សកម្មជនប្រឆាំងបេឡារុសត្រូវគេប្រទះឃើញស្លាប់ដោយចងព្យួរកនៅក្នុងប្រទេសអ៊ុយក្រែន
សកម្មជនប្រឆាំងបេឡារុស លោក វីតាលី ស្ហ៊ីស្ហូវ (Vitaly Shishov) ត្រូវបានគេប្រទះឃើញស្លាប់ដោយការចងព្យួរកនៅក្នុងឧទ្យានមួយកន្លែងក្បែរផ្ទះរបស់លោកក្នុងប្រទេសអ៊ុយក្រែន នាថ្ងៃអង្គារ ៣ សីហា។ ប៉ូលិសសង្ស័យថាករណីស្លាប់នេះ គឺជាការធ្វើឃាត។ ចំណែកក្រុមអ្នកគាំទ្រលោកស្ហ៊ីស្ហូវវិញ បានចោទរបបលោកប្រធានាធិបតី អាឡិចសង់ លូកាស្ហេនកូ (Alexander Lukashenko) ថាជាអ្នកសម្លាប់សកម្មជនប្រឆាំងរូបនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២២
មានវ័យ ២៦ ឆ្នាំ លោក វីតាលី ស្ហ៊ីស្ហូវ ដែលជាសកម្មជនប្រឆាំងបេឡារុស និងជាប្រធានដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា “ផ្ទះបេឡារុស” បានបាត់ខ្លួនកាលពីថ្ងៃចន្ទ ទី២ សីហាកន្លងទៅ។ មិត្តស្រីរបស់លោក ស្ហ៊ីស្ហូវ បានរាយការណ៍ថាលោកបានទៅរត់ហាត់ប្រាណ តែបាត់មិនឃើញត្រឡប់ទៅផ្ទះវិញសោះ ហើយទូរសព្ទរបស់លោកវិញក៏មិនអាចទាក់ទងបានទៀត។
សាកសពរបស់លោកវីតាលី ស្ហ៊ីស្ហូវ ត្រូវបានគេរកឃើញចងព្យួរកនៅក្នុងឧទ្យានមួយកន្លែងក្នុងទីក្រុងកៀវនៃប្រទេសអ៊ុយក្រែន នៅមួយថ្ងៃបន្ទាប់ពីបាត់ខ្លួន។ ប៉ូលិសក្រុងកៀវ មានការសង្ស័យច្រើនថាករណីស្លាប់នេះគឺជាអំពើឃាតកម្ម។
លោក Igor Klymenko ប្រធានប៉ូលិសជាតិអ៊ុយក្រែន បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលិសកំពុងស៊ើបអង្កេត ដោយដាក់មុខសញ្ញាពីរសំខាន់។ ទី១ គឺការធ្វើអត្តឃាត និងទី២ ឃាតកម្ម តែរៀបចំឲ្យឃើញថាជាការធ្វើអត្តឃាត។ បើតាមប្រធានប៉ូលិសជាតិអ៊ុយក្រែនដដែល នៅលើសាកសពជនរងគ្រោះ គេឃើញមានស្នាមកោសនៅលើច្រមុះ និងដងខ្លួន ដែលនាំឲ្យគេសង្ស័យដែរថា លោកអាចដួលមុននឹងស្លាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការផ្ទះបេឡារុស បានឲ្យដឹថាអង្គការបានទទួលការព្រមានម្តងហើយម្តងទៀត រួមទាំងការចាប់ពង្រត់ និងការសម្លាប់។ អង្គការផ្ទះបេឡារុសបាននិយាយថា គ្មានអ្វីគួរឲ្យសង្ស័យឡើយ គឺភ្នាក់ងារសន្តិសុខសម្ងាត់របស់ប្រធានាធិបតីបេឡារុសលោក លូកាស្ហេនកូ គឺជាអ្នករៀបចំគម្រោងផែនការសម្លាប់ប្រធានអង្គការរបស់ខ្លួន។
គួរជ្រាបថា លោក វីតាលី ស្ហ៊ីស្ហូវ គឺជាប្រធានដឹកនាំអង្គការផ្ទះបេឡារុសដែលមានទីតាំងនៅក្នុងប្រទេសនៅអ៊ុយក្រែន។ អង្គការនេះ សកម្មខ្លាំងណាស់ក្នុងការជួយប្រជាជនដែលបានភៀសខ្លួនចេញពីប្រទេសបេឡារុស ដែលក្រុមអ្នកប្រឆាំងតែរងនូវការបង្ក្រាប។
បុរសខ្លាំងបេឡារុស លោក អាឡិចសង់ លូកាស្ហេនកូ ដែលបានឡើងគ្រប់គ្រងប្រទេសរយៈពេលប្រមាណ ២៧ ឆ្នាំមកហើយនោះ បានបង្ក្រាបរាល់គ្រប់ទម្រង់នៃការប្រឆាំងទាំងអស់ ចាប់តាំងពីផ្ទុះការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត កាលពីឆ្នាំទៅមិញ។ ជាការបោះឆ្នោតដែលប្រជាជនបេឡារុសជាច្រើន ហើយនិងក្រុមប្រទេសលោកខាងលិចចាត់ទុកថាអយុត្តិធម៌៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ