អានតួអត្ថបទ
បារាំង-អ៊ីតាលី-អឺរ៉ុប

ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី អំពាវនាវ​ឲ្យ​​អឺរ៉ុប​​ធ្វើ​កំណែទម្រង់ បន្ធូរបន្ថយ​វិធាន​ច្បាប់​ថវិកា

លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និង​លោក ម៉ារីយ៉ូ ដ្រាហ្គី នាយករដ្ឋមន្ត្រីអ៊ីតាលី បានរួមគ្នា អំពាវនាវ ស្នើសុំឲ្យ​សហភាពអឺរ៉ុ​ប​ ធ្វើកំណែទម្រង់ បន្ធូរបន្ថយវិធានច្បាប់ថវិកាកុំឲ្យតឹងតែងពេក។ មេដឹកនាំបារាំង និងអ៊ីតាលី អះអាងថា ក្នុងកំឡុងពេលវិបត្តិកូវីដ រដ្ឋាភិបាលគ្មានជំរើសផ្សេងក្រៅពី​បញ្ចេញប្រាក់ចំណាយ ដើម្បីជួយជីវភាព និងសេដ្ឋកិច្ចនោះទេ ហើយ​ដែលប្រការនេះ វាធ្វើឲ្យ​ប៉ោងតួលេខបំណុលសាធារណៈ ដោយ​មិនអាចចៀសបាន។

លោកអេម៉ានុយអែល ម៉ាក្រុង (ឆ្វេង) ក្នុងពេលជួបជាមួយ​លោក មារីយ៉ូ ដ្រាហ្គី នាយករដ្ឋមន្ត្រីអ៊ីតាលី នៅ​ទីក្រុងរ៉ូម ថ្ងៃទី ២៦ វិច្ឆិកា ២០២១
លោកអេម៉ានុយអែល ម៉ាក្រុង (ឆ្វេង) ក្នុងពេលជួបជាមួយ​លោក មារីយ៉ូ ដ្រាហ្គី នាយករដ្ឋមន្ត្រីអ៊ីតាលី នៅ​ទីក្រុងរ៉ូម ថ្ងៃទី ២៦ វិច្ឆិកា ២០២១ AP - Domenico Stinellis
ផ្សាយពាណិជ្ជកម្ម

នៅក្នុងអត្ថបទមួយ ចុះផ្សាយ​ដោយកាសែត The Financial Times លោក​អេម៉ានុយអែល ម៉ាក្រុង និង​លោក ម៉ារីយ៉ូ ដ្រាហ្គី បានរួមគ្នាអំពាវនាវ ឲ្យ​មានការធ្វើកំណែទម្រង់ វិធានច្បាប់ថវិកា នៅក្នុងក្របខណ្ឌសហភាពអឺរ៉ុប។ ជាកំណែទម្រង់ ដែល​មេដឹកនាំទាំង២នាក់ ប្រាថ្នាចង់ឲ្យ​ឈានទៅបន្ធូរបន្ថយ​កុំតឹងតែងពេក ព្រមទាំងត្រូវ​ផ្តោតអាទិភាព ទៅដល់ការវិនិយោគចាំបាច់ ក្នុងបរិបទវិបត្តិអាកាសធាតុ និង​ពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចរបស់អឺរ៉ុប។

មេដឹកនាំបារាំង និងអ៊ីតាលី បានលើកឡើងថា វិបត្តិកូវីដ​ប្រមាណ​ជិត​២ឆ្នាំមកនេះ បានតម្រូវឲ្យ​រដ្ឋាភិបាល ត្រូវតែអនុវត្តគោលនយោបាយ ជួយសហគ្រាស ក្រុមហ៊ុន ជំនួញផ្សេងៗ ព្រមទាំងជួយ​ដល់ជីវភាពប្រជាពលរដ្ឋ។ គោលនយោបាយ​ទាំងនេះ គឺធ្វើឲ្យ​ប្រទេសសមាជិកអឺរ៉ុប មានបំណុលសាធារណៈកើនឡើងខ្លាំង លើសពីកម្រិតអតិបរមា កំណត់ដោយវិធានច្បាប់ថវិកាអឺរ៉ុប។ វិបត្តិកូវីដ ក៏បានបង្ហាញឲ្យ​ឃើញផងដែរ នូវចំណុចខ្សោយរបស់សេដ្ឋកិច្ចអឺរ៉ុប ដោយសារតែបញ្ហាខ្វះវត្ថុ​ធាតុដើម​មកពីបរទេស និង​រំពឹងលើទំនិញនាំចូលខ្លាំងពេក។

លោក​ប្រធានាធិបតីបារាំង និង​ លោក​នាយករដ្ឋមន្ត្រីអ៊ីតាលី បាន​អះអាងថា ជាការពិតណាស់ដែលគ្រប់គ្នាចង់កាត់បន្ថយ​ កម្រិតបំណុល។ ក៏ប៉ុន្តែ សម្រាប់កាលៈទេសៈនេះគឺគេមិនអាច​ ទៅ​ដំឡើងពន្ធពីប្រជាពលរដ្ឋ ឬកាត់បន្ថយការចំណាយលើសេវាសាធារណៈបានទេ។ ដូច្នេះ អឺរ៉ុបត្រូវតែធ្វើកំណែទម្រង់ វិធានច្បាប់ថវិកា ដើម្បីបើកសិទ្ធិ ឲ្យ​ប្រទេសសមាជិក មានលទ្ធភាពធំទូលាយ​​ ក្នុងការ​វិនិយោគលើវិស័យចាំបាច់ឲ្យ​បានច្រើន ដើម្បីធានាការពារសុខមាលភាព​សង្គម និង​ការរីកចម្រើនយូរអង្វែង សម្រាប់ក្មេងជំនាន់ក្រោយ។

គួរបញ្ជាក់ថា យោងតាមការអះអាង របស់​វិមានអេលីហ្សេបារាំង គឺលិខិតប្រកាសរួមគ្នា របស់លោកប្រធានាធិបតីបារាំង និង​នាយករដ្ឋមន្ត្រីអ៊ីតាលីនេះ បានបញ្ជូន​ទៅកាន់ថ្នាក់ដឹកនាំប្រទេសសមាជិកអឺរ៉ុប ឲ្យ​បានដឹងមុន មុននឹងចុះផ្សាយនៅលើទំព័រកាសែត។ តែយ៉ាងណា គោលជំហរចង់ឲ្យ​មាន​ការ​បន្ធូរបន្ថយ​វិធានច្បាប់ថវិកាអឺរ៉ុបនេះ ត្រូវឆ្លងកាត់ការគាំទ្រជាចំបាច់​ ពីសំណាក់រដ្ឋាភិបាលថ្មី របស់អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ