អានតួអត្ថបទ
អង់គ្លេស

ចម្ងល់​និង​ការព្រួយ​បារម្ភ ក្រោយ​មហាក្សត្រី​អេលីហ្សាបែត​ទី២ យាង​ចូល​សម្រាកពេទ្យ​មួយយប់

ព្រះមហាក្សត្រីអេលីហ្សាបែតទី២ បានយាងចូលសម្រាកនៅមន្ទីរពេទ្យមួយយប់​ កាលពីថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ទី​២១តុលា។ ដំណឹងនេះ ត្រូវបានព្រះបរមរាជវាំងអង់គ្លេស ​លាក់ការណ៍យ៉ាងសម្ងាត់ តែទីបំផុត ត្រូវបាន​កាសែត The Sun បានចុះផ្សាយ​ទម្លាយ។ ក្រោយ​ការបែកធ្លាយដំណឹងនេះ បានបណ្តាល​ឲ្យ​មានចម្ងល់ និងការព្រួយ​បារម្ភជាខ្លាំង អំពីស្ថានភាពសុខភាព របស់​មហាក្សត្រីអេលីហ្សាបែត ទី២ ដែល​មាន​ព្រះជន្ន ៩៥ព្រះវស្សាទៅហើយនោះ។

ព្រះមហាក្សត្រី Elizabeth II និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson (ឆ្វេង) ក្នុងកម្មវិធី Global Investment Summit នៅឯប្រាសាទ Windsor ថ្ងៃអង្គារ ទី​១៩ តុលា ២០២១
ព្រះមហាក្សត្រី Elizabeth II និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson (ឆ្វេង) ក្នុងកម្មវិធី Global Investment Summit នៅឯប្រាសាទ Windsor ថ្ងៃអង្គារ ទី​១៩ តុលា ២០២១ AP - Alastair Grant
ផ្សាយពាណិជ្ជកម្ម

នៅទីបំផុត បន្ទាប់ពី​កាសែត The Sun បានចុះផ្សាយ ទើបព្រះបរមរាជវាំង Buckingham បានទទួលស្គាល់​នៅយប់ថ្ងៃព្រហស្បតិ៍ ទី​២១តុលា ថាព្រះមហាក្សត្រី អេលីហ្សាបែតទី២ ពិតជាបានយាងចូលទៅសម្រាកនៅ​មន្ទីរពេទ្យ Edward VII ពិតមែន នៅយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍។ តែយ៉ាងណា ព្រះបរមរាជវាំងអង់គ្លេស បាន​អះអាងថា ព្រះមហាក្សត្រីអេលីហ្សាបែតទី២ យាងទៅពិនិត្យសុខភាពតែប៉ុណ្ណោះ តែដើម្បី​ភាពងាយស្រួល ក៏សម្រាកមួយនៅទីនោះទៅ មិនមែនជាការព្យាបាលអ្វីទេ។

ដោយឡែក យោងតាម​ការចុះផ្សាយ របស់ទីភ្នាក់​ព័ត៌មាន PA បាន​ឲ្យដឹងថា នៅថ្ងៃសុក្រទី​២២តុលា ព្រះមហាក្សត្រីអេលីហ្សាបែតទី២ បានយាងទៅសម្រាកព្រះកាយ​ នៅ​ប្រាសាទ Windsor ជាយទីក្រុងឡុងដ៍។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានផ្ញើសារ ថ្វាយព្រះពរសូម​ឲ្យ​ព្រះមហាក្សត្រីអេលីហហ្សាបែតទី២ មានសុខភាព​មាំមួនផងដែរ។

គួររំលឹកថា កាលពីថ្ងៃពុធ ព្រះមហាក្សត្រីអេលីហ្សាបែតទី២ មានគម្រោងទៅទស្សនកិច្ច នៅអៀរឡង់ខាងជើង។ ក៏ប៉ុន្តែដំណើរនេះ ត្រូវបាន​លុបចោលវិញ បន្ទាប់ពីគ្រូពេទ្យប្រចាំកាយ​របស់​ព្រះអង្គ បាន​ស្នើឲ្យ​ព្រះអង្គសម្រាកឲ្យ​បានច្រើន​។ កាលពីសប្តាហ៍មុន គេឃើញព្រះអង្គធ្វើដំណើរដោយ​កាន់ឈើច្រត់។

សូមបញ្ជាក់ថា ព្រះមហាក្សត្រីអេលីហ្សាបែតទី២ បច្ចុប្បន្នដែលមាន​ព្រះជន្ន​៩៥ព្រះវស្សា គឺជាមហាក្សត្រអង់គ្លេស ដែលបានគ្រងរាជបល្ល័ង្គ បានយូរជាងគេបំផុត ពោលគឺតាំងតែពីឆ្នាំ១៩៥២មក។ ប្រមាណជិត​៧០មកនេះ ប្រជាប្រិយភាព របស់​ទ្រង់នៅតែដក់ជាប់ក្នុង​ចិត្ត​ប្រជាជនអង់គ្លេសទូទៅ ក៏ដូចជា​មនុស្ស​មួយចំនួន​ធំទូទាំងពិភពលោក បើទោះបី​ជា​រាជវង្សអង់គ្លេស ក៏ដូចជាប្រទេសអង់គ្លេស បានឆ្លងកាត់វិបត្តិខ្លះក៏ដោយ។

ដំណឹងស្តីពី​សុខភាព​របស់​ព្រះមហាក្សត្រីអេលីហ្សាបែតទី២ គឺតែងតែត្រូវបាន​ព្រះបរមរាជវាំង លាក់ការណ៍សម្ងាត់ខ្លាំងណាស់ ដើម្បី​ចៀងវាងបញ្ហាចលាចល ក្នុងចំណោម​មតិមហាជន។ ថ្វីបើមាន​ព្រះជន្ន ជាង៩០ព្រះវស្សា តែគេសង្កេតឃើញថា ព្រះអង្គមានសុខភាពមាំមួន ដោយថ្មីៗនេះ ព្រះអង្គនៅតែបន្តចូលរួម​កម្មវិធីរដ្ឋ និងបានទទួល​ជួប​ភ្ញៀវកិត្តិយសធំៗ សឹងជារៀងរាល់ថ្ងៃ។ កាលពីខែមិថុនា ព្រះអង្គបានចូលរួម​ក្នុងជំនួបកំពូល G7 និងបានទទួលជួបស្វាគមន៍ លោក​ចូ បៃដិន។ តាមការគ្រោងទុក ព្រះមហាក្សត្រីអេលីហ្សាបែតទី២ ក៏នឹងចូលរួមផងដែរ ក្នុងឱកាសសន្និសីទ​អន្តរជាតិស្តីពីអាកាសធាតុ COP26 នៅដើមខែវិច្ឆិកា នៅឯទីក្រុងGlasgow តំបន់អេកូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ