អានតួអត្ថបទ
បារាំង-អាមេរិក-ភេរវនិយម

បារាំង​និង​សហរដ្ឋ​អាមេរិក​ពង្រឹង​កិច្ចសហប្រតិបត្តិការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវនិយម

រដ្ឋមន្ត្រីការ​ពារ​ជាតិ​បារាំង​ លោកស្រី ផ្លរ៉ង់ ប៉ាលី Florence Parly  និង​សមភាគី​អាមេរិក​លោកឡយដ៍ អូស្ទីន Lloyd​ Austin បាន​ចុះ​ហត្ថលេខា នៅ​ទីក្រុង​វ៉ាស៊ីនតោន​ លើ​កិច្ចព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការថ្មី​រវាង​កង​កម្លាំង​ទ័ពពិសេស​ផង និង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយមផង។

រដ្ឋ​មន្ត្រីការពារជាតិ​អាមេរិក​លោក Lloyd Austin និងសមភាគី​បារាំង​លោកស្រី​Florence Parly នៅ​មន្ទីរ​បញ្ចកោណ​ ថ្ងៃទី ៩​កក្កដា ២០២១
រដ្ឋ​មន្ត្រីការពារជាតិ​អាមេរិក​លោក Lloyd Austin និងសមភាគី​បារាំង​លោកស្រី​Florence Parly នៅ​មន្ទីរ​បញ្ចកោណ​ ថ្ងៃទី ៩​កក្កដា ២០២១ Nicholas Kamm AFP
ផ្សាយពាណិជ្ជកម្ម

“ប្រឈម​នឹង​ភេរវនិយម​ កង​កម្លាំង​ពិសេស​បារាំងអាមេរិក​បាន​អភិវឌ្ឍភាព​ជា​បងប្អូន​រួម​អាវុធ។ កិ​ច្ចព្រមព្រៀង​នេះ​ជា​ការរឹតបន្តឹង​​ចំណង​ភាតរៈដែល​បាន​វេញ​យូរ​ហើយ”។ នេះ​ជា​សារ​ទ្វីត​របស់​លោកស្រីរដ្ឋមន្ត្រីការពារ​ជាតិ ក្រោយ​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាមេរិក​បារាំង​រួច ដោយ​ពុំ​មាន​លម្អិត​អំពី​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​ទេ។

ប៉ុន្តែ​បើ​តាម​អ្ន​កនាំពាក្យ​វិមាន​បញ្ចកោណ កិច្ចព្រមព្រៀង​អាមេរិក​ មិន​សំដៅ​លើ​​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ណាមួយ​ដោយ​ជាក់​លាក់​ឡើយ​។ អាមេរិក​និង​បារាំងកាន់​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ភេរវនិយម​លើ​គ្រប់​សមរភូមិ​ទាំង​អស់។

​សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​នៅសហរដ្ឋ​អាមេរិក​ និងការ​ចុះ​ហត្ថលេខា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា  ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​ដែល ​​សហរដ្ឋ​អាមេរិកត្រូវ​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន ចំណែក​​បារាំង​សម្រេច​កាត់​បន្ថយ​វត្តមាន​កងទ័ព​បារាំង​នៅ​តំបន់​Sahel។

លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៨កក្កដាថា សង្គ្រាម​អូសបន្លាយ​ដ៏​វែង​ជាង​គេ​បំផុត​របស់​អាមេរិក ជិត​​ដល់​ទី​បញ្ចប់​ហើយ ដោយ​អាមេរិកនឹង​​ដក​កងទ័ពទាំង​ស្រុង​​ចេញ​ពី​អាហ្វហ្កានីស្ថាន នៅ​ត្រឹម​ថ្ងៃទី ៣១​សីហា។ ចំណែក​ប្រធានាធិបតី​បារាំង ក្នុង​ជំនួបកំពូល​ជាមួយ​ក្រុមប្រទេស​នៅ​តំបន់​សាហ៊ែល G5-Sahel លោក អេម៉ាណុយអែល ម៉ាក្រុង បាន​គូស​បញ្ជាក់​នៅ​ថ្ងៃសុក្រ​ទី ៩​កក្កដា ​ អំពីការ​បិទ​មូលដ្ឋាន​ទ័ព​នៅភាគ​ខាង​ជើង​ប្រទេស​ម៉ាលី ជា​បណ្តើរៗ​ពីពេល​នេះ​ដល់​ចុង​​​ឆ្នាំ​២០២១ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​កាត់​បន្ថយ​វត្តមាន​កងទ័ព​នៅ​តំបន់សាហ៊ែល​Sahel។

ប៉ុន្តែ​បារាំងនិ​ងអាមេរិក​មិន​បោះបង់​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​ទេ។ ក្នុង​ពេល​ផ្តោះប្តូរ​យោបល់​ជាមួយ​ក្រុម​អ្ន​ក​ជំនាញ​ ក្រោយ​ទស្សនកិច្ច​នៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក លោកស្រី ប៉ាលី លើក​ឡើង​ថា​ប្រតិបត្តិការ​ Takuba របស់​កង​កម្លាំង​ពិសេសអឺរ៉ុប​ ជា​​គំរូ​ជាក់ស្តែង​នៃ​កិច្ចសហប្រតិបត្តិការ​។ ​​ ការ​​គាំទ្ររបស់អាមេរិកក្នុង​​​​ប្រតិបត្តិការ​នៅ​តំបន់​សាហ៊ែល​ជា​ច្រើន​ប៉ុន្មាន​ឆ្នាំមក​នេះ​ បាន​ផ្តល់​លទ្ធផល​ជាក់ស្តែង​។ ដូច្នេះ​បារាំង​ត្រូវ​តែ​បន្តសហការជាមួយ​​អាមេរិក​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​បារាំង​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ