អានតួអត្ថបទ
APEC-កូវីដ១៩

អង្គការ APEC សន្យាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផលិត និងចែកចាយវ៉ាក់សាំងបង្ការកូវីដ១៩

នៅ​ថ្ងៃ​សុក្រ ទី១៦ កក្កដា អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក​ហៅ​កាត់ APEC បាន​បើក​កិច្ចប្រជុំវិសាមញ្ញ​មួយ​តាម​អនឡាញ​រៀបចំ​ដោយ​ប្រទេស​នូវែលសេឡង់។ កម្មវត្ថុ​នៃ​កិច្ចប្រជុំវិសាមញ្ញ គឺ​រៀបចំ​ផែនការ​សកម្ម​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម មេដឹកនាំ APEC ទាំង ២១រូប ក្នុង​នោះ​មាន​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​បាន​សន្យា​ប្រឹងប្រែង​ទ្វេដង​ក្នុង​ការ​ផលិត និង​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩។

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីននៅ​ក្នុង​កិច្ចប្រជុំតាម​អនឡាញ​របស់​អង្គការ APEC ក្នុង​ថ្ងៃទី១៦ កក្កដា ២០២១។
ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីននៅ​ក្នុង​កិច្ចប្រជុំតាម​អនឡាញ​របស់​អង្គការ APEC ក្នុង​ថ្ងៃទី១៦ កក្កដា ២០២១។ AP - Alexei Nikolsky
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិ​របស់​អង្គការ APEC ដែល​មេដឹកនាំ​ទាំង ២១រូប​បាន​រួម​ប្រជុំ​គ្នា​ជា​បន្ទាន់​ដើម្បី​ផ្តោត​សំខាន់​លើ​ជំងឺ​កូវីដ១៩ និង​វិធីសាស្រ្ត​ដើម្បី​នាំ​តំបន់​ឲ្យ​ងើប​ផុត​ពី​វិបត្តិ​កូវីដ១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ដោយ​កូវីដ១៩ នេះ​ជា​ការ​ថ្លែង​សាទរ​របស់​នាយករដ្ឋមន្រ្តី​នូវែលសេឡង់​លោកស្រី​យ៉ាស៊ីនដា អាឌែន។ នាយករដ្ឋមន្រ្តី​នូវែលសេឡង់​រូប​នេះ​ដដែល​បាន​បន្ថែម​ថា អ្វី​ដែល​មេដឹកនាំ APEC បាន​សន្យា គឺ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេ​ដង​នៅ​ក្នុង​ការ​ផលិត និង​ការ​ចែកចាយ​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក។ ក្រៅ​ពី​រឿង​វ៉ាក់សាំង មេដឹកនាំ APEC បាន​ជជែក​គ្នា​លើ​ប្រធានបទ​សំខាន់​ចំនួន​ពីរ​ទៀត ទី១ ចង់​កាត់​បន្ថយ​ពន្ធ​លើ​វ៉ាក់សាំង និង​សម្ភារៈ​បរិក្ខារពេទ្យ និង​ទី២ ពិចារណា​លើ​ឯកសារ​ឌីជីថល​មួយ​ចំនួន ដូច​ជា​លិខិត​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​ជា​ដើម។

អ្វី​ដែល APEC ចង់​បាន​តាម​រយៈ​ឯកសារ​ឌីជីថល​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការរៀបចំ​នូវ​ការ​ធ្វើដំណើរ និង​ពាណិជ្ជកម្ម​អន្តរជាតិ។ នាយករដ្ឋមន្រ្តី​នូវែលសេឡង់​លោកស្រី​យ៉ាស៊ីនដា អាឌែន​បាន​មើល​ឃើញ​នៅ​ក្នុង​កិច្ចចរចា​របស់​មេដឹកនាំ APEC ពេល​នេះ​ថា មិន​មាន​បង្កប់​ដោយ​គំនិតជាតិនិយម​ស្តីពី​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ទេ។ ផ្ទុយ​ទៅ​វិញ មេដឹកនាំ APEC បាន​ប្តេជ្ញា​រួម​សហការ​គ្នា​នៅ​ក្នុង​រឿង​វ៉ាក់សាំង​នេះ។ ជាក់ស្តែង ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន ៣ ០០០លានដុល្លារ​ដើម្បី​ជួយ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ការ​ប្រឆាំង​នឹង​កូវីដ១៩។ តាម​លោក​ស៊ី ចិន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ជាង ៥០០លានដូស​រួច​ហើយ​ទៅ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ។

ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ក៏​បាន​គូស​បញ្ជាក់​ពី​បាន​ផ្តល់​វ៉ាក់សាំង​ជាង ៥០០លានដូស​ទៅ​ឲ្យ​ពិភពលោក​ដែរ និង​ថា វ៉ាក់សាំង​ដែល​អាមេរិក​បាន​ផ្តល់​ឲ្យ​ជា​ជំនួយ​សុទ្ធសាធ ពោល​មិនមែន​លក់ ឬ​មួយ​ក៏​ផ្តល់​ឲ្យ​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​នយោបាយ ឬ​សេដ្ឋកិច្ច​ទេ។ រី​ឯ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​ដែល​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ APEC ដែរ​បាន​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង​ជា​អាទិភាព​ដាច់​ខាត និង​ថា រុស្ស៊ី​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​ជា​មួយ​ក្រុម​ដៃគូ APEC នៅ​ក្នុង​រឿង​វ៉ាក់សាំង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ