អានតួអត្ថបទ
G៧-ពន្ធដារ

ក្រុមG​៧ ​ឈានទៅ​សម្រេច​កិច្ចព្រមព្រៀង​ កំណត់​អត្រា​​​ពន្ធ​រួម ​លើក្រុមហ៊ុន​ពហុជាតិ

មិនទាន់​ចេញ​ជា​កិច្ចព្រមព្រៀង​ទេ តែ​មិន​យូរ​ទៀត​ឡើយ។ ការ​យក​ពន្ធ​​ក្រុម​ហ៊ុន​អន្តរជាតិ បានក្លាយ​ជា​ប្រធានបទ​នៃ​​ជំនួប​ប្រជុំ​ក្រុមប្រទេសមហាឧស្សាហកម្ម​ទាំង​៧ នា​ទីក្រុង​ឡុងដ៍​ដែល​គ្រប់​ភាគី​បាន​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់ ជាលើក​ទីមួយ​ គិត​តាំង​ពី​វិបត្តិ​កូវីដ​១៩​បាន​ផ្ទុះ​ឡើង។ នៅ​ថ្ងៃ​សៅរ៍​ទី ៥ មិថុនា ​ក្រុម​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​G7 ​ត្រូវ​បន្ត​ចរចា​លើ​សំណុំរឿង​នេះ​​ជា​បន្ត​ទៀត ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឱ្យ​កាន់​តែប្រសើរ​ឡើង​​ សម្រាប់​ជំនួប​ប្រជុំ​ក្រុមប្រមុខ​រដ្ឋ-រដ្ឋាភិបាល​G7 នៅ​សប្តាហ៍ក្រោយ។ សម្រាប់​ពេល​នេះ ក្រុម​G7 បាន​ព្រមព្រៀង​គ្នាជា​គោលការណ៍ ​ចែក​រំលែក​លទ្ធផល​នៃ​ការ​សាកល្បងវ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩។

ជំនួប​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រុមប្រទេស G7 ថ្ងៃទី ៤មិថុនា ២០២១
ជំនួប​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រុមប្រទេស G7 ថ្ងៃទី ៤មិថុនា ២០២១ Stefan Rousseau POOL/AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ស្តីពីការ​យក​ពន្ធ​​​ពី​ក្រុមហ៊ុនសហគ្រាស​ពហុជាតិ នឹង​អាច​សម្រេច ​នៅ​ក្នុង​ជំនួប​លើក​ក្រោយនា​ខែ​កក្កដា​ខាងមុខ​នេះ​ហើយ។ នេះ​​បើ​តាមប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង ព្រុយណូ ឡឺម៉ែរ Bruno Le Maire ។ ការ​ចរចា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ស្វាហាប់។ ឱកាសបាន​​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធដារ​ពិភពលោក​ ដែល​គ្មាន​នរណា​គិត​គូរ​ តាំង​ពី​ជា​ច្រើនទសវត្សរ៍​មក ចាប់​មាន​ឥទ្ធិពល​ហើយ។

ក្រុម​ប្រទេស​មហាឧស្សាហកម្ម​កំពូល​គេ​នៅ​លើ​ពិភពលោកបាន​ព្រមព្រៀង​គ្នា​ លើ​គោលការណ៍ស្តារ​ឱ្យ​មាន​កា​រកំណត់​អត្រារួម​នៃការ​​​យក​ពន្ធពី​ក្រុមហ៊ុន​សហគ្រាស​ធំៗ​ខ្នាតពហុជាតិ គ្រាន់​តែនៅ​ពុំទាន់​ត្រូវ​រ៉ូវ​គ្នា ថា​ប៉ុន្មាន និង​នរណាខ្លះប៉ុណ្ណោះ ព្រោះ​សំណុំ​រឿង​នេះ​មាន​លក្ខណៈ​បច្ចេកទេសផង នយោបាយ​ផង។

បារាំង​ដែល​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​ ​ចង់កំណត់​កំរិត​​ពន្ធលើ​​ក្រុមហ៊ុន​ពហុជាតិ​ឱ្យ​បាន​ខ្ពស់​ និង​លើស១៥%​​ នៃ​សំណើ​របស់​​សហរដ្ឋ​អាមេរិក។ សម្រាប់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង ១៥%​ជា​កំរិតអប្បបរិមា​នៃ​ការចាប់​ផ្តើមចរចា​តែប៉ុណ្ណោះ។ ដំបូង​ឡើយ​សហរដ្ឋ​អាមេរិក​ក៏ចង់​​កំរិត​អត្រា​ពន្ធ​ដល់​២១%ដែរ ​តែ​ក្រោយ​មកបាន​ប្តូរ​ចិត្ត​វិញ ដើម្បី​ងាយ​​ប្រមូលការគាំទ្រ​។ ស៊ីប​ អៀរឡង់ ឬ ហុងគ្រី ដែល​ជាប្រទេស​មាន​អត្រា​ពន្ធ​ទាបខ្លាំង​បំផុត​នោះ ធ្លាប់​បាន​សម្តែង​ការ​ប្រឆាំង​នឹង​គម្រោង​យកពន្ធ​រួមនេះរួច​ហើយ។

ចំណុច​សំខាន់​ដែល​ត្រូវ​កំណត់ ​មុន​នឹង​អាច​សម្រេច​ចេញជា​កិច្ចព្រមព្រៀងបាន​​ នោះគឺក្រៅពី​ក្រុមហ៊ុន​ឌីជីថល​យក្ស​ Google Apple Facebook Amazon Microsoft តើមាន​​ក្រុមហ៊ុន​សហគ្រាស​ពហុជាតិ​ណា​ខ្លះទៀត​​ដែលត្រូវ​ជាប់កាតព្វកិច្ចបង់ពន្ធ ?

នៅ​ថ្ងៃសៅរ៍​ទី ៥​មិថុនា​នេះ​ ក្រុមហ្សេ​៧ ត្រូវ​បន្ត​ការ​ជជែកពិភាក្សាអំពី​នយោបាយ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច បង្ក​ឡើង​ដោយ​វិបត្តិកូវីដ១៩ ដែលជា​អ្នក​មក​ពន្លឿន​​ពិភពលោក​ឱ្យ​គិត​គូរ​យក​ពន្ធ​​ក្រុមហ៊ុនធំៗ។ ត្រង់​ចំណុចនេះ ​ក្រុមរដ្ឋមន្ត្រី​ក្រសួ​ង​សុខាភិបាលG៧ បានព្រមព្រៀង​គ្នា​ជា​គោលការណ៍​បង្កើត​ឱ្យ​មាន​យន្តការ​ត្រៀមការពារ​វិបត្តិ និងយន្តការ​​ចែក​ចាយ​លទ្ធផល​សាកល្បង​ថ្នាំ​វ៉ាក់សាំង លទ្ធផលព្យាបាល​កូវីដ១៩​ ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង។ ប៉ុន្តែ​ពុំមាន​ទេ​សេចក្តី​ថ្លែងការណ៍​ច្បាស់លាស់​ស្តី​អំពី​ផែនការ​ពង្រីក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​កូវីដ​១៩​នៅ​លើ​ពិភពលោក​​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ ស្ថាប័ន​សន្យា​ត្រឹម​ផ្តល់​ការ​គាំទ្រ​ក្នុង​ទំហំទឹកប្រាក់​៥០ពាន់​លាន​ដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ