អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-វិបត្តិ​មនុស្សធម៌

ជំនួយ​មនុស្ស​ធម៌​ជា​ប្រធាន​បទ​ស្នូល​នៃ​ជំនួប​ពិភាក្សា​រវាង​ពួក​តា​លី​បង់​និង​បស្ចិម​លោក

កិច្ច​ប្រជុំ​រវាង​បេសកជន​តាលីបង់​និង​មន្ត្រី​លោក​ខាង​លិច​ស្តីពី​វិបត្តិ​មនុស្សធម៌​នៅ​អាហ្វហ្កានីស្ថាន ​ចាប់​បើក​ក្នុង​ថ្ងៃ​អាទិត្យ​ ទី​២៣ មករា​នេះ​នៅក្នុង​ទីក្រុង​អូស្លូ​ប្រទេស​ន័វែស​។ នេះ​ជា​លើក​ដំបូង​​ដែល​ក្រុម​តាលីបង់​​ជួប​ពិភាក្សា​គ្នា​ជា​ផ្លូវ​ការ​ជាមួយ​អ្នក​ការទូត​បស្ចិម​លោក​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​ពួកគេ​បាន​ដណ្តើម​គ្រប់គ្រង​អំណាច​នៅ​អាហ្វហ្កានីស្ថាន​មក​។

យោងតាមអង្គការសហប្រជាជាតិ ភាពអត់ឃ្លានបានគំរាមកំហែងប្រជាជនអាហ្វហ្កានីស្ថានចំនួន ២៣លាននាក់ ឬស្មើនឹង៥៥%នៃចំនួនប្រជាជនសរុប។
យោងតាមអង្គការសហប្រជាជាតិ ភាពអត់ឃ្លានបានគំរាមកំហែងប្រជាជនអាហ្វហ្កានីស្ថានចំនួន ២៣លាននាក់ ឬស្មើនឹង៥៥%នៃចំនួនប្រជាជនសរុប។ Wakil KOHSAR AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​អឺរ៉ុប ​ចាប់​តាំង​ពី​បាន​វិលទៅ​កាន់​អំណាច​នៅអាហ្វហ្កានីស្ថាននា​ខែ​សីហា ឆ្នាំ២០២១ បេសកជន​តាលីបង់​នឹង​ជួប​ជាមួយ​មន្ត្រី​ន័រវេស​ តំណាង​សហរដ្ឋអាមេរិក​ បារាំង​ អង់គ្លេស​ អាល្លឺម៉ង់​ អ៊ីតាលី​ និង​សហភាព​អឺរ៉ុប​។

កិច្ច​ពិភាក្សា​រយៈពេល៣ ថ្ងៃ​ ចាប់​បើក​ពី​ថ្ងៃអាទិត្យនេះ​ដោយ​ផ្តោតជាចំបង​លើ​ជំនួយ​មនុស្ស​ធម៌​សម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន​ និង​សំណុំរឿង​សិទ្ធិមនុស្ស​។ គេ​រំពឹងដែរថា​ពួកតាលីបង់​នឹង​ជួប​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​អាហ្វហ្កានីស្ថាន​រួមទាំង​មេដឹកនាំស្ត្រី​ និង​អ្នកកាសែតផងដែរ​។

នៅមុន​កិច្ច​ប្រជុំមួយថ្ងៃ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​តាលពីបង់​លោក Zabihullah Mujahid បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា​របប​តាលីបង់​បាន​ចាត់​វិធានការ​នានា​ដើម្បី​បំពេញ​តាម​ការ​ទាមទារ​របស់​បស្ចិមលោក​ និង​សង្ឃឹមថា​អាច​ពង្រឹង​ទំនាក់​ទំនង​របស់ខ្លួន​តាម​រយៈ​ការទូត​ជាមួយ​ប្រទេស​ទាំងអស់​ រួមទាំង​​ប្រទេសលោកខាងលិច​ផង​។ ថ្នាក់ដឹកនាំ​តាលីបង់​ចង់​ផ្លាស់ប្តូរ​បរិយាកាស​សង្គ្រាម​នៅ​អាហ្វាហ្កនីស្ថាន​ទៅជា​ស្ថានភាព​សន្តិភាព​វិញ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​របប​តាលីបង់ដដែល​។

គួរជ្រាបថា​មកទល់នឹងសព្វថ្ងៃនេះ​ នៅមិនទាន់មាន​ប្រទេសណា​មួយ​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់​ជាផ្លូវការទេ​ ហើយ​រដ្ឋមន្ត្រី​ការបរទេសន័រវែស​អ្នកស្រី Anniken Huitfeldt បាន​គូស​បញ្ជាក់​ជា​​មុនរួចហើយដែរ​ថា​កិច្ចពិភាក្សារវាង​បេសកជនតាលីបង់​ និង​មន្ត្រី​ប្រទេស​លោកខាងលិច​នៅទីក្រុង​អូស្លូ​ មិន​តំណាង​ឲ្យ​ភាព​ស្របច្បាប់​ឬការ​ទទួល​ស្គាល់​របប​តាលីបង់​ឡើយ​។ ក៏ប៉ុន្តែ​បស្ចិមលោក​ត្រូវតែ​បើក​កិច្ច​ពិភាក្សាជាមួយ​ក្រុម​តាលីបង់ដើម្បី​រារាំង​កុំឲ្យ​គ្រោះ​មហន្តរាយ​មនុស្សធម៌​នៅប្រទេសអាហ្វហ្កានីស្ថាន​កាន់​តែ​អាក្រក់ខ្លាំង​។

យោង​តាម​អង្គការ​សហប្រជាជាតិ​ ភាព​អត់ឃ្លាន​បាន​គំរាមកំហែង​ប្រជាជន​អាហ្វហ្កានីស្ថាន​ចំនួន​ ២៣លាន​នាក់​ ឬស្មើនឹង ៥៥%នៃចំនួនប្រជាជន​សរុប​។ អង្គការសហប្រជាជាតិ​ថា​ខ្លួន​ត្រូវ​ការ​ថវិកា​ប្រមាណ ៤,៤ពាន់លានដុល្លារពីប្រទេសម្ចាស់ជំនួយនៅឆ្នាំនេះ ដើម្បី​ដោះស្រាយ​វិបត្តិមនុស្សធម៌​នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ