អានតួអត្ថបទ
អង់គ្លេស-ចិន-នុយក្លេអ៊ែរ

រដ្ឋាភិបាល​​អង់គ្លេស ព្យាយាម​​រារាំង​ក្រុមហ៊ុនចិន មិន​ឲ្យ​ចូលរួម​​ក្នុង​​គម្រោង​នុយក្លេអ៊ែរ (កាសែត)

រដ្ឋាភិបាល​អង់គ្លេស កំពុងព្យាយាមរារាំង​ក្រុមហ៊ុនរបស់ចិន ឈ្មោះ CGN មិន​ឲ្យ​ចូលរួម​វិនិយោគ នៅក្នុង​គម្រោង សាងសង់​ស្ថានីយ៍នុយក្លេអ៊ែរ នៅ​ប្រទេសអង់គ្លេស។ នេះបើផ្អែកតាមការចុះផ្សាយ របស់បណ្តាញ​សារព័ត៌មាន​អង់គ្លេស។ ដំណឹងនេះ បង្ហាញ​ពី​ភាព​តាន​តឹង​ មិនចុះសម្រុងគ្នាមួយ​ទៀត រវាង​ចិន និងអង់គ្លេស បន្ថែមពី បញ្ហាដែលមានស្រាប់ ទាក់ទិន​នឹងសំណុំរឿងហុងកុង និង​ សំណុំរឿងជនជាតិអ៊ុយហ្គួរ ជាដើម។

ការដ្ឋានសាងសង់ស្ថានីយ៍នុយក្លេអ៊ែរ​ Hinkley Point ដែលក្រុមហ៊ុនចិន CGN សហការជាមួយ​ក្រុមហ៊ុន​បារាំង EDF។ ក្រុង Bridgwater ប្រទេសអង់គ្លេស ថ្ងៃទី ១២ កញ្ញា ២០១៩
ការដ្ឋានសាងសង់ស្ថានីយ៍នុយក្លេអ៊ែរ​ Hinkley Point ដែលក្រុមហ៊ុនចិន CGN សហការជាមួយ​ក្រុមហ៊ុន​បារាំង EDF។ ក្រុង Bridgwater ប្រទេសអង់គ្លេស ថ្ងៃទី ១២ កញ្ញា ២០១៩ REUTERS - PETER NICHOLLS
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារព័ត៌មាន PA បានចុះផ្សាយ​ដោយ​យោងតាមប្រភព ​ពីមន្ត្រីរដ្ឋាភិបាលអង់គ្លេស ថា រដ្ឋាភិបាលអង់គ្លេសកំពុងតែរៀបចំវិធានាការ ដើម្បី​រារាំង មិន​ឲ្យ​ក្រុមហ៊ុនចិន ឈ្មោះ CGN ចូលរួម​វិនិយោគ ក្នុងគម្រោង​សាងសង់ស្ថានីយ៍នុយក្លេអ៊ែរ នៅអង់គ្លេស។ ដំណឹងនេះ ក៏ត្រូវបាន​កាសែត The Financial Times ចុះផ្សាយ​ផងដែរ។

ប្រភពដដែលអះអាងថា ក្រុមហ៊ុនចិន CGN អាចនឹងត្រូវ​គេ​ហាមឃាត់ មិន​ឲ្យចូលរួម​ក្នុងគម្រោងស្ថានីយ៍នុយក្លេអ៊ែរចំនួន​យ៉ាងហោច២ គម្រោង។ ទីមួយ​ គឺគម្រោង Sizewell ស្ថិតនៅភាគខាងកើត ដែលក្រុមហ៊ុនCGN ចង់ចូលរួមភាគហ៊ុនមួយផ្នែកតូច ជាមួយនឹងក្រុមហ៊ុនបារាំង EDF។ ចំណែកគម្រោងមួយទៀត ឈ្មោះ Bradwell នៅភាគខាងត្បូងអង់គ្លេស គឺក្រុមហ៊ុនចិន CGN ចេញ​មុខវិនិយោគ​តែ​ម្នាក់ឯងទេ ហើយដោយ​ចង់យកបច្ចេកវិទ្យានុយក្លេអ៊ែរ​របស់ចិន មកប្រើថែមទៀតផង។ ដោយ​ឡែកគម្រោងមួយទៀត ឈ្មោះ Hinkley Point ដែល CGN សហការជាមួយ​ EDF គឺមិនពាក់ព័ន្ធទេ ព្រោះគម្រោងនេះ បានចាប់ផ្តើមដំណើរការទៅហើយ។

ក្រោយការចុះផ្សាយនេះ លោករដ្ឋមន្ត្រីក្រសួងថាមពល និងយុទ្ធសាស្ត្រឧស្សាហកម្មអង់គ្លេស មិនបាន​បដិសេធ ឬក៏ទទួលស្គាល់ការពិតទេ។ ដោយឡែកអ្នកនាំពាក្យ​ម្នាក់ បានបញ្ជាក់ថា រាល់គម្រោងនុយក្លេអ៊ែរនៅអង់គ្លេស គឺត្រូវតែឆ្លងកាត់ការសិក្សា វិភាគ​យ៉ាងល្អិតល្អន់ និងដោយផ្អែកលើវិធានច្បាប់រឹងមាំ ដើម្បីគោរព ការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិ ជាអាទិភាព​។

គួរបញ្ជាក់ថា អង់គ្លេសមានស្ថានីយ៍នុយក្លេអ៊ែរ​ចំនួន​ ៨ទីតាំង សរុបរ៉េអាក់ទឺរ ចំនួន​១៥។ ២០%នៃថាមពលអគ្គិសនី​នៅអង់គ្លេស គឺបាន​មកពីថាមពលនុយក្លេអ៊ែរ។ ដើម្បី​ឈានទៅសម្រេចកម្មវត្ថុអព្យាក្រិត្យកាបូន នៅឆ្នាំ​២០៥០ អង់គ្លេស មានគម្រោងរក្សា​ភាគរយ​​ នៃថាមពលនុយក្លេអ៊ែរនេះ ឲ្យ​នៅដដែល។

នៅចំពោះមុខអ្នកកាសែត កាលពីថ្ងៃចន្ទ ទី​២៦កក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាន​លើកឡើងថា អង់គ្លេស ត្រូវ​តែ​​បង្កើតបរិយាកាសពាណិជ្ជកម្ម-វិនិយោគ​ ដោយសមភាព ប្រកបដោយតម្លាភាព និង​ដោយ​គ្មានការរើសអើង មក​លើ​ក្រុមហ៊ុនរបស់ចិន។

គួររំលឹកថា ប្រសិនបើដំណឹងនេះជាការពិត គឺវានឹងមកបន្ថែម​ បញ្ហាវិបត្តិការទូតមួយទៀត រវាងអង់គ្លេស និងចិន។ ក្រៅពីបញ្ហា​ហាមឃាត់ក្រុមហ៊ុន Huawei អង់គ្លេសបានចេញមុខរិះគន់ចិនខ្លាំង ទាក់ទិននឹងបញ្ហាហុងកុង ព្រមទាំង​​សំណុំរឿងរំលោភសិទ្ធិម​នុស្ស​ នៅខេត្តស៊ីនជាំង។ ឥទ្ធិពលវាទទីរបស់ចិន មក​លើសេដ្ឋកិច្ចអង់គ្លេស ត្រូវបាន​ក្រុមអ្នកនយោបាយ​អភិរក្សនិយមអង់គ្លេស បរិហាជារឿយៗ ថារដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្ន។ កាលពីដើមខែកក្កដានេះ មានការព្រួយបារម្ភមួយទៀត ត្រូវបានគេលើកឡើង ទាក់ទិនគម្រោងទិញយក​​​ក្រុមហ៊ុនអង់គ្លេស ឈ្មោះ Newport Wafer Fab ដែលជាក្រុមហ៊ុន​ផលិត ឧបករណ៍សឺមីកុងឌុចទឺរ ពីសំណាក់ក្រុមហ៊ុនចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ