស​ដែល​មានប្រជាពលរដ្ឋ​ច្រើន​ជាង​បំផុត​នៅ​លើ​ពិភពលោក និងមាន​ប្រជាជន​ត្រឹម​តែ​១៣២០លាននាក់​នៅ​ឆ្នាំ​២០៥០។

សំឡេង​ទាមទារ​ឱ្យ​ចិន​លុប​បំបាត់​ទាំង​ស្រុង​នយោបាយ​គ្រប់​គ្រង​កំណើត​ បាន​លាន់​ឮ​កាន់​តែខ្លាំង តែ​បក្ស​កុម្មុយនិស្តបដិសេធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ