អានតួអត្ថបទ
នុយក្លេអ៊ែរ-បរិស្ថាន

អឺរ៉ុបគ្រោងចាត់បញ្ចូលថាមពលនុយក្លេអ៊ែរជាថាមពល “បៃតង”

សហភាពអឺរ៉ុប​កំពុង​ពិចារណា​លើ​គម្រោង ដាក់បញ្ចូល​ថាមពលនុយក្លេអ៊ែរ និង​ឧស្ម័ន​ធម្មជាតិ ចូលទៅក្នុង​ចំណោម​ប្រភេទថាមពលបៃតង ហើយ​ការវិនិយោគ​ទៅលើ​វិស័យ​ទាំងពីរ​នេះ​​អាច​ត្រូវ​ចាត់ទុក​ជា​វិនិយោគ​លើថាមពលបៃតង។ ក៏ប៉ុន្តែ ប្រទេស​ជាសមាជិក​នៅតែ​ខ្វែងគំនិតគ្នា​ច្រើន​នៅឡើយ ដោយ​ប្រទេស​ខ្លះ​មិនយល់ស្រប​ថា នុយក្លេអ៊ែរ​គឺ​ជា​ថាមពល​បៃតង។

មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅអាល្លឺម៉ង់ (រូបភាពឯកសារ)
មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅអាល្លឺម៉ង់ (រូបភាពឯកសារ) AP - Christof Stache
ផ្សាយពាណិជ្ជកម្ម

សំណើ​ចាត់បញ្ចូល​នុយក្លេអ៊ែរ និង​ឧស្ម័ន​ធម្មជាតិ ទៅក្នុង​ចំណោម​ប្រភេទ​ថាមពលបៃតង ដែល​ត្រូវបាន​​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​សមាជិក​ទាំង ២៧ កាលពីយប់ថ្ងៃសុក្រ ៣១ធ្នូ ត្រូវបានធ្វើឡើង ក្នុងគោលដៅ​ជំរុញ​ឲ្យ​ប្រទេស​សមាជិកកាត់បន្ថយ​ការ​ប្រើថាមពល ដែល​បញ្ចេញ​ឧស្ម័នកាបូនិច និង​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ហ្សេរ៉ូកាបូន នៅ​ឆ្នាំ២០៥០​ខាងមុខ។

ប្រសិនបើ​ទទួលបាន​ការគាំទ្រ​ដោយ​សំឡេងភាគច្រើន ពី​សំណាក់​ប្រទេស​ជាសមាជិក និង​ឆ្លងកាត់​ការអនុម័ត​នៅ​សភា​អឺរ៉ុប​ សំណើនេះ​​នឹង​ត្រូវ​ក្លាយ​ជា​ច្បាប់របស់​សហភាព​អឺរ៉ុប ដែល​ត្រូវ​ចូល​ជាធរមាន ចាប់ពីឆ្នាំ២០២៣​ខាងមុខ។

ក៏ប៉ុន្តែ មិនមែន​គ្រប់ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​​ទាំងអស់​សុទ្ធតែ​ឯកភាព​​គ្នា​ថា នុយក្លេអ៊ែរ និង​ឧស្ម័នធម្មជាតិនេះ គឺ​ជា​ថាមពលបៃតងនោះទេ។

បារាំង ដែល​គេស្គាល់ជាទូទៅ​ថា ជា​ប្រទេស​​ពឹងផ្អែកខ្លាំង​លើ​ថាមពលនុយក្លេអ៊ែរ គឺ​ជា​អ្នកចេញមុខជាងគេ ក្នុងការ​ជំរុញ​ឲ្យ​អឺរ៉ុប​ដាក់បញ្ចូល​នុយក្លេអ៊ែរ ទៅក្នុង​ប្រភេទ​ថាមពល​បៃតង ក៏ប៉ុន្តែ អាល្លឺម៉ង់វិញ ដែលកំពុង​អនុវត្តផែនការ​បិទមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន​ម្តងមួយៗ​នោះ​តែងតែ​ចេញមុខជំទាស់ ដោយ​កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​អាល្លឺម៉ង់​​បាន​លើកឡើងថា គេ​មិន​គួរ​ចាត់បញ្ចូល​នុយក្លេអ៊ែរ​ជា​ថាមពល​បៃតងនោះទេ ពីព្រោះ​ថា នុយក្លែអ៊ែរ​អាច​បង្ក​នូវ​វិនាសកម្ម​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន។

​អូទ្រីសវិញ​ក៏​បាន​បង្ហាញ​នូវ​ជំហរ​ជំទាស់​ដូចគ្នា​នេះដែរ ដោយ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​អូទ្រីស​បាន​លើកឡើង​ថា ថាមពល​នុយក្លេអ៊ែរ​ជា​ប្រភេទ​ថាមពល​ដែល​ទាមទារ​ឲ្យ​មាន​ការ​វិនិយោគ​ក្នុង​តម្លៃ​ខ្ពស់ ហើយ​ទាមទារ​ពេលវេលាយូរ ដូច្នេះ វា​មិនមែន​ជា​ថាមពល​ដែល​មាន​ប្រសិទ្ធភាព​នោះទេ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើងកម្តៅផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ