អានតួអត្ថបទ
ប្រសិទ្ធភាពវ៉ាក់សាំង-មេរោគបំប្លែងខ្លួនដែលតា

ការសិក្សា​៖ ប្រសិទ្ធភាព​វ៉ាក់សាំង​Pfizer​និង​AstraZeneca​ទល់​មេរោគ​ដែលតា​ថយ​ចុះ​៣ខែ​ក្រោយ​ចាក់

លទ្ធផល​នៃ​ការ​សិក្សា​របស់​អង់គ្លេស​មួយ​បង្ហាញថា​ ប្រសិទ្ធភាព​វ៉ាក់សាំង​ Pfizer និង​ AstraZeneca ប្រឆាំង​ទល់​នឹង​មេរោគ​បំប្លែង​ខ្លួន​ដែលតា​ ត្រូវ​ថយ​ចុះខ្សោយ​ នៅ​រយៈពេល ៣​ខែ​ក្រោយចាក់​។ យោង​តាម​អ្នកជំនាញ​ ការ​ធ្លាក់ចុះ​នៃ​ប្រសិទ្ធភាព​វ៉ាក់សាំង​ កើតឡើង​ច្រើន​ចំពោះ​ក្រុមមនុស្ស​ដែល​មាន​អាយុ​​ ៣៥ ឆ្នាំ​ និងក្រុមអ្នក​ដែល​មាន​អាយុ​ក្រោមនេះ​។

ស្ត្រីម្នាក់ទទួលថ្នាំបង្ការកូវីដ១៩ នៅទីក្រុងមីសស៊ីស្កាហ្គាប្រទេសកាណាដា កាលពីខែឧសភាឆ្នាំ ២០២១។
ស្ត្រីម្នាក់ទទួលថ្នាំបង្ការកូវីដ១៩ នៅទីក្រុងមីសស៊ីស្កាហ្គាប្រទេសកាណាដា កាលពីខែឧសភាឆ្នាំ ២០២១។ Cole BURSTON AFP/File
ផ្សាយពាណិជ្ជកម្ម

អ្នកដែលបានឆ្លងមេរោគបំប្លែងខ្លួនប្រភេទដែលតា ក្រោយពីបានចាក់វ៉ាក់សាំងបង្ការកូវីដ Pfizer-BioNTech ឬ AstraZeneca ពីរដូស អាចមានហានិភ័យខ្ពស់ជាងអ្នកដែលឆ្លងមេរោគបំប្លែងប្រភេទផ្សេងទៀត។ នេះបើយោងតាមលទ្ធផលនៃការស្រាវជ្រាវ។

ផ្អែកលើការសិក្សាលើមនុស្សជាង ៣ លាននាក់នៅក្នុងប្រទេសអង់គ្លេស សាកលវិទ្យាល័យ Oxford បានស្រាវជ្រាវរកឃើញថា រយៈពេល ៩០ ថ្ងៃក្រាយចាក់វ៉ាកសាំង Pfizer ឬ Astrazeneca ដូសទី២​ ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំងទល់នឹង​មេរោគដែលតាថយចុះដល់ចំនួន ៧៥% និង ៦១%។

អត្រាប្រសិទ្ធភាព​ធ្លាក់ចុះពីចំនួន​ ៨៥% និង ៦៨% ត្រូវបានរកឃើញ​ ក្រោយ​ការ​ចាក់វ៉ាក់សាំងដូសទីពីរហើយ​បានពីរ​សប្តាហ៍​។ ការធ្លាក់ចុះនៃប្រសិទ្ធភាពវ៉ាក់សាំង​ ត្រូវបានគេកត់សម្គាល់ឃើញច្រើន​ក្នុងចំណោមក្រុមមនុស្ស​ដែលមានអាយុ​ ៣៥ ឆ្នាំ​ និងក្រុមអ្នកដែលមានអាយុក្រោមនេះ។

យ៉ាងណាក៏ដោយ ការទទួលបានការចាក់ថ្នាំវ៉ាក់សាំង Pfizer-BioNTech ឬវ៉ាក់សាំង AstraZeneca ចំនួនពីរដូស នៅតែជាវិធីល្អបំផុតមួយ ដើម្បីការពារប្រឆាំងទល់នឹងមរោគបំប្លែងដែលកាចសាហាវដូចដែលតា។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Sarah Walker ដែលជាអ្នកជំនាញ និងជាប្រធានផ្នែកសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford។

គួរបញ្ជាក់ថា​ មកទល់នឹងពេលនេះ ក្រុម​អ្នកស្រាវជ្រាវនៅមិនទាន់សិក្សាដឹងច្បាស់នោះទេថាតើប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer ឬវ៉ាក់សាំង AstraZeneca ទល់មេរោគដែលតានឹងថយចុះកម្រិតណាឲ្យប្រាកដនោះទេ។ ប៉ុន្តែ គេប៉ាន់ស្មាថាប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងពីរប្រភេទអាចធ្លាក់ដល់កម្រិតប្រហាក់ប្រហែលគ្នា ៤-៥ ខែ ក្រោយចាក់ដូសទី២ហើយ។

គួរជ្រាបដែរថា លទ្ធផលនៃការសិក្សារបស់សាកលវិទ្យាល័យOxford មិនខុសគ្នាពីការវិភាគដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) ឡើយ។ ហើយដើម្បីការពារប្រជាជនដែលប្រឈមនឹងមេរោគបំប្លែងខ្លួនដែលតា រដ្ឋាភិបាលអាមេរិកបានដាក់ចេញនូវផែនការបង្កើនសន្ទុះនៃយុទ្ធនាការការចាក់វ៉ាក់សាំងបង្ការកូវីដជូនប្រជាជនឲ្យបានយ៉ាងទូលំទូលាយនៅខែកញ្ញាក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ