អានតួអត្ថបទ
អង់គ្លេស-បាល់ទាត់-រើសអើងជាតិសាសន៍

លោក​បូរសី​ ចនសុន​ថ្កោល​ទោស​ចំពោះ​ការ​រើស​អើង​ជាតិ​សាសន៍​លើ​កីឡា​ករ​បាល់​ទាត់​អង់គ្លេស

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរីស ចនសុន​ នៅថ្ងៃចន្ទ​ ១២ កក្កដានេះ​បាន​និយាយ​​ថ្កោល​ទោស​ចំពោះ​ការរើសអើស​ជាតិសាសន៍​ សំដៅ​កីឡា​បាល់​ទាត់​អង់គ្លេស​ស្បែក​​ខ្មៅ​​បី​រូប​ដែលទាត់​បាល់​ប៉េណាល់ទី​មិនចូល​ ក្នុង​ពេល​ប្រកួត​វគ្គ​ផ្តាច់​​ព្រ័ត្រពានរង្វាន់​បាល់ទាត់​ទ្វីបអឺរ៉ុបឆ្នាំ ២០២០ ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​។   

កីឡាករ Bukayo Saka (កណ្តាល) ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់អង់គ្លេសដែលទទួលរងនូវការរើសអើងជាតិសាសន៍តាមបណ្តាញសង្គម។
កីឡាករ Bukayo Saka (កណ្តាល) ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់អង់គ្លេសដែលទទួលរងនូវការរើសអើងជាតិសាសន៍តាមបណ្តាញសង្គម។ Paul ELLIS POOL/AFP
ផ្សាយពាណិជ្ជកម្ម

កីឡាករ​អង់គ្លេស​ស្បែកខ្មៅ​ទាំងបី​រូប​រួមមាន​ Jadon Sancho, Marcus Rashford និង Bukayo Saka។ ពួកគេទាំងបីនាក់​ បានក្លាយជាគោលដៅវាយប្រហារ​​តាមរយៈ​បណ្តាញសង្គម​ក្រោយ​ខកខាន​មិន​អាច​ស៊ុត​បាល់ប៉េណាល់ទី​ ឬបាល់ ១១ម៉ែត្រ​ចូល​​សំណាញ់​ទី​របស់​អ៊ីតាលី​កាលពី​យប់ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ប៉ូលិស​ទីក្រុងឡុងដ៍​ដែល​កំពុង​ស៊ើប​អង្កេត​អំពី​ការរំលោភបំពាននេះ​បាន​និយាយ​ថា មាន​ការ​បញ្ចេញមតិ​ជាច្រើន​លើ​បណ្តាញសង្គម​តម្រង់ឆ្ពោះទៅកាន់​តារាបាល់ទាត់​។ មតិ​​ដែល​មាន​លក្ខណៈ​រំលោភបំពាន​ និង​រើសអើង​ជាតិ​សាសន៍​នឹង​មិន​ត្រូវ​បាន​អត់ឱនឲ្យ​ទេ​។

ការរើសអើងនេះ​ក៏​ត្រូវ​បានថ្កោលទោសផងដែរ​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី​បូរីស ចនសុន​ ​និង​ព្រះអង្គម្ចាស់វីលៀម​ដែល​មាន​តួនាទីជា​ប្រធាន​សមាគម​កីឡាបាល់ទាត់​។

លោកចនសុន​ បាននិយាយថា​ក្រុមជម្រើសជាតិ​អង់គ្លេស​​ស័ក្តិសមនឹង​ទទួល​បាន​ការ​កោត​សរសើរថា​ជាវីរៈបុរស​​មិនមែនមកត្រូវ​បាន​គេ​រំលោភបំពាន​ រើសអើង​ជាតិ​សាសន៍​លើ​បណ្តាញ​សង្គមនោះទេ​។ ហើយ​អ្នក​ដែល​បញ្ចេញមតិរិះគន់​​រំលោភបំពាន​បែបនេះ​គួរតែ​ចេះ​ខ្មាស់ខ្លួន​ឯង។ លោកនាយករដ្ឋមន្ត្រីបានបន្ថែម​។

ចំណែក​ព្រះអង្គម្ចាស់វីលៀម​ ជាប្រធាន​សមាគមកីឡាបាល់ទាត់​និងដែល​បាន​ចូលរួមក្នុង​វគ្គ​ក្រកួត​បាល់​ផ្តាច់ព្រ័ត្រ​ បាន​មាន​ព្រះបន្ទូលថា​ទ្រង់មាន​ការ​ហួសព្រះទ័យ​ណាស់​​ចំពោះ​ការ​រំលោភបំពាន​នេះ​។ ព្រះអង្គ​បាន​សរសេរ​លើបណ្តាញសង្គមធ្វីតទ័រ​ថា​​ វាមិនអាច​​ទទួល​យកបានទេ​ដែលកីឡាករ​ ត្រូវស៊ូទ្រាំនឹង​អាកប្បកិរិយា​គួរ​ស្អប់ខ្ពើមបែបនេះ​។ ការ​រំលោភបំពាន​ ការរើសអើង​ ត្រូវ​តែបញ្ឈប់ឥឡូវនេះ​ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​ទទួល​ខុស​ត្រូវចំពោះទង្វើ​របស់ពួកគេ​។

នៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​និយាយថាខ្លួនបាន​លុបចោល​​មតិ​យោបល់​​​និងគណនី​​ដែលបង្ហោះសារ​ក្នុង​ន័យរំលោភបំពានរើសអើស​កីឡាករបាល់ទាត់​អង់គ្លេស​យ៉ាង​ឆាប់រហ័ស​។​ ជាមួយគ្នានេះ​ ហ្វេសប៊ុកថា​នឹង​បន្តចាត់វិធានការប្រឆាំងនឹង​​អ្នក​​ដែល​បំពាន​គោលការណ៍របស់ខ្លួន​។

គួររំឭកថា​ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២០​ (Euro 2020) នាកីឡដ្ឋាន Wembley កាលពីយប់ថ្ងៃអាទិត្យ​ ១១​ កក្កដា​​ រវាង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ និង​អ៊ីតាលី​បញ្ចប់​ដោយ​លទ្ធផល​ ១ ទល់នឹង ១​។ ក្រោយបន្ថែមម៉ោង១៥នាទី២ដង ហើយ​នៅតែមិនអាចរកអ្នកឈ្នះឃើញ ទើប​ឈានដល់វគ្គ​បាល់​ប៉េណាល់ទី​ដើម្បីកាត់សេចក្តី​​។ ​នៅទីបំផុត ​ក្រុម​អីតាលី​បាន​ឈ្នះ​ក្រុម​អង់គ្លេស​ដោយ​លទ្ធផល​ ៣ ទល់នឹង២​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ