អានតួអត្ថបទ
បារាំង-អូស្ត្រាលី-សំណុំរឿងនាវាមុជទឹក

លោក​ម៉ាក្រុង​ថា​អូស្ត្រាលី​និយាយ​កុហក​ពី​កិច្ច​ព្រម​ព្រៀង​នា​វា​មុជ​ទឹក

ប្រមុខ​រដ្ឋ​បារាំង​លោក​ អេម៉ានុយអែល​ ម៉ាក្រុង​ នៅថ្ងៃអាទិត្យ ទី៣១ តុលា​ម្សិលមិញនិយាយ​ថា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​កុហក​រូប​លោក​ទាំងស្រុង​ទាក់ទង​រឿង​លុប​ចោល​កិច្ច​សន្យា​ទិញ​នា​វា​មុជ​ទឹក។ ការ​លើកឡើង​របស់​លោក​ម៉ាក្រុងនេះ​ បាន​ធ្វើ​ឲ្យ​វិបត្តិ​ការទូត​រវាងបារាំង​និង​អូស្ត្រាលី​ដែល​តានតឹង​នឹង​គ្នា​ស្រាប់​កាន់តែ​ធ្លាក់ចុះ​មួយ​កម្រិត​បន្ថែម​ទៀត​។

នាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុត ម៉ូរីសុន និងលោកអេម៉ានុយ អែលម៉ាក្រុងប្រធានាធិបតីបារាំង ឆ្លើយនឹងសំណួររបស់អ្នកកាសែតមុនពេលទទួលទានអាហារពេលល្ងាចនៅវិមាន Elysée ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១។។
នាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុត ម៉ូរីសុន និងលោកអេម៉ានុយ អែលម៉ាក្រុងប្រធានាធិបតីបារាំង ឆ្លើយនឹងសំណួររបស់អ្នកកាសែតមុនពេលទទួលទានអាហារពេលល្ងាចនៅវិមាន Elysée ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១។។ AFP - THOMAS SAMSON
ផ្សាយពាណិជ្ជកម្ម

នៅក្រៅ​ជំនួប​កំពូល​ហ្សេ២០​ កាលពីថ្ងៃអាទិត្យម្សិញមិញ​ លោក​ប្រធានាធិបតី​បារាំង​មាន​ប្រសាសន៍ថា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ ស្កុត ម៉ូរីសុន​ បាន​និយាយ​កុហក​លោក​ទាក់ទិន​នឹង​សំណុំ​រឿង​នាវា​មុជទឹក​។

លោក​ប្រមុខ​រដ្ឋ​បារាំង​ មាន​ការ​ខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​អូស្ត្រាលី​ដែល​បាន​ហែក​ចោល​កិច្ច​សន្យា​ទិញ​នាវាមុជទឹកពីបារាំង​ចំនួន ១២គ្រឿង​ដែល​មាន​តម្លៃ ៣១​ពាន់​លាន​អឺរ៉ូ​ និងបែរងាក​ទៅ​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ថ្មីជាមួយ​សហរដ្ឋអាមេរិក​ និង​អង់គ្លេស​ដែល​ហៅថា​ Aukus​។

គួរបញ្ជាក់ថា​ប្រមុខ​ដឹកនាំ​បារាំង​ និងអូស្ត្រាលី​បាន​ជួប​មុខគ្នា​ក្នុង​ទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី​ដោយផ្ទាល់​ជាលើក​ដំបូងនៅឯ​ជំនួបហ្សេ ២០​ ចាប់តាំងពី​ផ្ទុះវិបត្តិនាវាមុជទឹក​ក្នុងខែ​កញ្ញាមក​។

នៅខាង​ក្រៅកិច្ចប្រជុំហ្សេ២០នេះដែរ​ នៅពេល​អ្នក​កាសែត​អូស្ត្រាលី​ម្នាក់​សួរថាតើ​លោក​អាច​នឹង​ទុក​ចិត្ត​ លោក ម៉ូរីសុន​ ម្ដង​ទៀត​ឬ​អត់​? លោក​ម៉ាក្រុង​ឆ្លើយថា​ជឿ ឬមិនជឿ​គឺវា​អាស្រ័យ​ទៅនឹងទង្វើជាក់ស្តែងរបស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​។

លោកប្រមុខរដ្ឋបារាំង​ហាក់​មិន​បាន​ឆ្លើយ​អស់​ចេញពីចិត្ត​នោះ​ទេនូវ​ទស្សនៈ​របស់​លោក ហើយ​លោកបានសង្កត់ធ្ងន់ថា​ការឆ្លើយ​ ទៅនឹងសំណួរគឺត្រូវ​មាន​ការ​គោរពគ្នា​ទៅវិញទៅមក​។

ដោយឡែក​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ ស្កុត ម៉ូរីសុនវិញ​បាន​ចេញមុខ​និយាយ​ការពារអាកប្បកិរិយា​របស់ខ្លួន​។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យម្សិលមិញ​ ក្រោយ​ការ​លើកឡើង​របស់​លោក​ម៉ាក្រុង​ នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី​រូបនេះ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មានថា​ លោក​មិន​បាន​និយាយ​កុហក​មេដឹកនាំ​បារាំង​នៅឯកិច្ច​ប្រជុំ​ជាមួយគ្នា​មួយកាល​ពីខែមិថុនា​ឡើយ​។

ក្រៅពីនេះ​ ​មេដឹកនាំ​អូស្ត្រាលី​ក៏បញ្ជាក់ដែរថា​កាលពី​គ្រាកន្លងកន្លងទៅ​ លោក​បាន​ពន្យល់​ភាគី​បារាំងច្បាស់​រួចហើយ​ថា​នាវា​មុជ​របស់​បារាំង​លែង​បំពេញ​តាម​តម្រូវការ​ការពារជាតិ​របស់​អូស្ត្រាលីទៀត​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ