អានតួអត្ថបទ
ថាមពល-អឺរ៉ុប-បរិស្ថាន-នុយក្លេអ៊ែរ

អូទ្រីស​ប្រកាស​ដាក់​ពាក្យ​ប្តឹង ក្រោយ​​អឺរ៉ុប​សម្រេច​ប្រគល់ « ឡាប៊ែល​បៃតង » ឲ្យ​​ថាមពល​​នុយក្លេអ៊ែរ

នៅព្រឹកថ្ងៃពុធទី២កុម្ភៈ គណកម្មការអឺរ៉ុប បានអនុម័តបញ្ជីថ្មីនៃថាមពលអគ្គីសនី ភ្ជាប់ដោយ​​ « ឡាប៊ែលបៃតង »។ នៅក្នុង​បញ្ជីថ្មីនេះ គឺ​ ថាមពលអគ្គិសនីបានមកពី​នុយក្លេអ៊ែរ និង​ថាមពលអគ្គិសនីបានមកពីចំហេះឧស្ម័នហ្កាស ត្រូវបាន​គេរាប់បញ្ចូលដែរ ថាមានឡាប៊ែលបៃតង។ ជាការសម្រេច ដែលបង្កឲ្យ​មានការតវ៉ាពីសំណាក់អង្គការបរិស្ថាន និង​ប្រទេសអឺរ៉ុបមួយ ចំនួន ដែលចាត់ទុកថា ថាមពលអគ្គិសនីនុយក្លេអ៊ែរ គឺមិនមែនជាថាមពលដែលស្អាតស្អំទេ។ រដ្ឋាភិបាល​ប្រទេសអូទ្រីសបានប្រកាសថា នឹងប្តឹងទៅកាន់តុលាការ​យុត្តិធម៌អឺរ៉ុប ឲ្យ​លុបចោលសេចក្តី​សម្រេច​នេះ​។

ស្ថានីយ៍​រនុយក្លេអ៊ែរ ផលិតថាមពលអគ្គិសនីមួយកន្លែង ស្ថិតនៅឃុំ Gundremmingen តំបន់ Bavaria ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ៣១ ធ្នូ ២០២១
ស្ថានីយ៍​រនុយក្លេអ៊ែរ ផលិតថាមពលអគ្គិសនីមួយកន្លែង ស្ថិតនៅឃុំ Gundremmingen តំបន់ Bavaria ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ៣១ ធ្នូ ២០២១ AP - Stefan Puchner
ផ្សាយពាណិជ្ជកម្ម

តើថាមពលអគ្គិសនីដែលបាន​មកពីរោងចក្រនុយក្លេអ៊ែរ អាចត្រូវបានចាត់ទុកថាជាថាមពលស្អាតស្អំ ដែរឬទេ? នេះជាចំណោទដែលកំពុង​ពុះចែក​ មតិយល់ឃើញនៅអឺរ៉ុប។

ថ្ងៃពុធទី២កុម្ភៈ គណកម្មការអឺរ៉ុបបាន​សម្រេចថា អំណេះតទៅ ថាមពលអគ្គិសនីនុយក្លេអ៊ែរ និង​ថាមពលអគ្គិសនីបានមកពីចំហេះឧស្ម័នហ្កាស ក៏អាចទទួលបានឡាប៊ែលបៃតងដែរ។ កម្ម​វត្ថុនៃសេចក្តីសម្រេចនេះ គឺដើម្បី​ជំរុញការប្រមូល​ហ៊ុនវិនិយោគឯកជន លើ​ប្រភពថាមពលទាំងនេះ ព្រោះគណកម្មការអឺរ៉ុបយល់ថាថាមពល​ប្រភេទនេះ មិនបញ្ចេញឧស្ម័នពុលទៅក្នុង​បរិយាកាស ហើយអឺរ៉ុប​មានកម្មវត្ថុសម្រេច​ឲ្យ​បានអព្យាក្រិត្យភាព​កាបូន នៅឆ្នាំ​២០៥០។

គណកម្ម​ការអឺរ៉ុប បាន​លើក​ហេតុផលថា ជាការពិត ថាមពលអគ្គិសនីបានមកពីកង្ហារខ្យល់ និង​ពី​ផ្ទាំងសូឡាជាដើម គឺជាប្រភេទថាមពលស្អាតស្អំមែនហើយ។ ក៏ប៉ុន្តែប្រភពថាមពលទាំងនេះ វាមិនគ្រប់គ្រាន់​សម្រាប់តម្រូវការប្រើប្រាស់ទេ ហើយ​ណាមួយទៀត គឺវាទំហំាថមពលអគ្គិសនីដែលអាចប្រមូល​បាន គឺវា​ប្រែប្រួលទាបខ្ពស់ខ្លាំង ទៅតាមអាកាសធាតុ។

តែយ៉ាងណា ការសម្រេច​របស់​គណកម្មការអឺរ៉ុប ដោយ​មានការជំរុញ ពី​បារាំង ព្រមទាំងប្រទេស​អឺរ៉ុបខាងកើតខ្លះផងនេះ បានធ្វើ​ឲ្យ​មានការតវ៉ាជាខ្លាំង។ ក្រៅពីអង្គការការពារបរិស្ថានជាច្រើន ដែល​បានចេញមុខតវ៉ា ប្រទេសអូទ្រីស បានអះអាងភ្លាមថា នឹងដាក់ពាក្យ​ប្តឹងទៅកាន់​តុលាការយុត្តិធម៌អឺរ៉ុប។ លោក Karl Nehammer ប្រមុខរដ្ឋាភិបាលអូទ្រីស បានសរសេរលើទំព័រ Twitter ថាលោក​មិនអាចយល់បានទាល់តែសោះ ថាមានមូលហេតុអ្វីបានជាគណកម្មការអឺរ៉ុប យល់ឃើញថា ថាមពលនុយក្លេអ៊ែរ គឺជាថាមពលបៃតង និងជាថាមពល​ប្រកបដោយ​ចីរភាពនោះ។

លោកស្រី Leonore Gewessler រដ្ឋមន្ត្រីក្រសួងបរិស្ថានអូទ្រីស បានអះអាងថា ប្រទេសលុចហ្សំបួរ អាចនឹងចូលរួមជាមួយអូទ្រីសដើម្បីដាក់ពាក្យ​ប្តឹង ឲ្យ​លុបចោល​ការសម្រេចដែលគ្មានហេតុផលនេះ។ លោកស្រីធ្លាប់​បានលើកឡើងថា ថាមពល​នុយក្លេអ៊ែរ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ មកលើបរិស្ថានធម្មជាតិ​។​ ក្រៅ​ពីករណីអាចផ្ទុះ​ គ្រោះថ្នាក់​ជាយថាហេតុ ដូចក្នុងករណី​នៅ​ Fukushima ប្រទេសជប៉ុនឆ្នាំ​២០១១ កាកសំណល់នុយក្លេអ៊ែរ គឺជាចំណោទបញ្ហាដ៏ធំបំផុត។ លោកស្រីរដ្ឋមន្ត្រីអូទ្រីសរូបនេះ សង្កត់ធ្ងន់ថា យើងមិនអាច​បញ្ជូន​កាកសំណល់ក៏គ្រោះថ្នាក់នេះ ទុកឲ្យ​កូនចៅជំនាន់ក្រោយបានទេ។ សម្រាប់​លោកស្រី ថាមពលនុយក្លេអ៊ែរ ជាថាមពលដែលហួសសម័យ និងមានតម្លៃថ្លៃ មិនអាចមកចូលរួម​កាត់​បន្ថយ​ការកើនឡើងកំដៅផែនដីបានឡើយ។

គួររំលឹកថា អូទ្រីសដែល​មានប្រជាជនប្រមាណ​៩លាននាក់ គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលបាន​​ហាមឃាត់​ការ​ផលិតថាមពលអគ្គិសនី បានមកពី​​នុយក្លេអ៊ែរ នៅឆ្នាំ​១៩៧៨។ ក្រោយ​មកគោលការណ៍នេះ ត្រូវបាន​កំណត់មានតម្លៃជាគោលការណ៍រដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៩៩។ អូទ្រីសបច្ចុប្បន្ន ប្រើប្រាស់ថាមពលអគ្គិសនីដែលមានប្រភពស្អាតស្អំ ដល់ទៅ​៧៥% ដោយ​ក្នុងនោះមួយភាគធំគឺបានមកពី ទំនប់វារីអគ្គិសនី​។​ តែយ៉ាងណា អូទ្រីសក៏បានទិញបន្ថែមចរន្តអគ្គិសនីពីប្រទេសផ្សេងដែរ បើទោះបីជាបានមកពីនុយក្លេអ៊ែរក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ