អានតួអត្ថបទ
អាកាសធាតុ-វិបត្តិបំណុល

ក្រោយ​វិបត្តិ​កូវីដ​ ​ពិភព​លោកត្រូវ​ធ្ងន់ក​នឹ​ងបំណុល​អាកាសធាតុ

ប្រទេស​អ្នក​មាន​ ចាប់​បង្កើន​ចំណាយ​ដ៏​មហាសាល​​ដើម្បី​សាកល្បង​កំរិត​​ឥទ្ធិពល​បង្ក​​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ជាក់​ស្តែង អាល្លឺម៉ង់​បាន​បង្កើត​មូល​និធិ​ស្ថាបនា​តំបន់​រងគ្រោះ​ទឹក​ជំនន់​ឡើង​វិញ​ក្នុង​ទំហំ​ទឹកប្រាក់​៣០ពាន់​លាន​អឺរ៉ូ។ សិង្ហបុរី គ្រោង​វិនិយោគ​៧២ពាន់​លាន​ដុល្លារដើម្បី​ការពារ​ប្រទេស​ទល់​នឹង​ការឡើង​​កម្ពស់​ទឹក​សមុទ្ទ ... ចំណែក​ប្រទេស​កំពុង​លូត​លាស់​ ពិតជា​គ្រោះ​ជាន់​លើ​គ្រោះ កំពុង​ហិន​ហោច​ដោយ​ជំងឺ​​រាតត្បាត​កូវីដ​ ​ត្រូវ​គិត​​ដល់​​វិបត្តិ​អាកាសធាតុ​មួយ​ទៀត។ ជា​សរុប ដោយហេតុ​កូវីដបំណុល​ពិភពលោក​បាន​កើន​ឡើង​ដល់កំរិត​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ទេ ប៉ុន្តែការ​ប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឱ្យ​​បំណុល​នេះ​នឹង​កាន់​ធ្ងន់ធ្ងរ​ខ្លាំង​បន្ថែម​ទៀត រហូត​ធ្វើ​ឱ្យ​ប្រទេសខ្លះ​អាច​នឹង​ធ្លាក់​ខ្លួន​ក្ស័យធន​តែ​ម្តង​ផង។ នេះ​បើ​តាម​ការ​ព្យាករ​​របស់​ភ្នាក់ងារ​ជំនាញ​ជា​ច្រើន។

បើ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង ម៉ាឡេស៊ី​អាច​នឹង​ក្ស័យ​ធន​នៅ​ឆ្នាំ​២០៥០ ជប៉ុន​ធ្លាក់​ចំណាត់​ថ្នាក់
បើ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង ម៉ាឡេស៊ី​អាច​នឹង​ក្ស័យ​ធន​នៅ​ឆ្នាំ​២០៥០ ជប៉ុន​ធ្លាក់​ចំណាត់​ថ្នាក់ David GANNON AFP/File
ផ្សាយពាណិជ្ជកម្ម

កិច្ច​សន្យា​​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​រដ្ឋាភិបាល​​ជា​ច្រើន​ ដែល​ពុំទាន់​ហុច​លទ្ធផល​ជាក់​ស្តែង​នៅ​ពេល​នេះ បាន​​មក​បំប៉ោង​បំណុល​ពិភពលោក​ឱ្យ​កើន​ឡើង​ដល់​៦២៥០០ពាន់​​លាន​ដុល្លារ​នៅ​ចុង​ឆ្នាំ​២០២០។ នេះ​បើ​តាម​ក្រុម​អ្នក​ចាត់​ចែង​មូលប័ត្រ​ Janus Henderson ហើយនៅ​ឆ្នាំ​២១០០ ​បើ​តាម​ធនាគារ​អាមេរិក បំណុលពិភពលោក​​នឹង​ឡើង​ដល់​ពី​៥៤​ទៅ​៦៩០០០​ពាន់​លាន​ សម្រាប់​ចំណូល​សរុប​ក្នុង​ស្រុក​ដែល​មាន​ត្រឹម​ប្រមាណ​៨០០០០​ពាន់​លាន​ដុល្លារ។ បើ​និយាយ​ពីប្រទេស​មួយៗ​វិញ ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូត​លាស់ នឹង​មាន​បំណុល​ឡើង​ដល់​៦០%​នៃ​ផលិតផល​សរុប​ទល់​នឹង​៥២%​ កាល​មុន​វិបត្តិ​កូវីដ អាមេរិក​និ​ងអាល្លឺម៉ង់​ បំណុល​ឡើង​ស្មើ​នឹង​ចំណូល​សរុប ជប៉ុន​ឡើង​ដល់​២០០% ។

​​មិន​យូរ​ទេ ដែល​បំណុល​ទាក់ទង​នឹង​អាកាសធាតុ​ នឹង​ធ្លាក់​មក​សង្កត់​ក ពិភពលោក​ឱ្យ​ត្រដរ​ខ្យល់នោះ។ នេះ​បើ​តាម​សហប្រធាន​កា​រសិក្សា​​និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ការ​វិនិយោគ​មិន​ចេះ​រីង​ស្ងួត FTSE Russell ដោយ​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ថា ថ្វី​បើ​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​ងាយ​រង​គ្រោះ​ខ្លាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​មែន​ តែ​ប្រទេស​អ្នក​មាន​ ប្រទេសជា​គំរូ​ល្អ​ ក៏​ទទួល​រង​ផលវិបាក​អាក្រក់​ខ្លាំង​ដែរ ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​អ្នក​មាន​ក៏​មិនអាចរួច​ខ្លួន​​ដែរ។

ក្នុង​សេណារីយ៉ូ​ដែល​មាន​​ការ​​ប្រែប្រួល​អាកាសធាតុ​អាក្រក់បំផុត​ ប្រទេស​ដូច​យ៉ាង​ម៉ាឡេស៊ី អាហ្វ្រិក​ខាង​ត្បូង ម៉ិចស៊ិក ឬ​ក៏​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំង​ដូច​យ៉ាង​អ៊ីតាលី នឹង​អាច​ត្រូវ​ក្ស័យធន​នៅ​ឆ្នាំ​២០៥០។ នេះ​បើតាម​ស្ថាប័ន​ FTSE Russell ​ដដែល។

ប៉ុន្តែក្រុមប្រទេស​ដែល​​បញ្ចេញ​សកម្មភាពយឺតយ៉ាវ ​ដូច​ជា​អូស្ត្រាលី ប៉ូឡូញ  ជប៉ុន ឬ​អ៊ីស្រាអែល ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធ្លាក់​ចំណាត់​ថ្នាក់​ដែរ និង​មាន​រហូត​ដល់​៦៣ប្រទេស​ នឹង​ត្រូវ​​ភ្នាក់ងារ​S&P Global, Moody’s & Fitch ទម្លាក់​ចំណាត់​ថ្នាក់​ នៅ​ឆ្នាំ​២០៣០ ដោយ​មូលហេតុ​អាកាសធាតុ​ប្រែប្រួល។

ចិន ស៊ីលី ម៉ាឡេស៊ី និង​ម៉ិចស៊ិក អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ ដោយ​ត្រូវ​ទម្លាក់​ចំណាត់​៦​លេខ​ចុះ​ក្រោម រីឯ​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ កាណាដា អូស្ត្រាលី ឥណ្ឌា និង​ប៉េរ៉ូ អាច​នឹង​ធ្លាក់​ចំណាត់​ថ្នាក់​បួន​លេខ។

ចំពោះ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​វិញ ការ​ប្រែប្រួល​អាកាសធាតុ​នឹងធ្វើ​ឱ្យ​​ភាព​ងាយរងគ្រោះ​កើន​ឡើង​ផង និង​បង្កើន​ចំណាយ​ប្រចាំ​ឆ្នាំ​សម្រាប់​សម្របប្រទេស​នឹង​អាកាសធាតុ កាន់​តែ​ធំ​ទៀត។ ​គឺ​ប្រទេស​​ក្រីក្រ​កំពុង​អភិវឌ្ឍ ដែល​ត្រូវ​ការ​ចំណាយ​ធំខ្លាំង​​ ដល់​ទៅ ៣០០ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ២០៣០ និង​៥០០​ពាន់​លាន​ នៅ​ឆ្នាំ​២០៥០សម្រាប់​សម្រប​ខ្លួន​នឹង​អាកាសធាតុ។ នេះ​បើ​តាម​ភ្នាក់ងារ​បរិស្ថាន​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ