អានតួអត្ថបទ
អឺរ៉ុប-ពាណិជ្ជកម្ម-ព្រៃឈើ

អឺរ៉ុប​ចង់ធ្វើ​ច្បាប់ ហាម​ឃាត់​ការនាំ​ចូល​ទំនិញ​ណា​ ដែល​បានមក​ពី​​ការ​​បំផ្លាញ​ព្រៃឈើ

គណកម្មការអឺរ៉ុប បានដាក់ស្នើគម្រោងច្បាប់មួយ ដែល​កំណត់​ហាមឃាត់ ការនាំចូលមកអឺរ៉ុប នូវទំនិញមួយចំនួន ដែល​បានចូលរួមកាប់បំផ្លាញព្រៃឈើ។ ទំនិញទាំងនោះ អាចមានដូចជា សណ្តែកសៀង សាច់គោ ឈើ កាហ្វេ និងប្រេងដូង ជាដើម។ តែយ៉ាងណា គម្រោង​ចង់លាបពណ៌បៃតង ឲ្យ​ដល់វិស័យនាំចូលអឺរ៉ុបនេះ ត្រូវតែឆ្លងកាត់ ការជជែកអនុម័តពីសមាជិកសភាអឺរ៉ុប ជាមុនសិន។

ផ្លូវថ្នល់ថ្មីស្រឡាង ត្រូវបានគេសាងសង់ ពុះកាត់ដីព្រៃ Tapajos National Forest ប្រទេសប្រេស៊ីល ម្ខាងនៅសល់ព្រៃ ម្ខាងត្រូវ​បាន​គេរាន​យកដីធ្វើចំការដំណាំ សណ្តែកសៀង។ ថ្ងៃទី ២៥ វិច្ឆិកា ២០១៩
ផ្លូវថ្នល់ថ្មីស្រឡាង ត្រូវបានគេសាងសង់ ពុះកាត់ដីព្រៃ Tapajos National Forest ប្រទេសប្រេស៊ីល ម្ខាងនៅសល់ព្រៃ ម្ខាងត្រូវ​បាន​គេរាន​យកដីធ្វើចំការដំណាំ សណ្តែកសៀង។ ថ្ងៃទី ២៥ វិច្ឆិកា ២០១៩ © AP Photo/Leo Correa
ផ្សាយពាណិជ្ជកម្ម

ជាយូរមកហើយ ដែលអង្គការបរិស្ថាននានា បានទាមទារឲ្យអឺរ៉ុប ត្រូវតែមានច្បាប់តាមដាន ហាម​ឃាត់ ការនាំចូលទំនិញណា ដែលបានចូលរួមបំផ្លាញព្រៃឈើ។ ទីបំផុត​ក្រោយ​ គណកម្មការអឺរ៉ុប បាន​សម្រេច​ស្នើសេចក្តីព្រាងច្បាប់មួយ ដាក់ទៅកាន់សភាអឺរ៉ុបអនុម័ត។ តាមរយៈគម្រោង​ច្បាប់​នេះ​ អឺរ៉ុបចង់​រៀបចំយន្តការច្បាប់ ហាមឃាត់ការនាំចូល​ទំនិញ​មួយចំនួន​ ដូចជាសណ្តែកសៀង​ សាច់គោ ប្រេងដូងប្រេង កាហ្វេ ឈើ និងកាកាវ ព្រមទាំងទំនិញ​កែច្នៃផ្សេងទៀតដូចជា​គ្រឿងសង្ហារឹម សម្ភារៈតុបតែងផ្ទះជាដើម ឲ្យ​តែទំនិញទាំងនោះ មានពាក់ព័ន្ធ នឹងការ​កាប់បំផ្លាញព្រៃឈើ។

យោងតាមសេចក្តីព្រាង ដែលគណកម្មការអឺរ៉ុបបានបង្ហាញ គឺក្រុម​ហ៊ុន​នាំចូលទាំងអស់ ត្រូវមានកាតព្វកិច្ច​ប្រគល់ទិន្នន័យ និង​ព័ត៌មាន​ច្បាស់លាស់ ស្តីពីប្រភព និងទីតាំងផលិត នៃ​ផលិតផល​នីមួយ​ៗ។ វិធានការនេះគឺដើម្បីធានាថា វត្ថុធាតុដើម និង​ផលិត​ផល​ទាំងនោះ មិនបានកើតចេញពីការ​កាប់​បំផ្លាញ​ព្រៃឈើ ក្រោយ​ខែធ្នូឆ្នាំ​២០២០ ហើយជាផលិតផល ដែល​មិនបំពាននឹងច្បាប់ហាមឃាត់​​ ក្នុងប្រទេសដើម។ ច្បាប់នេះ នឹងធ្វើការបែងចែក តំបន់ផ្សេងៗក្នុងពិភពលោក ដែល​មាន​កម្រិត​ប្រឈម​នឹងការកាប់បំផ្លាញព្រៃឈើខុសៗគ្នា ហើយ​យន្តការតាមដាន​​ពិនិត្យ​ នឹង​មានកម្រិត​​ពី​ស្រាល​ទៅធ្ងន់ ទៅតាម​នោះដែរ។

សូមបញ្ជាក់ថា យោងតាមអង្គការ WWF ១៦% នៃទំនិ​ញ ដែលនាំចូលមកអឺរ៉ុប គឺសុទ្ធតែមានប្រភព ឬពាក់ព័ន្ធនឹងការកាប់​បំផ្លាញព្រៃឈើ។ លោក Virginijus Sinkevicius ស្នងការអឺរ៉ុប ទទួល​បន្ទុកកិច្ចការបរិស្ថាន បានលើកឡើងថា គម្រោងច្បាប់ថ្មីរបស់អឺរ៉ុបនេះ នឹងអាចផ្តល់លទ្ធផលជាក់ស្តែង ដើម្បីឈានទៅ​ទប់​ស្កាត់ការបាត់បង់ សិករិចរិលនៃប្រព័ន្ធជីវចម្រុះ ព្រមទាំង​ទាំង​ដើម្បីប្រយុទ្ធប្រឆាំងនឹង​បម្រែបម្រួលអាកាសធាតុ។ លោកអះអាងថា ការកាប់បំផ្លាញព្រៃឈើ បានចូលរួមចំនួន​ប្រមាណ​១១% នៃទំហំឧស្ម័នផ្ទះកញ្ចក់។ អឺរ៉ុប រំពឹងថា គម្រោងច្បាប់ថ្មីនេះ នឹងអាច​កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក ចំនួន ៣១.៩លានតោន ក្នុងមួយឆ្នាំ។

គួរកត់សំគាល់ថា គម្រោងច្បាប់ថ្មីរបស់អឺរ៉ុបនេះ ត្រូវបានអង្គការបរិស្ថានភាគច្រើនអបអរ។ តែយ៉ាងណា អង្គការ Greenpeace បានលើកឡើងថា វានៅចំណុចខ្វះចន្លោះច្រើន ព្រោះវាមិនមានពាក់ព័ន្ធទៅនឹងទំនិញមួយចំនួនទៀត ដូចជា ពោត កៅស៊ូឡាតិច សាច់ជ្រូក និងសាច់សត្វស្លាប។ បន្ថែមពីនេះ គម្រោងច្បាប់នេះ រាប់តែព្រៃឈើមួយមុខ ដោយ​មិនបានរាប់បញ្ចូលទេ អំពីការបាត់បង់តំបន់ធម្មជាតិផ្សេងទៀត ដូចជាតំបន់ដីសណ្តរ តំបន់វាលទំនាប​ដីសើម តំបន់វាលស្មៅនិងព្រៃរបោះជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ