អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

អឺរ៉ុប​និង​​អាមេរិក​ គ្រោង​ចេញកិច្ចព្រមព្រៀងសម្រួល​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ​១៩

សហភាពអឺរ៉ុប​និង​សហរដ្ឋ​អាមេរិក នឹង​បើក​ជំនួប​កំពូល​​រួម​គ្នា​នៅថ្ងៃ​អង្គារ​ខាង​មុខ។ បើ​តាម​គម្រោង​សេចក្តីថ្លែងការណ៍​រួម ​ អឺរ៉ុប​និង​អាមេរិក​នឹងព្រមព្រៀងគ្នា​​លើ​​​គោលការណ៍​​សម្រួល​ការ​នាំ​ចេញវ៉ាក់សាំង​ និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩​ នៅលើ​ពិភពលោក​។ ប៉ុន្តែពុំ​មាន​និយាយ​ទាក់ទង​នឹង​ការ​លើក​កម្មសិទ្ធិបញ្ញា​វ៉ាក់សាំង​ទេ។ ​

សហភាពអឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ គ្រោង​ចេញកិច្ចព្រមព្រៀង​សម្រួល​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ​១៩
សហភាពអឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ គ្រោង​ចេញកិច្ចព្រមព្រៀង​សម្រួល​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ​១៩ Apu GOMES AFP/File
ផ្សាយពាណិជ្ជកម្ម

​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​អាមេរិក​ចង់​លើក​កម្មសិទ្ធិបញ្ញា​វ៉ាក់សាំង​ ជា​បណ្តោះអាសន្ន​ មិន​សូវ​បាន​ទទួល​ការ​គាំទ្រ​ពីអឺរ៉ុបទេ។ នៅ​ទី​បំផុត​ សហរដ្ឋ​អាមេរិក​និង​សហភាពអឺរ៉ុប បានត្រឹម​​ព្រមព្រៀង​គ្នា​ លើ​គោលការណ៍​កាត់​បន្ថយ-លុប​​​បម្រាម​ខ្លះ​​ដែល​រារាំង​ការ​នាំ​ចេញ​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩​ និង​បាន​ព្រមព្រៀង​​ចែក​រំលែក​បច្ចេកវិទ្យា​សំខាន់ៗ​ដើម្បី​បង្កើន​ផលិត​កម្ម​និង​សម្រួល​ការ​ចែក​ចាយ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ នៅ​ទូទាំង​ពិភពលោក។

នៅក្នុង​ជំនួប​កំពូល​ សហភាពអឺរ៉ុប​និង​សហរដ្ឋអាមេរិក​ នឹង​សម្រេច​បង្កើត​ក្រុមការងារ​មួយ ទទួល​បន្ទុក​គ្រប់គ្រង​​សមត្ថភាព​ផលិត​វ៉ាក់សាំង​ និង​ផលិត​ថ្នាំ​ព្យាបាល​កូវីដ​១៩ ដើម្បី​​​ធានាឱ្យ​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​​ល្អ​​​និង​ប្រាកដ​ប្រជា​ និង​គ្មាន​បម្រាម​ឥតប្រយោជន៍​ដែល​រំខាន​​ការ​នាំ​ចេញ។ ក្រុមការងារ​នេះ​ក៏​នឹង​​ត្រូវ​មាន​ភារៈ​ជំរុញ​ឱ្យ​គ្រប់​ប្រទេស​ចែក​រំលែក​ដោយ​ស្ម័គ្រ​ចិត្ត នូវ​​ចំណេះ​ធ្វើ​និង​បច្ចេកវិទ្យា​ដែល​ខ្លួន​​មាន សម្រាប់​បង្កើន​ផលិតកម្ម​ពិភពលោក ទៅ​តាម​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក។ មាន​ន័យ​ជា​លក្ខខណ្ឌ​ដែល​គ្មាន​លក្ខណៈ​​ចាប់​បង្ខំ​​តម្រូវ​​ជា​ចាំ​បាច់ដូច​ការសុំ​ឱ្យ​​ចែ​ករំលែក​កម្មសិទ្ធិបញ្ញា​ឡើយ។

ជាង​នេះ​ទៅ​ទៀត សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ នឹង​អះអាង​​បញ្ជាក់រួម​គ្នា​ជា​ថ្មី នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ក្រោយ​ការ​បិទ​បញ្ចប់​ជំនួប​កំពូល ការ​គាំទ្រ​យន្តការ​ចែក​ចាយ​ថ្នាំ​បង្ការ​កូវីដ​​របស់​អង្គការ​សុខភាពពិភពលោក ហៅកាត់​ថា កូវ៉ាក់ Covax ដើម្បី​ជំរុញ​ឱ្យ​គ្រប់​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍន៍​អាច​ទទួល​​ថ្នាំ​បង្ការ​​បាន​ស្មើ​ភាព​គ្នា​ នៅ​ទូទាំង​ពិភពលោក។ ដៃ​គូ​ទាំង​ពីរ​ក៏ នឹង​សន្យា​ស្វែង​រក​ជំនួយ​និង​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩ ឱ្យ​បាន​គ្រប់​២​ពាន់​លាន​ដូស​ នៅ​ដំណាច់​ឆ្នាំ​២០២១។ សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ត្រូវ​បាន​គេ​បន្ទោស​ថា​គិត​និង​ផ្តល់​អាទិភាព​ដល់តែ​​ពលរដ្ឋ​ខ្លួន​ឯង​នោះ បាន​សន្យានៅពេលនេះ​ផ្តល់​វ៉ាក់សាំង​ដែល​មាន​សល់​ចំនួន​៨០​លាន​ដូស​ទៅ​ឱ្យ​ប្រទេស​ក្រីក្រ ចំណែក​សហភាព​អឺរ៉ុប​សន្យា​ផ្តល់​យ៉ាងហោច​១០០​លាន​ដូស ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យយ៉ាង​ហោច ២ភាគ​បីនៃ​​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​ ​បាន​ទទួល​ថ្នាំ​បង្ការ នៅ​ចុង​ឆ្នាំ​២០២២។ នេះ​បើ​តាម​គម្រោង​សេចក្តី​ថ្លែងការណ៍​រួម​អឺរ៉ុប-អាមេរិក​ដដែល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ