អានតួអត្ថបទ
អឺរ៉ុប-កូវីដ១៩-កុមារ

ប្រទេស​អឺរ៉ុប​កាន់តែ​ច្រើន​ ចាប់ផ្តើម​​បើកយុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ ទៅ​លើ​​កុមារ

បណ្តាប្រទេសអឺរ៉ុប កំពុងតែ​ឆ្លងកាត់ សន្ទុះរលកឆ្លងរាលដាលកូវីដ យ៉ាងលឿនរហ័ស នាពេលបច្ចុប្បន្ននេះ។ កូវីដ​បំប្លែងខ្លួនអូមីក្រុង អាចនឹងឈានគ្របដណ្តប់ ក្លាយ​ជាករណីឆ្លងថ្មីភាគច្រើននៅអឺរ៉ុបថែមទៀតផង។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរសុខាភិបាល​ប្រទេសអឺរ៉ុប កាន់តែច្រើន បានសម្រេច​បើកយុទ្ធនាការចាក់វ៉ាក់សាំង ទៅលើ​កុមារ បន្ទាប់ពីបានសង្កេតឃើញថា កុមារគឺជាភ្នាក់ងារ​ចម្លងកូវីដ ពីសាលារៀន ទៅកាន់​សមាជិកគ្រួសារ ដោយ​មិនអាចប្រហែសបាន។

ក្មេងស្រីជនជាតិអូទ្រីស កំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ ទីក្រុងវីយែន ថ្ងៃទី១៥ វិច្ឆិកា ២០២១
ក្មេងស្រីជនជាតិអូទ្រីស កំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ ទីក្រុងវីយែន ថ្ងៃទី១៥ វិច្ឆិកា ២០២១ AP - Lisa Leutner
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី​២៥វិច្ឆិកា ទីភ្នាក់ងារឱសថអឺរ៉ុប បាន​ផ្តល់អាជ្ញាបណ្ណអនុញ្ញាត ឲ្យ​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ទៅលើកុមារ អាយុចន្លោះពី ៥ ទៅ ១១ ឆ្នាំ។ វ៉ាក់សាំងដែលអាចចាក់បាន គឺជាវ៉ាក់សាំង Pfizer ទម្រង់មួយទៀត ដែលមានលក្ខណៈស្រាលជាងវ៉ាក់សាំង ដែលចាក់ទៅលើ​មនុស្សធំ។ ក្រោយ​ការសម្រេចនេះ ដាណឺម៉ាក និង​ អូទ្រីស បានចាប់ផ្តើម​បើកយុទ្ធនាការចាក់ភ្លាមៗតែម្តង កាលពីសប្តាហ៍មុន​។

នៅអាល្លឺម៉ង់ បើទោះបីជាពុំមានវិធានរួម ចេញដោយរដ្ឋាភិបាលរដ្ឋសហព័ន្ធ តែអាជ្ញាធរតំបន់មួយចំនួន ដូចជាតំបន់ក្រុងប៊ែរឡាំង និង​ តំបន់បាវីយែរ បានសម្រេចចិត្តបើកយុទ្ធនាការចាក់វ៉ាក់សាំងទៅលើកុមារ ចាប់ពីថ្ងៃពុធទី១៥ធ្នូនេះទៅ។​ កុមារអាល្លឺម៉ង់ ដែលមានកម្រិតប្រឈមគ្រោះថ្នាក់ខ្ពស់ ឬ ក៏មានសមាជិកគ្រួសារ ដែលអាច​បញ្ហាសុខភាព​ធ្ងន់ធ្ងរ នឹងត្រូវទទួលការចាក់វ៉ាក់សាំង ចំនួន​២ដូស ក្នុងរវាង​ពី ៣ ទៅ ៦សប្តាហ៍។

ដូចគ្នាដែរ នៅហុងគ្រី ចាប់ពីថ្ងៃពុធនេះទៅ អាជ្ញាធរសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំង ទៅលើកុមារ អាយុចន្លោះពី ៥ ទៅ ១១ឆ្នាំ។ នៅក្រិកវិញ គ្រាន់តែក្នុងថ្ងៃពុធទី​១៥ធ្នូ មានអាណាព្យាបាលចំនួន​ ២ម៉ឺននាក់ បានណាត់ជួបក្រុមជំនាញ ដើម្បីចាក់វ៉ាក់សាំងបង្ការកូវីដ ទៅឲ្យ​កូន​ខ្លួន​។ នៅអេស្ប៉ាញ យុទ្ធនាការចាក់វ៉ាក់សាំងទៅលើកុមារ ក៏នឹងចាប់ផ្តើមដែរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ បានលើកឡើងថា បច្ចុប្បន្ននេះកុមារអាយុក្រោម​១២ឆ្នាំ គឺជា​ក្រុមមនុស្សដែល​បានឆ្លងកូវីដ​ ច្រើនបំផុត។

ប្រទេសអឺរ៉ុបផ្សេងទៀត មានអ៊ីតាលី ប៉ូឡូញ និង​ប្រទេសតំបន់​បាល់ទិកជាដើម នឹងចាប់ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំង ទៅលើ​កុមារដែរ ក្នុងរវាងប៉ុន្មានថ្ងៃខាងមុខ ខណៈរដូវបុណ្យណូអែល កាន់តែខិតជិតមកដល់។ ដោយ​ឡែកនៅបារាំង អាជ្ញាធរសុខាភិបាល បាន​អនុញ្ញាតឲ្យចាក់វ៉ាក់សាំង ទៅលើកុមារ តែក្នុងករណីកុមារនោះ អាចមានកម្រិត​ប្រឈម​គ្រោះថ្នាក់ ធ្លាក់ខ្លួនឈឺធ្ងន់ ក្នុងករណី​ឆ្លងកូវីដ​១៩ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក កុមារ អាយុពី​ ៥ ទៅ ១៤ឆ្នាំ បានឆ្លងកូវីដ យ៉ាងច្រើនបំផុត នាពេលបច្ចុប្បន្ននេះ ដែលពេលខ្លះ គឺមានកម្រិតឆ្លងដល់ទៅ៣ដង លើមនុស្សធំ។ តែយ៉ាងណា ការចាក់វ៉ាក់សាំង ទៅលើកុមារ តែងពើបប្រទះនឹងគំនិតរិះគន់ប្រឆាំង ពីសំណាក់អាណាព្យាបាល និងអ្នកជំនាញខ្លះ។ ក្រៅពីប្រទេសអឺរ៉ុប បណ្តាប្រទេសផ្សេងទៀត បានចាប់ផ្តើម​ចាក់វ៉ាក់សាំងទៅលើកុមាររួចហើយ ដូចជានៅអាមេរិក កាណាដា អ៊ីស្រាអែលជាដើម។ នៅចិន ឈីលី អាហ្សង់ទីនជាដើម គេចាប់ចាក់ចាប់ពី អាយុចាប់ពី៣ឆ្នាំឡើងទៅ។ គិតត្រឹមថ្ងៃទី១៤ធ្នូ យោងតាមតួលេខផ្លូវការ បូកសរុបដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP កូវីដ១៩ បានសម្លាប់ជីវិតមនុស្ស ចំនួន ៥ ៣១១​ ៩១៤ នាក់ហើយ នៅទូទាំងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ