អានតួអត្ថបទ
វ៉ាទីកង់-ហុងគ្រី

សម្តេចប៉ាប ហ្វ្រង់ស័រ​ទៅជួបសន្ទនា​ជាមួយនាយករដ្ឋមន្រ្តី​ប្រជានិយម ​របស់​ហុងគ្រី

ប្រមុខសង្ឃ​កាតូលិក សម្តេចប៉ាប ហ្រ្វង់ស័រ​បាន​យាងទៅដល់​ទីក្រុង​ប៊ូដាប៉េស នៅថ្ងៃអាទិត្យនេះ ដើម្បី​ចូលរួម​ក្នុង​ពិធីបិទ​សមាជ​សាសនា​អន្តរជាតិ។ នៅក្នុង​ដំណើរទស្សនកិច្ច​រយៈពេលដ៏​ខ្លី តែ ៧ម៉ោង គ្រប់ក្រសែភ្នែក​កំពុង​សំលឹង​តាមដាន​មើល​ជំនួបពិភាក្សា រវាងប្រមុខសង្ឃ​កាតូលិក ដែល​គាំទ្រ បុព្វហេតុជួយ​ប្រជាជន​អន្តោប្រវេសន៍ និង​នាយករដ្ឋមន្រ្តី​ហុងគ្រី លោក​វិចទ័រ អរបាន ដែលមាននិន្នាការ ប្រឆាំង បិទទ្វារ​មិនទទួល​ជនបរទេស។

សម្តេចសង្ឃ​កាតូលិក ហ្វ្រង់ស័រ​ចាប់ដៃ​ជាមួយ នាយករដ្ឋមន្រ្តីហុងគ្រី នៅ​សារមន្ទីរ ជាតិ​ក្នុង​ក្រុង​ប៊ូដាប៉ែស នៅក្នុង​ឱកាស​ទស្សនកិច្ច​របស់​សម្តេចសង្ឃ នៅហុងគ្រី នៅថ្ងៃទី ១២ កញ្ញា ២០២១
សម្តេចសង្ឃ​កាតូលិក ហ្វ្រង់ស័រ​ចាប់ដៃ​ជាមួយ នាយករដ្ឋមន្រ្តីហុងគ្រី នៅ​សារមន្ទីរ ជាតិ​ក្នុង​ក្រុង​ប៊ូដាប៉ែស នៅក្នុង​ឱកាស​ទស្សនកិច្ច​របស់​សម្តេចសង្ឃ នៅហុងគ្រី នៅថ្ងៃទី ១២ កញ្ញា ២០២១ via REUTERS - VATICAN MEDIA
ផ្សាយពាណិជ្ជកម្ម

សម្តេចប៉ាប ហ្វ្រង់ស័រ បានជួប​ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តីហុងគ្រី លោក​វិចទ័រ អរបាន ដែល​មានអមដោយ​ឧបនាយករដ្ឋមន្រ្តី និង​ប្រធានាធិបតី ហុងគ្រី នៅក្នុង​ជំនួបបិទទ្វារមួយ នៅ​ថ្ងៃ​អាទិត្យនេះ នៅ​សារមន្ទីរជាតិ នៅទីក្រុង​ប៊ូដាប៉េស។

រូបភាព ចាប់រលាក់ដៃ​រវាង ប្រមុខសង្ឃ​កាតូលិក និង នាយករដ្ឋមន្រ្តី​ហុងគ្រី មាន​បង្កប់​ដោយ​អត្ថន័យ​ជ្រៅ ព្រោះថា ម្ខាង គឺជា នាយករដ្ឋមន្រ្តី ហុងគ្រី មេដឹកនាំ​ដែល ចេញមុខ​អះអាង​ថា ជាអ្នកការពារ សាសនាគ្រឹះ​នៅទឹកដី​អឺរ៉ុប ពីការលុកលុយ របស់​ជនអន្តោប្រវេសន៍ អ៊ីស្លាម។ ចំណែក​ម្ខាងទៀត គឺ​សម្តេចសង្ឃ កាតូលិក ហ្វ្រង់ស័រ ដែល តែ​ជំរុញ ឲ្យមេដឹកនាំ​ទាំងអស់ ជួយ ប្រជាជន​មក​ពី​គ្រប់​ជំនឿសាសនា ដែល​បាន​រត់គេចចេញពី​សង្រ្គាម និង​ភាពក្រីក្រ។

សម្តេច​ប៉ាប មិនដែល​រារែក នឹង​ថ្កោលទោស អំពើហិង្សា ការរើសអើង​ទៅលើ​ជនភៀសខ្លួន ជនអន្តោប្រវេសន៍ មកពី​ស៊ីរី អាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ ដែល​ត្រូវ​ជាប់គាំង​នៅ​មាត់ច្រកទ្វារ​ចូល​អឺរ៉ុប បន្ទាប់ពីប្រទេស​អឺរ៉ុប​មួយចំនួន ដូចជា​ហុងគ្រី​ជាដើម​ដែលបាន​បិទព្រំដែន មិន​ទទួល​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន។ រហូតមក សម្តេច​ប៉ាបតែង និយាយ​បញ្ចុះបញ្ចូល​មេដឹកនាំ​ស្តាំនិយមជ្រុល​ក្នុង​ពិភពលោក ឲ្យ​ចែករំលែក​គំនិត​សណ្តោសប្រណី អ្នកដទៃ ជាមួយ​ព្រះអង្គ។

ជាមួយ លោក​នាយករដ្ឋមន្រ្តី ហុងគ្រី តើ ប្រមុខសង្ឃ​កាតូលិក នឹង​និយាយ​ ពី​បញ្ហា​ជនអន្តោប្រវេសន៍ ការយោគយល់ ដល់​អ្នកដែលស្រឡាញ់ភេទដូចគ្នា ដែលសុទ្ធតែ​ជារឿង រសើប ហាមឃាត់ របស់​រដ្ឋាភិបាល​ហុងគ្រី ដែរឬទេ?

នៅក្រោយ ជំនួប ជាមួយ​សម្តេច​សង្ឃ លោកនាយករដ្ឋមន្រ្តី ហុងគ្រី បាន​សរសេរ​បង្ហោះ ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា “ខ្ញុំបាន​ស្នើសុំ​សម្តេចសង្ឃ​ជួយ​កុំ​ឲ្យ​សាសនា​គ្រឹស្តសាសនា​នៅ ហុងគ្រី ត្រូវ​រលាយ” ចំណែក បុរី​វ៉ាទីកង់​វិញ បានចេញ​សេចក្តី​ថ្លែងការណ៍ដែលថា សម្តេច​ប៉ាប​បាននិយាយពី​ប្រធានបទ​សំខាន់ៗ​មួយចំនួន ដូចជា តួនាទី​របស់​វិហារ​កាតូលិក នៅ​ហុងគ្រី ការចូលរួម​ការពារ​បរិស្ថាន និង​ការជួយការពារ​លើកតម្កើង តម្លៃ​គ្រួសារ។

សេចក្តី​ថ្លែងការណ៍​របស់​បុរីវ៉ាទីកង់មិន​បាន​លើកឡើង​ថា  សម្តេចប៉ាប​បាន​និយាយ​ពី​បញ្ហា​រើសអើង​ជនអន្តោប្រវេសន៍​ដែរឬយ៉ាងណានោះទេ។ នៅមុន​ទស្សនកិច្ច​របស់​ប្រមុខសង្ឃ​កាតូលិក​នៅ ប្រទេស​ហុងគ្រី ប្រព័ន្ធផ្សព្វផ្សាយ ដែល​គាំទ្រ លោក​នាយករដ្ឋមន្រ្តី អភិរក្សនិយមជ្រុល វិចទ័រ អរបាន​ហើយនិង​អ្នកនយោបាយ​ស្តាំនិយមជ្រុល នៅហុងគ្រី​មួយចំនួន ធ្លាប់​បាន​សរសេរ​រិះគន់​ខ្លាំង សម្តេចប៉ាប ហ្រ្វង់ស័រ ថា ជា​អ្នកប្រឆាំង គ្រឹស្តសាសនា ព្រោះ​ព្រះអង្គ​តែងសំដែង​ក្តីមេត្តា ដល់​ជនភៀសខ្លួន ដែលភាគច្រើន មាន​ប្រភពចេញមកពីប្រទេស​កាន់សាសនា​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ