អានតួអត្ថបទ
អង្គកា​សុខភាពពិភពលោក

ប្រទេស​ជា​សមាជិក សម្រេចធ្វើ​កំណែទម្រង់​ ដើម្បី​​​​ពង្រឹង​ស្ថាប័ន​អង្គការ​សុខភាព​ពិភពលោក

ប្រទេស​ជា​សមាជិក​​អង្គការ​សុខភាព​ពិភពលោក​ទាំង​អស់ បាន​សម្រេច​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ចន្ទទី ៣១​ឧសភា ដែល​ត្រូវ​ជា​ថ្ងៃ​បិទ​បញ្ចប់​មហាសន្និបាតប្រចាំ​ឆ្នាំ​លើកទី​៧៤ ធ្វើ​កំណែទម្រង់​ ដើម្បី​ពង្រឹង​ស្ថាប័ន​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​បាន​រឹងមាំ​ឡើង​។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថាជា​​កំណែទម្រង់​បែបណា​និង​យ៉ាង​ដូចម្តេច​នៅ​ឡើយ។ ក្រុម​ការងារទទួល​បន្ទុក​កិច្ចកា​រនេះ​​នឹង​កំណត់​នៅ​តាម​ក្រោយ។

លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាពពិភពលោក
លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាពពិភពលោក Christopher Black World Health Organization/AFP
ផ្សាយពាណិជ្ជកម្ម

ជាង​មួយ​ឆ្នាំក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩​ និង​ក្នុង​អំឡុង​ពេល​នេះកំពុង​ប្រយុទ្ធ​​ប្រឆាំង​នឹង​ជំងឺរាតត្បាត​សាកល ដែល​បាន​ផ្តាច់​ជីវិ​តមនុស្ស​អស់​ជាង​៣,៥​លាន​នាក់ រដ្ឋ​​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​​ធ្វើ​កំណែទម្រង់​ពង្រឹង​ស្ថាប័ន នៅក្នុង​អង្គ​មហាសន្និបាត​លើក​ទី​៧៤​។ ​មហា​សន្និបាត​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឱ្យរដ្ឋ​ជា​​សមាជិកបានមើល​ឃើញ​​ចំណុចខ្វះ​ខាត​ជា​​ច្រើនរបស់​ស្ថាប័ន​​ តាម​រយៈ​​របាយការណ៍ឯករាជ្យ​ផ្សេងៗ ដែល​ខ្លះ​បាន​អះអាង​ថា​ វិបត្តិកូវីដ​គួរ​តែ​អាចបញ្ចៀសបាន​ និង​ខ្លះ​បាន​​បន្ទោស​អំពី​ភាព​យឺត​យ៉ាវ​របស់​អង្គការសុខភាពពិភពលោក​ក្នុង​ការ​ប្រកាស​អាសន្នកូវីដ១៩។

“ជា​សេចក្តី​​សម្រេចចិត្ត​ដ៏​សំខាន់​បំផុតមួយ​​ ក្នុង​​ប្រវត្តិរបស់​អង្គការ​”។ នេះ​បើ​តាម​ប្រសាសន៍​អបអរ​របស់​លោក តេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស អគ្គនាយក​អង្គការ​សុខភាពពិភពលោក។ សេចក្តីសម្រេច​ចិត្ត​មាន​ឈ្មោះ​ថា “ពង្រឹង​ការ​ត្រៀម​លក្ខណៈ​តបត​នឹង​ភាព​បន្ទាន់​សុខាភិបាល”  ជា​គម្រោង​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​សហភាពអឺរ៉ុប និង​ដែល​បាន​គូស​បញ្ជាក់​អំពី​ទំនួលខុស​ត្រូវ​ដ៏​ចាំបាច់​របស់​រដ្ឋាភិបាល​​នីមួយៗផង​ ​ អំពី​តួនាទី​គន្លឹះ​របស់​អង្គការ​សុខភាពពិភពលោកផង នៅ​ចំពោះ​មុខ​វិបត្តិ​សុខភាព​ ដែល​អាច​មានទំហំ​ធំធេង​លើស​មត្ថភាព​របស់​ស្ថាប័ន​នាពេល​បច្ចុប្បន្ន។

តាម​រយៈ​សេចក្តី​សម្រេច​ចិត្ត​​ ​ក្រុមការងារ​ស្តី​អំពី​ការ​ពង្រឹង​លក្ខណៈ​ត្រៀម​និង​បញ្ចេញ​សកម្មភាព​តបត​នឹង​វិបត្តិ​សុខភាព​ នឹង​ត្រូវ​​បង្កើត​ឡើង ក្នុង​រង្វង់​ស្ថាប័ន​អង្គការ​សុខភាពពិភពលោក។ គ្រប់​ប្រទេសជា​សមាជិក​សុទ្ធ​តែ​អាច​ចូល​​រួម​ក្នុង​ក្រុមការងារនេះ ដែល​មាន​បន្ទុក​សិក្សា​​ពិនិត្យ​ពិច័យ​របាយការណ៍​ផ្សេងៗ និ​ងផ្តល់​សំណើ​មក​កាន់​អង្គមហាសន្និបាត​លើក​ទី​៧៥។ នាយក​អង្គការ​សុខភាពពិភពលោក​ ​ក៏​អាច​ធ្វើ​សំណើ​ផ្ទាល់ខ្លួន​បាន​ដែរ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ប្រកាស​អាសន្ន​របស់​អង្គការ។

អង្គការ​សុខភាព​ពិភពលោក​ត្រូវ​បង្កើត​ផែនការ​មេ​មួយ​សម្រាប់​វាយ​តម្លៃ​ការ​ងារ​ត្រៀមប្រឈម​វិបត្តិ​​របស់​រដ្ឋ​សមាជិកនីមួយៗ។ នេះ​បើ​តាម​សំណើចែង​ក្នុង​សេចក្តី​សម្រេច​ចិត្ត​​ដែល​បាន​អំពាវនាវ​ថែម​ទៀត​ឱ្យ​រដ្ឋ​នីមួយៗបង្កើន​សមត្ថភាព​ឆាប់សម្គាល់​បាន​ការ​គំរាមកំហែង​ថ្មីៗ។

​ជាមួយ​នឹង​ការ​ជំរុញ​ឱ្យមានកា​រផ្តល់​ព័ត៌មាន​ឱ្យ​ទាន់ពេល​វេលា​ ទៅ​តាម​ស្ថានភាព​សុខភាព​សាធារណៈ ឬ​ទៅ​តាម​ការវិវឌ្ឍ​នៃ​ជំងឺ​រាតត្បាត សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សុខភាពពិភពលោក​បានស្នើ​សុំ ជា​ចុងក្រោយ​ ​ឱ្យ​រដ្ឋ​ជា​សមាជិក​នីមួយៗ ធានា​ផ្តល់​​ហិរញ្ញវត្ថុ​សមស្រប​ អាច​ឡើង​ចុះទៅ​តាមស្ថានការណ៍ មាន​​ជា​និរន្ត និង​អាចឱ្យ​កម្មវិធី​របស់​អង្គការ​សុខភាពពិភពលោក​អាច​ព្យាករ​​​​បាន។ ការ​បង់​វិភាគទាន​ដែល​ជា​កាតព្វកិច្ច​របស់​រដ្ឋសមាជិក តំណាង​ឱ្យ​​​១៦%​នៃ​ថវិកា​របស់​អង្គការ​។

រដ្ឋ​ជា​សមាជិក​ទាំង​១៩៤​ប្រទេស​បានសន្យា​បើ​ក​ជំនួប​កំពូលវិសាមញ្ញ​នៅ​ខែ​វិច្ឆិកា២០២១ ដើម្បី​រៀប​រាង​សន្ធិសញ្ញា ឬអនុសញ្ញា​ស្តីពី​ការ​ត្រៀម​និង​ឆ្លើយ​តបទៅ​នឹង​​វិបត្តិ​រាតត្បាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ