អានតួអត្ថបទ

នារីអត្តពលិកបេឡារុស ដែល​រិះគន់​ថ្នាក់ដឹកនាំខ្លួន ​ចាកចេញពីតូក្យូឆ្ពោះទៅប៉ូឡូញ

កីឡាការិនី​អូឡាំពិកជាតិ​បេឡារុស ដែល​រិះគន់​សហព័ន្ធកីឡា​ជាតិ​របស់​ខ្លួន​ បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស ហើយ ពីថ្ងៃពុធ ទី​៤សីហា។ ​​អ្ន​កនាំពាក្យក្រសួងការបរទេស​​អូទ្រីស ប្រកាស​ប្រាប់​អ្ន​កកាសែត​ថា នាង​បន្ត​ដំណើរទៅ​ក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ​ជាបន្ត​ទៀត​។ នារីអត្តពលិករូបនេះ  ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន និង​មិនហ៊ាន​ត្រឡប់​ទៅស្រុក​កំណើតវិញ គឺក្រោយនាង​​បាន​រិះគន់គណៈកម្មាធិការអូឡាំពិកបេឡារុស ដែលដឹកនាំដោយកូនប្រុសរបស់បុរសខ្លាំងបេឡារុស គឺ​លោកប្រធានាធិបតី អាឡិចសង់ លូកាឆិនកូ។ នាង​បាន​សុំជំនួយ​ពី​​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយនៅពេល​នេះ ប្រទេស​ប៉ូឡូញ បាន​សម្រេច​ផ្តល់«​ទិដ្ឋាការមនុស្សធម៌»​ដល់​រូបនាង​និង​ស្វាមី​។​​  

នាង Krystsina Tsimanouskaya  ជាមួយ​មន្ត្រីទូតអូទ្រីស ថ្ងៃទី​៤សីហា។
នាង Krystsina Tsimanouskaya ជាមួយ​មន្ត្រីទូតអូទ្រីស ថ្ងៃទី​៤សីហា។ Florian SCHROETTER APA/AFP
ផ្សាយពាណិជ្ជកម្ម

តាមពិត​ទៅ នាង Krystsina Tsimanouskaya ត្រូវ​ជិះ​យន្តហោះ​ត្រង់​ឆ្ពោះ​ទៅ​ក្រុងវ៉ាសូវី ប្រទេសប៉ូឡូញតែម្តង ក៏ប៉ុន្តែ​គម្រោង​ការ​នេះ​ត្រូវ​កែ​ប្រែ​យ៉ាងឆាប់​រហ័ស និងយ៉ាង​​សម្ងាត់ ដោយ​ត្រូវ​ចុះ​ចត​នៅ​ក្រុង​វីយែន ប្រទេស​អូទ្រីស​សិន។ ការផ្លាស់ប្តូរ​យ៉ាងលឿន​​ដូច​ផ្លែក​បន្ទោរ​នេះ  ព្រោះក្រែង​​រដ្ឋអំណាច​បេឡារុស លួច​បង្វែរ​យន្តហោះ ឲ្យ​ហោះ​ត្រឡប់​ទៅ​ប្រទេស​បេឡារុស​។​ គេបារម្ភ​ដូច្នេះ​ ព្រោះថា​ រដ្ឋអំណាច​បេឡារុស ថ្មីៗ​នេះ បាន​បង្វែរ​យន្តហោះ​ដឹកនាំអ្នក​កាសែត​ប្រឆាំង​ រួច​ម្តងហើយ។

ដើមហេតុនៃការ​រត់​ភៀសខ្លួន​យ៉ាងទាន់​ហន់ដូច្នេះ ពី​ព្រោះ​កីឡាការិនី បេឡារុសរូបនេះ  ​មិនហ៊ាន​ទៅ​ស្រុកកំណើត​វិញ ព្រួយខ្លាច​ពី​សុវត្ថិភាព។ ជាច្រើន​ថ្ងៃមកហើយ​ នាងសម្ងំ​​លាក់ខ្លួន​ ក្នុង​ស្ថានទូត​ប៉ូឡូញ​ ​នៅ​ប្រទេសជប៉ុន​ ជាទីដែល​នាង​ចូលរួម​ប្រកួត​កីឡាអូឡាំពិក​។​

​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍មុន​ កីឡាការិនី វ័យ​២៤ឆ្នាំ រូបនេះ ​រិះគន់​ខ្លាំងៗ  ជាវីដេអូ ដាក់​ក្នុងបណ្តាញសង្គម  ស្តីបន្ទោស​ការធ្វេសប្រហែលរបស់សហព័ន្ធ​កីឡា​បេឡារុស។ សហព័ន្ធតម្រូវ​​ទាំង​បង្ខំឲ្យ​រូបនាង​រត់តវិញ្ញាសា​ផ្សេង​​បន្ថែម​លើវិញ្ញាសា​​របស់​នាង​។ ដ្បិត​កីឡាករ​ផ្សេង​ៗជាប់​ធ្វើតេស្ត​សុខភាព​ និងខ្វះ​កីឡាករ​។ បន្ទាប់ពី​រិះគន់យ៉ាង​ដូច្នេះ នៅ​ថ្ងៃអាទិត្យ នាង​ស្រាប់តែ​ត្រូវ​ប៉ុនប៉ង់​ចាប់​បង្ខំពី​សំណាក់​គ្នីគ្នា​រដ្ឋអំណាច ក្នុង​បំណង​យក​រូបនាង​ពី​តូក្យូ​ទៅ​បេឡុរស។

​​តាម​ប្រភព​ស្និទ​នឹងកីឡាការិនី​រូបនេះ ​នាងក៏​ចង់​សុំ​សិទ្ធ​ជ្រកកោន​នៅ​អូទ្រីសដែរ ​ព្រោះ​គ្រូ​បង្វិក​នាង​ម្នាក់ គឺ​ជា​ជន​ជាតិ​អូទ្រីសស្រាប់។ ក៏ប៉ុន្តែ ប្រទេស​អូទ្រីស​ គឺជា​ដៃ​គូ​សេដ្ឋកិច្ច​ចម្បង​មួយ របស់​បេឡារុស ហើយ​មាន​ក្រុម​ហ៊ុនបេឡារុស​៤ធំៗ ​កំពុងតែ​​ប្រតិបត្តិ​ការណ៍​នៅ​អូទ្រីសទៀត​។ ដូច្នេះ​ហើយ ទើប​នាងទំនង​ជាត្រូវ​​សម្រេ​ច​ជ្រើស​រើស​បន្ត​ទៅ​ប៉ូឡូញ។​

ពេលស្របាល​ដំណាលគ្នាដែល​យន្តហោះ​ក្រុមហ៊ុន​​អូទ្រីស​ដឹកនាំ​រូប​នាង​ចុះចត​ដល់​ក្រុង​វីយ៉ែន វេលាម៉ោង​៣រសៀល ​ម៉ោង​នៅក្នុងស្រុក​​​អូទ្រីស​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ប៉ូឡូញ ក៏​បាន​ប្រកាស​ប្រាប់អ្ន​ក​កាសែត​ ថា​​ ​​ប៉ូឡូញ​បាន​ផ្តល់ ​ទិដ្ឋា​ការមនុស្សធម៌ មួយទៀត​ ជូន​ស្វាមី​របស់​នាង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ