អានតួអត្ថបទ
បារាំង-ក្រូអាស៊ី-អឺរ៉ុប

លោកម៉ាក្រុង ​ជាប្រធានាធិបតី​បារាំង​ដំបូងបង្អស់ ដែលទៅ​ទស្សនកិច្ច​នៅក្រូអាស៊ី ក្រោយ​​ប្រទេស​នេះ​​បាន​ឯករាជ្យ​នៅឆ្នាំ​​១៩៩១

ថ្ងៃពុធទី​២៤វិច្ឆិកា លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅ​ប្រទេសក្រូអាស៊ី។ ជាទស្សនកិច្ចលើកទី១សម្រាប់ប្រធានាធិបតី​បារាំង នៅក្រោយ​ពេលដែល​ប្រទេសក្រូអាស៊ី បានប្រកាសឯករាជ្យនៅឆ្នាំ ១៩៩១។ វាក៏ជាឱកាសផងដែរ ដែលក្រូអាស៊ី មានបំណងពង្រឹង​ការចូលរួមរបស់​ខ្លួន ក្នុងនាមជាសមាជិកម្នាក់ នៃសហភាពអឺរ៉ុប។ ចាប់ពីឆ្នាំ​២០២២ទៅ បារាំង នឹងត្រូវជាប្រធានផ្លាស់វេន នៃសហភាពអឺរ៉ុប។

លោក Macron ចាប់រលាក់ដៃជាមួយលោកនាយករដ្ឋមន្ត្រីក្រូអាស៊ី Andrej Plenkovic នៅវិមានអេលីហ្សេ ថ្ងៃទី ៧ មករា ២០២០
លោក Macron ចាប់រលាក់ដៃជាមួយលោកនាយករដ្ឋមន្ត្រីក្រូអាស៊ី Andrej Plenkovic នៅវិមានអេលីហ្សេ ថ្ងៃទី ៧ មករា ២០២០ © Gonzalo Fuentes/Pool via AP
ផ្សាយពាណិជ្ជកម្ម

បើទោះបីជាទស្សនកិច្ចនេះ មានរយៈពេល​ត្រឹមតែមួយថ្ងៃ តែវាមានតម្លៃជានិម្មិតរូបខ្លាំងណាស់ សម្រាប់ បារាំង និង​ក្រូអាស៊ី។ ចាប់តាំងពីក្រូអាស៊ី បានប្រកាសឯករាជ្យនៅឆ្នាំ​ ១៩៩១មក មិនដែលមានប្រមុខរដ្ឋបារាំងណា ទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋបែបនេះទេ។

នៅទីក្រុង​Zagreb លោក​ម៉ាក្រុង នឹងជួបជាមយយលោក នាយករដ្ឋមន្ត្រីក្រូអាស៊ី  Andrej Plenkovic ដើម្បីនិយាយគ្នាអំពីការផ្តល់សន្ទុះ ទំនាក់ទំនងនយោបាយ​ និងពាណិជ្ជកម្ម រវាងបារាំង និងក្រូអាស៊ី។ ទំនាក់ទំនង ដែលកាន់តែស្អិតរមួត បន្ទាប់ពីក្រូអាស៊ី បានប្រកាស ពីគំរោងចុះកិច្ចសន្យាទិញយន្តហោះចម្បាំង Rafale របស់បារាំង ចំនួន​១២គ្រឿង ក្នុងតម្លៃទឹកប្រាក់ ប្រមាណ​១ពាន់លានអឺរ៉ូ។

លោកនាយករដ្ឋមន្ត្រីក្រូអាស៊ី ក៏អាចនឹងលើកឡើង ស្នើសុំទៅប្រធានាធិបតីបារាំង ឲ្យ​ជួយគាំទ្រខ្លួន ដើម្បីអាចចូលក្នុង​ក្រុ​មប្រទេស​ចាយប្រាក់អឺរ៉ូ ក្នុងពេលដ៏ឆាប់ខាងមុខ។ នៅដើម​ឆ្នាំ​២០២២នេះ បារាំង នឹងក្លាយ​ជាប្រធានវិលជុំរបស់​សហភាពអឺរ៉ុប ហើយ​ដែលអន្តរាគមន៍របស់បារាំង ពិតជាអាចមានទំងន់ជួយក្រូអាស៊ី។

យោងតាម ប្រភពពីវិមាន​ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង អាចប្រហែលជាផ្តល់សញ្ញាវិជ្ជមាន ដល់ការចង់បានរបស់ក្រូអាស៊ី ដែលចង់ចាយ​ប្រាក់អឺរ៉ូ បន្ទាប់ពីបាន​ចំនុចមួយចំនួនធំ ដែល​ក្រូអាស៊ីបានខឹតខំបំពេញ និងសម្រេចបាន។ ប្រភពដដែលអះអាងថា បារាំងក៏អាចគាំទ្រ ឲ្យ​ក្រូអាស៊ី ចូលជាសមាជិកនៃតំបន់ឆិនហ្កិនផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ