អានតួអត្ថបទ
អាមេរិក-បារាំង-​សំណុំ​រឿង​នាវា​មុជទឹក

លោក​បៃ​ដិន​ប្រាប់​លោក​ម៉ាក្រុង​ថា​អាមេរិក​ធ្វើ​ឆ្គាំ​ឆ្គង​ចំពោះ​បារាំង​ពាក់​ព័ន្ធ​សំណុំ​រឿង​នាវា​មុជទឹក

ក្នុង​ជំនួប​ដោយ​ផ្ទាល់​ជាមួយ​ប្រមុខ​រដ្ឋ​បារាំង​ក្នុង​ទីក្រុងរ៉ូម​កាលពី​ថ្ងៃ​សុក្រ ២៩ តុលា​ម្សិលមិញ​ លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​ បាន​ទទួល​ស្គាល់​ថា​អាមេរិក​បាន​ធ្វើ​រឿង​ឆ្គាំឆ្គង​ចំពោះ​បារាំង​។ ឆ្គាំឆ្គង​ដែល​អាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀង​លក់​នាវា​មុជទឹក​ដោយ​សម្ងាត់​ឲ្យ​អូស្ត្រាលី​ និង​ដែល​បាន​ធ្វើ​ឲ្យ​បារាំង​ខាតបង់​ប្រាក់​អស់​ប្រមាណ​ ៥៦ ពាន់​លាន​អឺរ៉ូ​។

ក្នងជំនួបនៅថ្ងៃសុក្រ ទី២៩ តុលា ឆ្នាំ ២០២១ លោកបៃដិនប្រាប់លោកម៉ាក្រុងថាអាមេរិកធ្វើឆ្គាំឆ្គងចំពោះបារាំងពាក់ព័ន្ធសំណុំរឿងនាវាមុជទឹក។
ក្នងជំនួបនៅថ្ងៃសុក្រ ទី២៩ តុលា ឆ្នាំ ២០២១ លោកបៃដិនប្រាប់លោកម៉ាក្រុងថាអាមេរិកធ្វើឆ្គាំឆ្គងចំពោះបារាំងពាក់ព័ន្ធសំណុំរឿងនាវាមុជទឹក។ © 路透社图片
ផ្សាយពាណិជ្ជកម្ម

ជំនួប​កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​គឺជា​ជំនួប​ដោយផ្ទាល់​លើកដំបូង​រវាង​លោក ចូ បៃដិន និងលោក ម៉ាក្រុង​ ចាប់តាំងពី​ផ្ទុះ​វិបត្តិ​នាវាមុជទឹក​កាលពី​ខែ​កញ្ញា​មក​។ លោក​ប្រធានាធិបតី​អាមេរិកបៃដិន​ដែល​ចង់​ដោះស្រាយបញ្ហា​រកាំរកូស​នេះ​ មិន​បាន​និយាយ​សុំទោសជា​ផ្លូវ​ការទៅកាន់​លោកប្រមុខរដ្ឋ​បារាំង​ម៉ាក្រុងនោះទេ​ ប៉ុន្តែ​បាន​ទទួលស្គាល់​ថាអាមេរិកមិន​គួរ​ចុះ​កិច្ច​ព្រមព្រៀង​លក់នាវាមុជទឹកទៅ​ឲ្យអូស្ត្រាលី​ នៅពី​ក្រោយ​ខ្នង​បារាំង​ដែល​ជា​សម្ព័ន្ធ​មិត្ត​ឡើយ​។

នៅពេលជួបពិភាក្សា​ជាមួយ​លោកម៉ាក្រុង លោក បៃដិន បាន​និយាយ​ថា​បារាំងគឺជា​សម្ព័ន្ធ​មិត្ត​ដ៏ល្អ និងជាដៃគូដ៏មាន​តម្លៃបំផុត​សម្រាប់​អាមេរិក​។ ហើយ​បញ្ហា​ទាក់ទង​សំណុំ​រឿង​នាវា​មុជទឹក​គឺកើតឡើង​ដោយសារ​ទង្វើ​ឆ្គាំឆ្គង​របស់​អាមេរិក​។

បើ​ទោះបីជា​មិន​បាន​និយាយសុំទោស​ជាផ្លូវការ​យ៉ាងណា​ក្តី​ តែ​គេយល់ច្បាស់ថាកាយ​វិការ​របស់​លោក ចូ បៃដិន​ គឺជា​សញ្ញា​បញ្ជាក់ពី​វិប្បដិសារីនឹក​សោកស្តាយ​របស់​ឋអាមេរិក​ ក្រោយ​ផ្ទុះ​ជម្លោះ​ការ​ទូត​ដែល​កាលណោះ​ប្រទេស​បារាំង​បាន​កោះហៅ ឯក​អគ្គ​រដ្ឋទូត​របស់​ខ្លួន​ពី​ទី​ក្រុងវ៉ាស៊ីនតោន​ និងទីក្រុងកង់បេរ៉ាឲ្យវិល​ចូលស្រុកវិញ​។

ពីខាង​លោកភាគី​បារាំង​វិញ​ លោក​ អេម៉ានុយអែល ម៉ាក្រុង​ ​បាន​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់អាមេរិកក្នុងការ​ដោះស្រាយ​វិបត្តិ​នឹងគ្នា​។ លោកម៉ាក្រុងបាន​គូស​បញ្ជាក់ដែរ​ថាការ​ពិភាក្សាពិគ្រោះយោបល់គ្នាជា​បន្តបន្ទាប់​រវាងទី​ក្រុង​ប៉ារីស និង​វ៉ាស៊ីនតោនបានកើតឡើង​ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ ហើយ​បារាំង​បាន​បញ្ជាក់ច្បាស់​រួច​ហើយដែរ ​ពី​អ្វី​ដែល​ខ្លួ​ត្រូវ​បញ្ជាក់។ “អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​គឺ​ជា​អ្វី​ដែល​យើងនឹង​ធ្វើ​ជាមួយ​គ្នា​នាពេលខាងមុខ នា​សប្តាហ៍​ខាង​មុខ​ ខែ​ខាង​មុខ និងនាប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ លោក​ម៉ាក្រុងបន្ថែម​។

គួរបញ្ជាក់ថា​ កិច្ចប្រជុំរវាងលោកចូ បៃដិន​ និង​លោកម៉ាក្រុង​ត្រូវ​បាន​ធ្វើឡើង​នៅឯ​ស្ថានទូត​បារាំង​ប្រចាំនៅបុរីវ៉ាទីកង់ចំកណ្តាល​ទី​ក្រុងរ៉ូម​ប្រទេសអ៊ីតាលី និង​បានប្រព្រឹត្ត​ទៅ​នៅ​មុន​កិច្ចប្រជុំ​កំពូល​ G20​ នៃ​មេដឹកនាំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចនាំមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ