អានតួអត្ថបទ

របាយការណ៍៖ មនុស្សជាង១លាននាក់​ស្លាប់​ដោយសារ​តែភាពស៊ាំនៃ​ថ្នាំផ្សះ អង់ទីប៊ីយូទិក

ភាពស៊ាំ​នឹង​ថ្នាំផ្សះ អង់ទីប៊ីយូទិក បានបណ្តាលឲ្យ​មនុស្ស​ជាង ១លាន ២សែននាក់ ស្លាប់​នៅក្នុង​ពិភពលោកនៅ​ឆ្នាំ​២០១៩។  តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ២០​មករា ក្នុង​ទស្សនាវដ្តី​សុខភាព​អង់គ្លេស ដ៏ល្បីឈ្មោះ Lancet មនុស្ស​ស្លាប់​ដោយសារ​តែឆ្លង​បាក់តេរី ដែល​ស៊ាំ លែងចុះចាញ់​នឹង​អំណាច​ថ្នាំផ្សះ អង់ទីប៊ីយូទិក។

មីក្រូទស្សន៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការជំងឺឆ្លង​អាមេរិក​បង្ហាញ​បាក់តេរី ដែលស៊ាំនឹង​ថ្នាំ​ផ្សះ អង់ទីប៊ីយូទីក។
មីក្រូទស្សន៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការជំងឺឆ្លង​អាមេរិក​បង្ហាញ​បាក់តេរី ដែលស៊ាំនឹង​ថ្នាំ​ផ្សះ អង់ទីប៊ីយូទីក។ AP - Janice Haney Carr
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​សកល ដែលចងក្រង​ឡើង​ដោយ​អ្នកស្រាវជ្រាវ​អន្តរជាតិ​បាន​បង្ហាញថា នៅឆ្នាំ ២០១៩ មនុស្ស​ជាង​១លាននាក់​ស្លាប់​ដោយសារ​ជំងឺ​ដែលបង្កឡើង​ដោយ​បាក់តេរី ដែល​ស៊ាំនឹង​ថ្នាំផ្សះ។ ភាពស៊ាំនឹង​ថ្នាំផ្សះ​នេះ បានដើរតួនាទីផងដែរ​ក្នុងមរណភាព​របស់​មនុស្ស​ជាង ៣លានផ្សេងទៀត នៅក្នុង​ពិភពលោក។ ជាការប្រៀបធៀប​ភាពស៊ាំនឹង​ថ្នាំផ្សះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាង​ជំងឺអេដស៍  និងជំងឺគ្រុនចាញ់។ នៅ​ឆ្នាំ ២០១៩ ជំងឺអេដស៍​សម្លាប់​មនុស្ស​ជាង ៨សែននាក់ និង​ជំងឺគ្រុនចាញ់​សម្លាប់​មនុស្ស​ជាង ៦សែននាក់​នៅក្នុង​ពិភពលោក។

តាមរបាយការណ៍ ដែលចងក្រងឡើងដោយ​សកលវិទ្យាល័យ​វ៉ាស៊ីនតោន ភាពស៊ាំនឹង​ថ្នាំផ្សះ​ប៉ះពាល់ សម្លាប់​មនុស្ស​ច្រើន​នៅ​ក្នុង​ប្រទេស​ក្រីក្រ ដូចជា​នៅ​តំបន់​អាហ្វ្រិក និង​នៅ​អាស៊ីខាងត្បូង។ គេ​វាយតម្លៃថា ការប្រើថ្នាំផ្សះ​ច្រើនជ្រុល សូម្បី សម្រាប់​ជំងឺឆ្លង​តូចតាច នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ បានធ្វើ​ឲ្យ​ថ្នាំផ្សះ​លែង​មាន​ប្រសិទ្ធិភាព សម្រាប់​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ដែលបង្កឡើង​ដោយ​បាក់តេរី​កាន់តែ​សាហាវ ដែល​ធន់ស៊ាំ​នឹង​ថ្នាំអង់ទីប៊ីយូទិក។

ដោយ​ពឹងផ្អែក​លើ​ទិន្នន័យ បានមកពី​ប្រទេស និង​ទឹកដី​ចំនួន ២០៤ នៅក្នុង​ពិភពលោក របាយការណ៍​ បាន​ដាស់​ពញ្ញាក់​ស្មារតី សាជាថ្មី ពីគ្រោះថ្នាក់​នៃភាពស៊ាំនឹង​ថ្នាំផ្សះ។ របាយការណ៍​របស់​គណៈកម្មការ​ឯកទេស ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​អង់គ្លេស កាលពី ឆ្នាំ ២០១៤ ធ្លាប់​បាន​វាយតម្លៃ​ថា ចាប់ពី​ឆ្នាំ ២០៥០ មនុស្ស​ប្រមាណ​១០លាននាក់ នៅក្នុង​ពិភពលោក នឹង​អាច​ស្លាប់  ក្នុង​មួយឆ្នាំៗ ដោយសារ​ជំងឺឆ្លង ដែល​បង្កឡើង​ដោយ​បាក់តេរី​ដែល​ធន់ ស៊ាំនឹង​ថ្នាំផ្សះ អង់ទីប៊ីយូទិក។ ក្នុងករណី​ដែល​ភាពស៊ាំនឹង​ថ្នាំផ្សះ អាចធ្វើ​ឲ្យ​មនុស្ស​ជាង​១លាននាក់ ស្លាប់​នៅឆ្នាំ ២០១៩ នោះ គេ​មិនបាច់​រង់ចាំ​ដល់​ឆ្នាំ ២០៥០នោះ។ អត្រា​មរណភាព​១០លាននាក់ ក្នុងមួយឆ្នាំ ដោយសារ​ភាពស៊ាំនឹង​ថ្នាំផ្សះ នឹង​អាច​កើតឡើង ក្នុង​ប៉ុន្មានឆ្នាំ​ខាងមុខ។

សម្រាប់​សាស្ត្រាចារ្យ Chris Murray មកពី​សកលវិទ្យាល័យវ៉ាស៊ីនតោន ជាមួយ​តួលេខ ថ្មី ដែល​បង្ហាញថា ភាពស៊ាំនឹង​ថ្នាំផ្សះ កើតមាន​នៅ​គ្រប់ទីកន្លែង នៅក្នុង​ពិភពលោក នៅក្នុង​ល្បឿនមួយ​ដ៏លឿន គេចាំបាច់​ត្រូវចាត់វិធានការ​បន្ទាន់ ដូចជា​ការបោះទុន​វិនិយោគ​សម្រាប់​ការស្រាវជ្រាវ​របស់​មន្ទីរពិសោធន៍ ក្នុងការរកថ្នាំផ្សះថ្មី សម្រាប់​ជំនួស​ថ្នាំផ្សះចាស់​ដែលលែង​មាន​ប្រសិទ្ធិភាព​លើ​បាក់តេរី។ ប៉ុន្តែ ក្នុងពេល​រង់ចាំ ឲ្យមាន​ថ្នាំផ្សះថ្មី ដែលមាន​ប្រសិទ្ធិភាព​ទប់ទល់​នឹង​បាក់តេរី​ដែល​ធន់នឹង​ថ្នាំផ្សះ ឥរិយាបថ​ដែលគេ​ត្រូវប្រកាន់ខ្ជាប់ គឺ​ព្យាយាម​ការពារ​ខ្លួន កុំ​ឲ្យ​កើតមាន​ជំងឺឆ្លង ឬ​បើឆ្លងហើយ ត្រូវ​ប្រើប្រាស់ថ្នាំផ្សះ​ឲ្យត្រឹមត្រូវតាមក្បួនខ្នាត​ជៀសវាង កុំ​ឲ្យមាន​ភាពស៊ាំនឹង​ថ្នាំផ្សះ​អង់ទីប៊ីយូទិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ