អានតួអត្ថបទ
អឺរ៉ុប-វ៉ាក់សាំង​កូវីដ

ណូវ៉ាវ៉ាក់ ថ្នាំ​បង្ការ​បែប​បូរាណនឹងក្លាយ​ជា​​វ៉ាក់សាំង​ប្រឆាំង​កូវីដទី៥ នៅ​អឺរ៉ុប ?

ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប បាន​ផ្តល់​សេចក្តីសម្រេច​នៅ​ថ្ងៃ​ចន្ទទី ២០ ធ្នូ ២០២១ នេះ ចំពោះ​សំណើ​សុំ​ធ្វើ​ចរាចរណ៍​ថ្នាំ​បង្ការ​កូវីដ​​របស់​ក្រុមហ៊ុន​អាមេរិក​ ណូវ៉ាវ៉ាក់។ អ្នក​មិន​ចង់​ចាក់​វ៉ាក់សាំងពី​មុន​អាច​នឹង​ប្តូរ​ចិត្ត ព្រោះ​បើ​តាម​មន្ទីរ​ពិសោធន៍​​ ​ថ្នាំ​បង្ការ​នេះ​​ផលិត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ដ៏​ចំណាស់​​ ដែល​ពិភពលោក​បាន​ស្គាល់ និង​ប្រើ​​រាប់​ទសវត្សរ៍​មក​ហើយ។

ណូវ៉ាវ៉ាក់នឹងក្លាយ​ជា​​វ៉ាក់សាំង​ប្រឆាំង​កូវីដទី៥ នៅ​អឺរ៉ុប ?
ណូវ៉ាវ៉ាក់នឹងក្លាយ​ជា​​វ៉ាក់សាំង​ប្រឆាំង​កូវីដទី៥ នៅ​អឺរ៉ុប ? REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

​ទើប​ក្លាយ​ជា​ថ្នាំបង្ការកូវីដ​រ​ទី​៥​ នៅ​អឺរ៉ុប វ៉ាក់សាំង​ប្រឆាំង​​កូវីដ​របស់​ក្រុមហ៊ុន​ណូវ៉ាវ៉ាក់ មានទម្រង់​ដូច​ជា​ថ្នាំ​បង្ការ​ជំងឺ​កុមារ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ពិភពលោក​​ធ្លាប់​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ពោល​គឺ​ផលិត​ឡើង​ដោយគ្មាន​វីរុសទេ តែ​ដោយ​ប្រើ​ជាតិ​ប្រូតេអ៊ីន​ជា​មូលដ្ឋានគ្រឹះ​នៃ​ថ្នាំ។ បច្ចេកវិទ្យា​បែប​នេះ​ធ្លាប់​មាន​ប្រើ​សម្រាប់​ផលិត​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​ថ្នាំ​បង្ការ​ជំងឺក្អកមាន់​។

គ្រប់​វ៉ាក់សាំង​សុទ្ធ​តែ​ទៅ​បង្ហាត់​បង្រៀន​ប្រព័ន្ធភាព​ស៊ាំ​របស់មនុស្ស​ឱ្យ​ចេះ​តតាំង​នឹង​កូរ៉ូណាវីរុស តែ​ដោយប្រើ​​វិធី​ផ្សេង​គ្នា​។ Pfizerនិង​ Moderna ប្រើ​បច្ចេកវិទ្យា​ទំនើប​ថ្មី ARNm ដែល​ជា​​​មូលេគុល​មាន​​សារ​បញ្ជា​ឱ្យ​កោសិកា​ត្រូវ​ផលិត​ប្រព័ន្ធ​ការពារ​ខ្លួន​ទល់​នឹង​ជំងឺ។ AstraZeneca Johnson & Johnson ​យក​វីរុស​មក​ដក​ពិស បន្សាប​រហូត​លែង​មាន​លទ្ធភាព​បង្ក​ជំងឺ មកធ្វើ​ជា​ថ្នាំ​បង្ការ​បង្ហាត់​សរីរាង្គ​ឱ្យ​ចេះ​តតាំង​នឹង​កូវីដ​១៩។ ចំណែក​ណូវ៉ាវ៉ាក់ ផលិត​បំបែកដ៏​​តូចមួយ​​នៃ​ប្រូតេអ៊ីន​ spike​ រកឃើញ​នៅ​លើ​ផ្ទៃ​នៃ​មេរោគ​កូរ៉ូណា ក្នុង​មន្ទីរ​ពិសោធន៍​ មក​ធ្វើ​ជា​ថ្នាំចាក់​ដាស់​ប្រព័ន្ធ​ការពារ​ខ្លួន​ឱ្យ​បញ្ចេញ​ប្រតិកម្ម​ទប់​ទល់ និង​វាយប្រហារ​​ភ្លាម​នៅ​ពេល​មាន​មេរោគ​កូវីដ​១៩​ឆ្លង​ចូល។

ចំពោះ​ប្រសិទ្ធភាព​នៃ​ថ្នាំ​វិញ​ បើ​តាម​លទ្ធផល​នៃ​ការ​សាកល្បង​គ្លីនិក​ ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា​២០២១ ថ្នាំ​បង្ការ​ណូវ៉ាវ៉ាក់ មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​បាន​ដល់​ទៅ ៩០,៤% និង​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ទម្រង់​ធ្ងន់​ និង​មធ្យម​នៃ​ជំងឺ​កូវីដ​១៩​បាន​១០០%​​។

ដូច្នេះ​ថ្នាំ​បង្ការ​របស់​ណូវ៉ាវ៉ាក់ នឹង​មាន​សក្តានុពល​ខ្ពស់​ខ្លាំង​ អាច​ជំនះ​ឧបសគ្គ​ជា​ច្រើន​ក្នុង​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការកំរិត​ពិភពលោក​ ជាពិសេស​ឧបសគ្គ​នៃ​ការ​ចែកចាយ ដោយ​ថ្នាំ​មិន​ត្រូវ​ការ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ ដូច​ថ្នាំរបស់​ក្រុមហ៊ុន​ផ្សេង​ផង និង​អាច​ឈ្នះ​​​ចិត្ត​អ្នក​ស្ទាក់​ស្ទើរ​​មិន​ចង់​ចាក់​វ៉ាក់សាំងផង ព្រោះ​ថ្នាំ​ប្រើ​បច្ចេកវិទ្យា​ចំណាស់ និង​គ្មាន​វីរុស។

ក្នុង​ពេល​រង់ចាំសេចក្តី​សម្រេច​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប ​ ​គណៈកម្មការ​អឺរ៉ុប​បាន​ចុះ​កិច្ចសន្យា ត្រៀម​ទុក​ជាមុន ​បញ្ជា​ទិញ​ ថ្នាំ​បង្ការ​ចំនួន​២០០​លាន​ដូស​។ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន បាន​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​របស់​ណូវ៉ាវ៉ាក់​រួច​ហើយ។ ចំណែក​ជប៉ុន​ក៏​ព្រមទិញ​វ៉ាក់សាំង​​ដល់​ទៅ​១៥០លាន​ដូស​ដែរ។

មន្ទីរ​ពិសោធន៍​ណូវ៉ាវ៉ាក់ បាន​ប្រកាស​ទៀត​ថា​កំពុង​វាយតម្លៃ​ប្រសិទ្ធភាព​ថ្នាំ​របស់​ខ្លួន​ទល់​នឹង​អូមីក្រុង និង​កំពុង​សម្រប​វ៉ាក់សាំង​សម្រាប់​ប្រឆាំង​នឹង​មេរោគ​កូវីដ​បំប្លែង​ខ្លួន​អូមីក្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ